ជាតិ
EU បញ្ចប់​យុទ្ធនាការ​សប្ដាហ៍​បៃតង ដោយ​ស្នើ​ឲ្យ​ពលរដ្ឋ​និយាយថា​«​ទេ​»​ចំពោះ​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​មួយដង​
07, Oct 2019 , 4:12 pm        
រូបភាព
តំណាងសហភាពអឺរ៉ុប,មន្ត្រីរដ្ឋាភិបាល,កម្មជនបរិស្ថាន និងពលរដ្ឋថតរូបជុំគ្នានៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៩។
តំណាងសហភាពអឺរ៉ុប,មន្ត្រីរដ្ឋាភិបាល,កម្មជនបរិស្ថាន និងពលរដ្ឋថតរូបជុំគ្នានៅក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៩។
​ភ្នំពេញ​៖ យុទ្ធនាការ​សប្ដាហ៍​បៃតង របស់​សហភាព​អឺរ៉ុប ត្រូវបាន​បិទ​បញ្ចប់​ហើយ កាលពី​ថ្ងៃទី​៦​តុលា ការសម្អាត​ទីសាធារណៈ​។ នៅក្នុង​ឱកាស​នេះ ទាំង​សហភាព​អឺរ៉ុប និង​ភាគី​រាជរដ្ឋាភិបាល សុទ្ធតែ​ទទួលស្គាល់ថា កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សំរាម ពិសេស​សំណល់​ប្លា​ស្ទិ​ក​។ ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​បរិស្ថាន និង​ការបំពុល​ដោយ​សំណល់​ថង់​ប្លា​ស្ទិ​ក សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បានស្នើ​ឲ្យ​ពលរដ្ឋ​និយាយថា​«​ទេ​»​ចំពោះ​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​មួយដង និង​ងាក​ទៅប្រើ​ប្រាស់​កន្ត្រក ប្រើ​ថង់​ប្លា​ស្ទិ​ក​រួម និង​ការលាង​សំអាត​ថង់​ប្លា​ស្ទិ​ក​នោះ សម្រាប់​ប្រើប្រាស់​ឡើងវិញ​។​



​សហភាប​អឺរ៉ុប បានបញ្ចប់​យុទ្ធនាការ​សប្ដាហ៍​បៃតង កាលពី​ថ្ងៃទី​៦ ខែតុលា ដោយ​ការសម្អាត​ទីសាធារណៈ តាម​បណ្ដោយ​ទន្លេសាប​។ កម្មវិធី​បិទ​បញ្ចប់​យុទ្ធនាការ​នេះ មានការ​ចូលរួម​ពី​តំណាង​ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ,​អេកូ​យុវ​ទូត សកម្មជន​បរិស្ថាន និង​ពលរដ្ឋ​ប្រមាណ​៣០០​នាក់ ។ ការសំអាត​ទីសាធារណៈ គឺជា​ព្រឹត្តិការណ៍​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​ជាច្រើន ដែល​រៀបចំ​ដោយ សហភាព​អឺរ៉ុប​បាន​ប្រចាំ​កម្ពុជា និង​ក្រុមការងារ​អេកូ​យុវ​ទូត ដើម្បី​អបអរ​សប្តាហ៍​បៃតង​របស់​សហភាព​អឺរ៉ុប ក្នុង​បំណង​ព​ន្លឿ​ន​ការអនុវត្ត​វិធានការ​ទូទាំង​សកលលោក ដើម្បី​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ការបំពុល​បរិស្ថាន និង​សំណល់​ប្លា​ស្ទិ​ក​។​

​ក្នុង​យុទ្ធនាការ​នេះ លោក Franck Viault ភារធារី​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា ការបំពុល​ដោយ​ប្លា​ស្ទិ​ក គឺជា​បញ្ហា​ធំចម្បង ក្នុងចំណោម​បញ្ហា​បរិស្ថាន​ធំៗ​។ បើតាម​លោក Franck ក្នុងចំណោម​ប្លា​ស្ទិ​ក​ដែល​ត្រូវបាន​ប្រើប្រាស់ មាន​ពាក់កណ្ដាល​ជា​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​មួយដង​ប៉ុណ្ណោះ ហើយ​៩០​ភាគរយ នៃ​បា្ល​ស្ទិ​ក​ទាំងនោះ ត្រូវបាន​បោះចោល​ទៅក្នុង​ទន្លេ និង​សមុទ្រ​។​


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កំពុងផ្តល់​បទសម្ភាសដល់អ្នកកាសែត នៅ​ថ្ងៃបិទបញ្ចប់យុទ្ធនាការសប្ដាហ៍បៃតង កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០១៩។​

​សម្រាប់​លោក Franck Viault ការកែច្នៃ តែមួយ​មុខ មិន​គ្រប់គ្រាន់ សម្រាប់​បន្ថយ​សំណល់​ប្លា​ស្ទិ​ក​ឡើយ​។ លោក Franck Viault តំណាង​ឲ្យ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់ និយាយថា «​ទេ​» ចំពោះ​ផលិតផល​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​មួយដង​។​

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ដែលមាន​វត្តមាន​នៅក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​សប្ដាហ៍​បៃតង​នេះដែរ បាន​អះអាងថា ការកើនឡើង​យ៉ាងខ្លាំង​នៃ​សំរាម​ង​ថង់​ប្លា​ស្ទិ​ក គឺជា​ក្តីកង្វល់​របស់​កម្ពុជា​។ អ្នកនាំពាក្យ ក៏​យល់ស្រប​ដែរ​ថា ត្រូវការ​កែច្នៃ​ប្លា​ស្ទិ​ក​ដើម្បី​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក និង​រួមគ្នា​និយាយថា «​ទេ​» ចំពោះ​ផលិតផល​ប្លា​ស្ទិ​ក​ដែល​ប្រើប្រាស់​បានតែ​មួយដង​។  លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា​៖«​មធ្យោបាយ​មាន​ប្រសិទ្ធភាព​បំផុត​មួយ គឺ​ប្រជាពលរដ្ឋ​ត្រូវតែ​ផ្លាស់ប្ដូរ​ឥរិយាបថ ឬ​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក ដោយពេល​ទៅ​ផ្សារ ត្រូវ​ប្រើប្រាស់​កន្ត្រក់ ឬ​ប្រើ​ថង់​ប្លា​ស្ទិ​ក​រួម ហើយ​ពេល​ប្រើ​រួច​ត្រូវ​លាង​សម្អាត​រក្សាទុក​ប្រើប្រាស់​ឡើងវិញ​ជាដើម​»​។​

​បើតាម នេត្រ ភក្ត្រា កម្ពុជា​បង្កើត​សំរាម​ប្រមាណ​១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ក្នុងនោះ​ជាង​២០​ភាគរយ ជា​សំរាម​ថង់​ប្លា​ស្ទិ​ក​។ ដោយឡែក ធានី​ភ្នំពេញ ក្នុង​មួយថ្ងៃ ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កជាង​១០​លាន​ថង់​។ «​កត្តា​ចម្បង​បំផុត ដែល​នាំ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​កើនឡើង គឺ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ ដោយសារ​កំណើនសេដ្ឋកិច្ច និង​ប្រជាពលរដ្ឋ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក នេត្រ ភក្ត្រា​។ 

​នៅ​កម្ពុជា​សហភាព​អឺរ៉ុប បាន​គាំទ្រ​ដល់​សកម្មភាព​ឆ្លើយតប​ចំពោះ ការប្រែប្រួល​អាកាសធាតុ​ជា​យូរ​មកហើយ រួមទាំង​ពេល​ថ្មីៗ​នេះ បាន​សន្យា​ផ្ដល់​ថវិកា​ចំនួន​៦​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​កិច្ច​ខំប្រឹងប្រែង របស់​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​៕


Tag:
 សហភាព​អឺរ៉ុប​
 ​នេត្រ ភក្ត្រា​
 ​សំរាម​
 ​ថង់​ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com