ជាតិ
សង្គមជាតិ
ក្រសួង​ប្រាប់​ឲ្យ​ពលរដ្ឋ​ឈប់​ផឹកស្រា ដែល​គ្មាន​ប្រភព និង​ការត្រួតពិនិត្យ​ច្បាស់លាស់
18, Sep 2019 , 10:39 pm        
រូបភាព
​ក្រសួងសុខាភិបាល ប្រាប់​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​លើ​ការ​ពិសា​ស្រាស និង​ស្រាថ្នាំ ក្រោយ​រកឃើញថា ស្រា​ទាំងនោះ មាន​ជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ថ្ងៃទី​១៦​កញ្ញា ឆ្នាំ​២០១៩​។



​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុងការ​បរិភោគ​ចំណីអាហារ និង​ការ​ពិសា​ស្រា នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​។ ពាក់ព័ន្ធ​នឹង​ការពុល​ស្រា ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ស្រាស​ឬ​ស្រាថ្នាំ ដែល​ពលរដ្ឋ​ពិសា​ក្នុង​តំបន់​ដែល​កើតហេតុ​កន្លងមក មាន​សារជាតិ​មេ​តា​ណុល​កម្រិត​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ពុល​។ ដូច្នេះ​ប្រជាពលរដ្ឋ បញ្ឈប់​ជាបន្ទាន់​នូវ​ការបរិភោគ ស្រាស ដែល​ទិញ​ពី​ប្រភព​មិន​ច្បាស់លាស់ និង​ផលិត​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង បាន​បញ្ជាក់ថា​៖ «​ការពុល​ចំណីអាហារ មាន​រោគសញ្ញា ឈឺក្បាល ក្អួត ចង្អោរ រាក រាក​មួល ដែល​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​។ ចំណែក​ការពុល​ស្រា​មាន​រោគសញ្ញា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ ងងឹតភ្នែក សន្លប់ ប្រកាច់ និង​អាច​វិ​វត្ត​ទៅ​ស្លាប់​បាន​»​។​

​ដើម្បី​ចៀស​ផុតពី​ការពុល​ចំណីអាហារ​និង​ស្រា​នេះ ពលរដ្ឋ​ត្រូវអនុវត្ត​វិធានការ​បង្ការ​មួយចំនួន រួមមាន​៖ ត្រូវ​ប្រើប្រាស់​ទឹកស្អាត ម្ហូបអាហារ​ស្អាត លាងដៃ​នឹង​សាប៊ូ​មុនពេល​បរិភោគ​និង​ក្រោយ​បន្ទោ​របង់​, ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អជា​ពិសេស​សាច់ ,​រក្សាទុក​ម្ហូបអាហារ​ឆៅ​និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា​, កុំ​រក្សាទុក​អាហារ​លើសពី​២​ម៉ោង​ក្នុង​កំដៅ​ធម្មតា និង​កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​ប្រាស់​។ ដោយឡែក​មនុស្សពេញវ័យ​ទាំងអស់​ពិសា​គ្រឿង​ស្រវឹង​ក្នុង​ក​ម្រិ​តិចតួច និង​ហាម​ពិសា​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ​ឬ​បញ្ជា​គ្រឿង​ម៉ាស៊ីន​។ ប្រសិន​មាន​រោគសញ្ញា​ពុល​ស្រា ពលរដ្ឋ​ត្រូវ​ស្វែងរក​ដំបូន្មាន​នៅ​មណ្ឌល​ស​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​។ នេះ​ជាការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​៕

Tag:
 ស្រាស​
  ស្រាថ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com