ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ៖ «តោះ! ត្រឡប់ទៅផ្ទះយើងវិញ» របស់លោកស្រី ស៊ូជី បរាជ័យ លោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា ជួបជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៩ មេសា ២០១៩
× ភ្នំពេញ៖ «តោះ! ត្រឡប់ទៅផ្ទះយើងវិញ» ។ នេះជាគឺសម្តីរបស់លោក អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសមីយ៉ាន់ម៉ា ដែលថ្លែងនៅចំពោះមុខពលករក្នុងប្រទេសថៃ កាលពីឆ្នាំ២០១៦ ក្នុងគោលបំណងចង់នាំយកពលករមីយ៉ាន់ម៉ា ទៅធ្វើការនៅស្រុកកំណើតវិញ។ ប៉ុន្តែគោលបំណងរបស់លោកស្រី ស៊ូជី នេះ ត្រូវបានបរាជ័យ។ នេះជាការអះអាងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្ដេច ហ៊ុន សែន ដែលធ្លាប់សួរលោកស្រី ស៊ូជី ពីគោលបំណងនាំពលករទៅស្រុកកំណើតវិញនេះ បានអះអាងថា មីយ៉ាន់ម៉ា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ឱ្យពលករខ្លួន ទៅធ្វើការងារនៅក្នុងស្រុកកំណើតឡើយ។ មូលហេតុដែលមីយ៉ាន់ម៉ា មិនអាចនាំពលករទៅធ្វើការនៅប្រទេសខ្លួនវិញ ត្រូវបានសម្ដេច ហ៊ុន សែន មើលឃើញហេតុផលពីរយ៉ាង គឺទី១ មីយ៉ាន់ម៉ាមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងលទ្ធភាពដោះស្រាយបញ្ហាការងារ សម្រាប់ទទួលយកពលករជាង២លាននាក់ពីក្រៅប្រទេស និងចុងក្រោយ គឺតម្លៃពលកម្មនៅមីយ៉ានម៉ាមានកម្រិតទាប ដែលពិបាកក្នុងការទាញយកពលករទៅធ្វើការក្នុងស្រុក។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានស្រង់សម្តីលោកស្រី ស៊ូជី ពាក់ព័ន្ធរឿងពលករក្នុងជំនួបពិភាក្សាការងារ នៅគ្រាដែលទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ារូបនេះ មកទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីចុងខែមេសាកន្លងមកយ៉ាងដូច្នេះថា៖«ខ្ញុំបានសួរលោកជំទាវ អ៊ុងសាន ស៊ូជី ថា បាន(យកពលករ)ត្រឡប់ទៅវិញប៉ុន្មានហើយ? (លោកស្រី ស៊ូជី) ថា អត់! ព្រោះដោយសារតែនៅក្នុងស្រុក តម្លៃពលកម្មរបស់មីយ៉ាន់ម៉ាថោកជាងកម្ពុជា(ទៅទៀត) ដូច្នេះគេ(ពលករមីយ៉ាន់ម៉ា) នៅប្រទេសថៃ គេអាចរកបានប្រមាណជា៣០០ដុល្លារ គេមិនអាចទៅស៊ី១០០ដុល្លារ(នៅមីយ៉ាន់ម៉ា)នោះទេ»។
សូមស្ដាប់សំឡេងប្រមុខរដ្ឋាភិបាល៖
ថ្លែងក្នុងកិច្ចប្រជុំក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» នៅខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នេះ សម្តេចបានសង្កត់ធ្ងន់ថា ពាក្យ«តោះ! ត្រឡប់ទៅផ្ទះយើងវិញ» របស់លោកស្រី ស៊ូជី ក៏ជាមូលហេតុដែលធ្វើឱ្យអ្នកប្រឆាំងនៅកម្ពុជា យកមករិះគន់លើរដ្ឋាភិបាលកម្ពុជាផងដែរ។
«ខ្ញុំបានសួរលោកជំទាវ អ៊ុងសាន ស៊ូជី ដោយត្រង់ៗ ព្រោះនៅពេលដែលគាត់និយាយ(តោះ! ត្រឡប់ទៅផ្ទះយើងវិញ) អ៊ីចឹង នៅខាងក្នុង(ប្រទេសកម្ពុជា)នេះ គេនាំគ្នាជេរខ្ញុំ។ ដល់ឥឡូវលើស្ថានការណ៍ជាក់ស្ដែងខាងមីយ៉ាន់ម៉ាថា ត្រឡប់ទៅផ្ទះវិញ អត់បានទៅផ្ទះវិញណា មានតែមក(ថៃ)ថែម។ អ៊ីចឹងទេ បានជារឿង(ពលករ)ហ្នឹង ត្រូវប្រាកដនិយម»។ នេះជាការលើកឡើរបស់មេដឹកនាំកម្ពុជា ដែលបានបន្ថែមថា ការរៀបចំការងារសម្រាប់ពលរដ្ឋក្នុងស្រុក និងពលករចំណាកស្រុក វាមិនមែនជារឿងងាយស្រួលដូច«បកចេក»នោះទេ។
ត្រង់ចំណុចនេះលោកនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ការបញ្ជូនពលករឲ្យបម្រើការនៅក្រៅប្រទេសជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល និងបណ្តាប្រទេសដៃគូទាំងអស់ ពោលគឺមិនមែនជាការបញ្ជូនឲ្យទៅធ្វើ«ខ្ញុំគេ» ដូចជាការចោទប្រកាន់មួយចំនួននោះឡើយ។ បើតាមសម្ដេច ហ៊ុន សែន រដ្ឋាភិបាល ក៏កំពុងបន្តពិភាក្សាជាមួយប្រទេសដៃគូទាំងអស់ ដើម្បីផ្តល់ភាពស្របច្បាប់សម្រាប់ពលករទៀត៕
Tag:
ហ៊ុន សែន
អ៊ុង សានស៊ូជី
ពលករ
មីយ៉ានម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com