ហេតុអ្វី​បាន​ជាមាន​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី​?
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហេតុអ្វី​បាន​ជាមាន​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី​?
28, Sep 2019 , 2:59 pm        
រូបភាព
​ប្រទេស​ស៊ី​រី បានទទួល​រង​នូវ​ការ​ហែកហួរ​យ៉ាងខ្លាំង​ដោយសារ​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស ជាពិសេស​ការចូលរួម​ពី ក្រុម​ឧទ្ទាម ក្រុម​ភេរវកម្ម និង​មហាអំណាច​ធំៗ ដូចជា​រុស្ស៊ី និង​អាមេរិក​ជាដើម បានធ្វើ​ឲ្យ​សង្គ្រាម​មួយ​នេះ​កាន់តែ​ស្មុគស្មាញ​។ ដោយ​កើតចេញពី​ការតវ៉ា​អហិង្សា​ក្នុង​ឆ្នាំ ២០១១ សង្គ្រាម​មួយ​នេះ​បាន​រីកធំឡើង ហើយ​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ច្រើនជាង ៤៧​ម៉ឺន​នាក់ រួមទាំង​អ្នករងរបួស​ច្រើនជាង ១​លាន​នាក់ និង​ប្រជាជន​ជាច្រើន​លាន​នាក់​ទៀត​បាន​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​។

 
​បើទោះបី​ជាមាន​កត្តា​ជាច្រើន បង្ក​ឲ្យ​កើតមាន​សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី​ក៏ដោយ ប៉ុន្តែ​មាន​ព្រឹត្តិការណ៍​មួយ ដែល​ត្រូវបានគេទទួលស្គាល់​ថា ជា​ចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​ឲ្យ​កកើត​នៃ​សង្គ្រាម​នេះ​ឡើង​។ ព្រឹត្តិការណ៍​នោះ ត្រូវបានគេទទួលស្គាល់​ថា Arab Spring​។ ជាការ​ពិត Arab Spring មាន​ឬ​សគល់​ចេញពី​ការតវ៉ា​របស់​ប្រជាជន​អេ​ហ្ស៊ី​ប និង​ទុយ​នី​ស៊ី លើ​បញ្ហា​សេដ្ឋកិច្ច និង​នយោបាយ​ក្នុង​ឆ្នាំ ២០១១​។ ភាពជោគជ័យ​នៃ​ចលនា​បដិវត្ត​នៅក្នុង​បណ្តាល​ប្រទេស​ទាំងនេះ ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា Arab Spring ជា​ផ្លូវការ​។ 
 
​ពិតណាស់ថា ព្រឹត្តិការណ៍​ខាងលើនេះ​គឺជា​កត្តា​ជំរុញ​ឲ្យ​ប្រជាជន ក៏ដូចជា​សកម្មជន​គ្រាំទ្រ​លិទ្ធ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ស៊ី​រី មានចិត្ត​ចង់​ធ្វើ​បដិវត្ត​ប្រឆាំងនឹង​រដ្ឋាភិបាល​។ ជាក់ស្តែង​នៅក្នុង​ខែមីនា ឆ្នាំ​២០១១ សិស្សសាលា ១៥​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ធ្វើ​ទណ្ឌកម្ម បន្ទាប់ពី​គូរគំនូរ​លើ​ជញ្ជាំង​ទាក់ទង​នឹង​Arab Sping​។ ការធ្វើ​ទណ្ឌកម្ម​សិស្សសាលា​ទាំង​១៥​នោះ បាន​បង្ក​ឲ្យ​ក្មេងប្រុស​ម្នាក់​ស្លាប់ ហើយ​វា​បាន​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង និង​ការតវ៉ា​របស់​ប្រជាជន​នៅក្នុង​ប្រទេស​។ ការតវ៉ា​ធ្វើឡើង ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​សិស្សសាលា ដែល​នៅសល់ និង​រួម​ប​ញ្ជូ​ល​ទាំង​សិទ្ធ​សេរីភាព​របស់​ប្រជាជន​ទាំងអស់​នៅក្នុង​ប្រទេស​។ 
 
​ជាការ​ឆ្លើយតប រដ្ឋាភិបាល​ស៊ី​រី បា​សា អាល់​អាសាដ បាន​ចាប់ខ្លួន និង​សម្លាប់​អ្នក​តវ៉ា​ជាច្រើន​នាក់​។ ការណ៍​នេះ បាន​ជំរុញ​ឲ្យ​ប្រជាជន​កាន់តែ​ផ្ទុះ​កំហឹង​ថែមទៀត ហើយ​ទាមទារ​ឲ្យ​ប្រធានាធិបតី​អាសាដ​លាលែង​ចេញពី​តំណែង​។ ប៉ុន្តែ​ប្រធានាធិបតី​ស៊ី​រី បាន​ច្រានចោល​លើ​សំណើរ​នោះ ដែល​បង្ក​ឲ្យ​សង្គ្រាម​ផ្ទុះឡើង​រវាង​អ្នកគាំទ្រ និង​អ្នកប្រឆាំង​អាសាដ​។ 
 
​ភាពចម្រូងចម្រាស់​កាន់​តែមាន​ការវិវត្ត អាមេរិក​ចាប់ផ្តើម​ចូលទៅ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ដ៏​ក្តៅគគុក​មួយ​នេះ​។ នៅក្នុង​សន្ទរកថា​ឆ្នាំ ២០១១ អតីត​ប្រធានាធិបតី ប៉ា​រ៉ា​ក់ អូ​ប៉ា​ម៉ា បាន​ថ្លែងថា រដ្ឋាភិបាល​ស៊ី​រី​ត្រូវតែ​បញ្ឈប់​ការបាញ់រះ​ទៅលើ​ហ្វូង​បាតុករ ហើយ​ត្រូវតែ​ដោះលែង​អ្នកទោសនយោបាយ និង​បញ្ឈប់​ការចាប់ខ្លួន​ដោយ​អយុត្តិធម៌​។ បន្ថែម​ពីលើ​នេះ​ទៅទៀត រដ្ឋាភិបាល អាសាដ ត្រូវតែ​អនុញ្ញាត​ឲ្យ​មាន​អ្នកឃ្លាំង​មើល​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស និង ចាប់ផ្តើម​កិច្ចចរចា​ជាមួយ​ក្រុមបាតុករ​។ បើ​មិន​ដូច្នោះ​ទេ រដ្ឋាភិបាល​ស៊ី​រីនឹង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ឯកោ​ពី​ពិភពលោក​។​
 
​មែនទែនទៅ បាតុកម្ម​របស់​ប្រជាជន​មិនមែន​បង្កឡើង​ដោយសារតែ​បញ្ហា​ការចាប់​សិស្សសាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​បញ្ហា​មួយចំនួន​ដូចជា អសមត្ថភាព​របស់រ​ដ្ឋា​ភិ​បាល ប្រជាជន​ខ្វះ​សេរីភាព​គ្រប់គ្រាន់ លក្ខខណ្ឌ​នៃ​ការរស់នៅ​ក្នុងប្រទេស ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិន​ពេញចិត្ត​រដ្ឋាភិបាល​។ បញ្ហា​មួយទៀត​គឺ​ជម្លោះសាសនា​របស់​ប្រជាជន និង​រដ្ឋាភិបាល​។ បានន័យថា​ប្រជាជន​ស៊ី​រី​មួយចំនួន​គោរព​សាសនា​ឥស្លាម និកាយ​ស៊ុន​នី (Sunni) ខណៈពេល​សមាជិក​រដ្ឋា​ភិ​បាល​មួយចំនួន​ប្រកាន់យក​និកាយ Shia ។ ជាពិសេស បញ្ហា​សេដ្ឋកិច្ច អត្រា​ឥត​ការងារ​ធ្វើ​ខ្ពស់ អំពើពុករលួយ គ្រោះរាំងស្ងួត ក៏​ជា​បញ្ហា​ចម្បង​ផងដែរ​នៅក្នុង​ប្រទេស​។ ដោយ​ក្លាយជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០០០ បន្ទាប់ពី​មរណៈភាព​ឪពុក ក្រុម​សិទ្ធិមនុស្ស​មនុស្ស​បី​-​បួន​ក្រុម​បាន​ចោទ​អាសាដ​ថា បានសម្លាប់ និង​ធ្វើ​ទណ្ឌកម្ម​អ្នក​ពួក​អ្នកប្រឆាំង​នយោបាយ​របស់គាត់​។​
 
​រឿងចម្រូងចម្រាស់​នៅក្នុង​ប្រទេស​ស៊ី​រី មិនមែន​ត្រឹមតែ​ជា​សង្គ្រាម​រវាង​រដ្ឋាភិបាល និង​ប្រជាជន​ឡើយ ប៉ុន្តែ​មានការ​ពាក់ព័ន្ធ​ទៅនឹង​ប្រទេស និង​ក្រុមមនុស្ស​មួយចំនួនទៀត​។ ជាក់ស្តែង រុស្ស៊ី អ៊ីរ៉ង់ ក្រុម​Hezbollah គឺជា​អ្នកគាំទ្រ​រដ្ឋាភិបាល​ស៊ី​រី ចំណែក​អាមេរិក អា​រ៉ា​ប៊ី​សា​អូឌីត Qatar តួ​ក​គី និង​ប្រទេស​អ៊ឺរ៉ុប​មួយចំនួន​គាំទ្រ​ក្រុម​បះបោរ​នៅក្នុង​ប្រទេស​។ បន្ថែម​ពីលើ​នេះ​ទៅទៀត មាន​ភាគី​ម្ខាង​ទៀត គឺ​ក្រុម​ភេ​វក​ម្ម ដូចជា ISIS និង​Al-Qaeda ក៏​ចូលរួម​ក្នុង​ភាពវឹកវរ​នេះដែរ​។​
 
​ក្នុងន័យនេះ វា​គឺជា​សង្គ្រាម​មួយ ដែល​ស្មុគស្មាញ ព្រោះ​ដោយសារ ភាគី​រដ្ឋាភិបាល និង​ក្រុម​បះបោរ បានរួម​ខ្លួន​ប្រយុទ្ធ​ជាមួយ​ក្រុម​ភេ​វក​ម្ម ខណៈពេល​ក្រុម​ទាំងពីរ​ក៏​វៃ​គ្នា​ទៅវិញទៅមក​ដែរ​។ សង្គ្រាម​កាន់តែ​ស្មុគស្មាញ​ជាងនេះទៀត នៅពេល​អាមេរិក ដឹកនាំ​យុទ្ធនាការ​អន្តរជាតិ​ប្រឆាំងនឹង​ក្រុម​ភេ​វ​កម្ម​នៅក្នុង​ប្រទេស​ស៊ី​រី​តាំងពី​ឆ្នាំ​ពី​២០១៤ កន្លងមក​។ ជាពិសេស​ចាប់ពី​ខែមេសា ឆ្នាំ​២០១៧ និង​២០១៨​មក អាមេរិក​បានចាប់ផ្តើម​វាយប្រហារ​ទីតាំង​អាវុធ​គីមី​របស់​ស៊ី​រី​។​
 
​ដោយសារតែ​សង្គ្រាម​មួយ​នេះ ក្រុម​អ្នកជំនាញ​បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​ស៊ី​រី​ជាង ១៣​លាន​នាក់​ត្រូវ​ការជំនួស​មនុស្សធម៌​ដូចជា​ថ្នាំពេទ្យ និង​អាហារ ហើយ​ប្រជាជន​ជិត​៣ លាន​នាក់​កំពុង​រស់នៅក្នុង​ស្ថានភាព​លំបាក​។ បន្ថែម​ពីលើ​នេះ ប្រជាជន​ស៊ី​រី​ច្រើនជាង ៥,៦ លាន​នាក់​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ផ្សេង ចំណែក​ប្រជាជន ៦,១​លាន​អ្នក​ត្រូវគេ​បង្ខំ​ឲ្យ​ចាក​ចេញពី​ប្រទេស​៕
 
 
 

Tag:
 ស៊ីរី
© រក្សាសិទ្ធិដោយ thmeythmey.com