ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​សេរីនិយម​អន្តរជាតិ ប្រកាស​ដាក់​សំណុំរឿង​ពី​ការ​គំរាម​ជីវិត​លោក សម រង្ស៊ី ទៅ ICC
18, Oct 2019 , 3:23 pm        
រូបភាព
លោក សម រង្ស៊ី និងភរិយា ថតជាមួយអ្នកសេរីនិយមអន្តរជាតិនាពេលកន្លងមក (រូបពី Liberal​ International)
លោក សម រង្ស៊ី និងភរិយា ថតជាមួយអ្នកសេរីនិយមអន្តរជាតិនាពេលកន្លងមក (រូបពី Liberal​ International)
ដោយ: ថ្មីៗ
​បណ្តុំ​អ្នកនយោបាយ​មកពី​ប្រទេស​១១ ដែល​តាំងខ្លួន​ជា​អ្នក​សេរីនិយម បានប្រកាសថា ពួកគេ នឹង​រួម​ដៃ​ជាមួយ​មេធាវី​អន្តរជាតិ សរសេរ​សំណុំរឿង​ស្តីពី​ការគំរាមកំហែង​ដល់​អាយុជីវិត​របស់លោក សម រង្ស៊ី ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បញ្ជូនទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)​។ ការប្រកាស​របស់​ពួកគេ គឺធ្វើឡើង​តាមរយៈ​លិខិត​ចំហ​មួយ ដែល​ចេញផ្សាយ​លើ​គេ​ទំព័រ​អ្នក​សេរីនិយម​អន្តរជាតិ (Liberal International) នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៩​។



​អ្នកនយោបាយ​សេរីនិយម​ទាំងនោះ បាន​សរសេរ​ក្នុង​លិខិត​ចំហ ដូច្នេះ​ថា​៖«​ការគំរាមកំហែង​ចាប់ខ្លួន​និង​ការគំរាមកំហែង​លើ​អាយុជីវិត​របស់លោក សម រង្ស៊ី រួមទាំង​អ្នកគាំទ្រ​របស់លោក គឺ​ពិតជា​មិនអាច​ទទួលយក​បានឡើយ ហើយ​វា គ្រាន់តែ​ជាស​ញ្ញា បង្ហាញ​ទៅ​ពិភពលោក​ទាំងមូល​ថា រដ្ឋាភិបាល​កម្ពុជា ខ្លាច​ប្រជាជន​របស់ខ្លួន​ប៉ុណ្ណោះ​។ ការបំភិតបំភ័យ​នេះ គឺ​ប្រៀបដូចជា​ឈើច្រត់​របស់​របប​ផ្តាច់ការ ដែល​ទទួលបាន​ដោយ​គ្មាន​ការគាំទ្រ ហើយ​យើង មិន​ទទួលស្គាល់​ការប្រើប្រាស់​ការបំភិតបំភ័យ​នេះ​ទេ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​»​។

​លោក សុខ ឥសាន សមាជិក​ព្រឹទ្ធសភា​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ចម្លែក​ចិត្ត​ឡើយ​ចំពោះ​មិត្តភក្តិ​បរទេស​របស់លោក សម រង្ស៊ី ដែល​ចង់​ប្តឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​រដ្ឋាភិបាល​កម្ពុជា ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅថ្ងៃទី១៨ ខែតុលា ​ថា ការប្តឹង​រដ្ឋាភិបាល​ក​ម្ពុ​ជា ទៅ​តុលាការអន្តរជាតិ​នេះ គឺ​ធ្លាប់មាន​កន្លងមក​រួច​មកហើយ​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច ចំអក​ដូច្នេះ​ថា​៖«​វា អត់​មាន​ស្អី​ទេ ឲ្យ​ធ្វើ​អី​ធ្វើទៅ ក៏ប៉ុន្តែ មិនអាច​បំពាន​មកលើ​ឯករាជ្យភាព​និង​អធិបតេយ្យភាព​កម្ពុជា​បានជា​ដាច់ខាត​។​....​គេ​សរសេរ [​សំណុំរឿង​] មានអី​ពិបាក គេ នៅ​អង្គុយ​សរសេរ​នៅ​អឺ​រុ​ប​ឯណោះ ឲ្យ​គេ​សរសេរ​ទៅ សរសេរ​ដល់​១​ពាន់​ដង ១​ពាន់​យប់​១​ពាន់​ថ្ងៃ សរសេរ​បាន ក៏​ប៉ុ​ន្ត​ធ្វើ​អី​រដ្ឋាភិបាលកម្ពុជា អត់​បានទេ​»​។

​ចំពោះ​ការ​លើកឡើងថា​រដ្ឋាភិបាល​កម្ពុជា គំរាម​ចាប់ខ្លួន ឬ​រហូត​គំរាម​ដល់​អាយុជីវិត​របស់លោក សម រង្ស៊ី​នោះ លោក សុខ ឥសាន មិន​បដិសេធ​ឡើយ ដោយ​លោក លើក​ហេតុផល​ថា ការវិលត្រឡប់​របស់​លោក សម រង្ស៊ី មិនមែនជា​ការវិលត្រឡប់​ដោយ​សន្តិភាព​នោះទេ ពោលគឺ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល បង្ក​ឲ្យ​មាន​ចលាចល​ក្នុងប្រទេស​។ លោក ថ្លែងថា​៖«​ខ្ញុំ ឯកភាព ពីព្រោះ​សម រង្ស៊ី បើ​មក​កាត់​ព្រំដែន​ថៃ ជាន់មីន​ស្លាប់​ខ្លួនឯង​តើ មាន​អ្នកណា​គំរាមកំហែង​សម្លាប់​គាត់ ហើយ​កុំ​បន្ទោស​គេ​»​។ 

​ក្នុង​លិខិត​ចំហ​ដដែល ក្រុម​អ្នក​សេរីនិយម ក៏បាន​ប្រកាស​គាំទ្រ​ផងដែរ ចំពោះ​ការវិលត្រឡប់​របស់លោក សម រង្ស៊ី មកកាន់​កម្ពុជា​ដោយ​សុវត្ថិភាព នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ លើសពីនេះ ពួកគេ អះអាងថា នឹង​ព្យាយាម​ជំរុញ​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​និង​រដ្ឋាភិបាល​នៃ​ប្រទេស​សេរីនិយម ឲ្យដាក់​សម្ពាធ​នយោបាយ​បន្ថែមទៀត មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។ 

​លោក សុខ ឥសាន ចាត់ទុក ការប្រកាស​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្ត​របស់លោក សម រង្ស៊ី ថា​ជា​រឿង​របស់​ពួកគេ​។ លោក មានប្រសាសន៍ថា​៖«​ពួកគាត់ គ្រាន់តែ​ប្រកាស​គាំទ្រ​ជាស​ម្តី ជា​ខ្យល់ ជា​ផ្សែង មិនមែន​គាំទ្រ​ដោយ​រូបកា​យមក​ជាមួយ​ទេ អ៊ីចឹង​គាំទ្រ​នៅក្រៅ​ប្រទេស​ឯណោះ  ទោះ​គាំទ្រ​១​ម៉ឺន​ដង​១​លាន​ដង ក៏​វា​អត់​ប្រយោជន៍​ដែរ​»​។​

​អ្ន​នយោបាយ​បរទេស ដែល​ចេញ​លិខិត​ចំហ​ខាងលើ គឺ​មកពី អង់​ដូ​រ៉ា អង់គ្លេស ហូ​ឡង់ អៀរ​ឡង់ ថៃ  អាហ្វ្រិក​ខាងត្បូង អាល្លឺម៉ង់ ម៉ា​សេ​ដ្វា​ន​ខាងជើង កេ​ន​យ៉ា ស្លូ​វេ​នី និង ស្វី​ស​។ ពួកគេ សុទ្ធតែជា​សមាជិក​នៃ​អ្នក​សេរីនិយម​អន្តរជាតិ (Liberal International)៕

Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com