ជាតិ
សម្ដេច ហ៊ុន សែន ច្រានចោលសំណើរដ្ឋមន្ត្រីសុខាភិបាល ដោយសារបារម្ភពីបញ្ហាជំងឺពុករលួយ
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលស្នើឱ្យរដ្ឋាភិបាលកំណត់លក្ខខណ្ឌពិនិត្យសុខភាពបេក្ខជនប្រឡងចូលក្របខណ្ខរដ្ឋ។ មូលហេតុដែលសម្ដេច បដិសេធសំណើនេះ ដោយសារសម្ដេច បារម្ភពីការប្រព្រឹត្តអំពើពុករលួយ។
ពីពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី២២ តុលានេះ សម្ដេច ហ៊ុន សែន បាននិយាយថា ការកំណត់លក្ខខណ្ឌពិនិត្យសុខភាពបេក្ខជនប្រឡងចូលក្របខណ្ឌរដ្ឋ វាជាបន្ទុកធំមួយ សម្រាប់អ្នកមានសមត្ថភាព។ ម្យ៉ាងវិញទៀតសម្ដេច ហ៊ុន សែន យល់ឃើញថា លក្ខខណ្ឌបែបនេះ វាក៏ជាច្រកផ្លូវ ដែលនាំឱ្យមានការប្រព្រឹត្តអំពើពុករលួយដែរ។
«ក្នុងប៉ុន្មានថ្ងៃមុន ខ្ញុំបានទាត់ចោលសំណើរបស់ក្រសួងសុខាភិបាលមួយ ។ ក្រសួងសុខាភិបាល (សំណើ) ដើម្បីសុំធានា ដែលគេហៅថា សុខភាពសាធារណៈ។ (ក្រសួងសុខាភិបាល) ចង់សុំឱ្យមានការពិនិត្យសុខភាពទៅលើបេក្ខជន ដែលប្រឡងជាប់ ឬបេក្ខជនដែលត្រៀមប្រឡង មុននឹងអនុញ្ញាតឱ្យចូលប្រឡង ក្រែងលោមានជំងឺឆ្លង។ អ៊ីចឹងទេ ហាក់ដូចជាដាក់បន្ទុកបន្ថែមទៅលើបេក្ខជនដែលត្រូវចូលប្រឡង ខ្លួនមានចំណេះដឹងគ្រប់ ប៉ុន្តែស្រាប់តែឧស្សាហក្អក អត់បានជាប់។ ប៉ុន្តែវាមិនមែនអ៊ីចឹងទេ ជួនការពិនិត្យសុខភាព វាជាការបង្កើតដើម្បីសេវារកលុយ…។ រឿងដែលសុំផ្ដាំទៅក្រសួងសុខាភិបាល បញ្ហាមិនមែនជំងឺទេ អ្វីដែលគួរខ្លាចគឺជំងឺពុករលួយទេ»។ នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ។
សម្រាប់មេដឹកនាំកម្ពុជារូបនេះ បញ្ហាជំងឺរបស់បេក្ខជន ដែលចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ វាជាកាតព្វរបស់អង្គភាព និងស្ថាប័ន ត្រូវយកចិត្តទុកដាក់តាមក្រោយ ពោលគឺនៅពេលដែលបេក្ខជនបានបង្ហាញសមត្ថភាព ឆ្លងកាត់ការប្រឡងដោយជោគជ័យ។ «ព្រោះពេលដែលចូលធ្វើការទៅ ពេលដែលមានជំងឺស្អីទៅ ក្រសួងយកចិត្តទុកដាក់ពិនិត្យ មើលថែទាំ ថាអាហ្នឹងត្រូវការព្យាបាលយ៉ាងម៉េច? ហើយយើងចាំបាច់ទៅដាក់លក្ខខណ្ឌថា ត្រូវពិនិត្យសុខភាពសិន បានឱ្យចូលប្រឡង អ៊ីចឹងវាជាការបើកកន្លែងដើម្បីរកស៊ី»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែគ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល នឹងឡើងជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។
គួរបញ្ជាក់ថា រដ្ឋាភិបាល បានដាក់ចេញគោលនយោបាយកំណត់ប្រាក់ខែមន្ត្រីរាជការ និងកងកម្លាំងគ្រប់ប្រភេទ ចាប់ពី១លានរៀលឡើងទៅ ក្រោយពីការតវ៉ាស្នើសុំ និងការរិះគន់ចំពោះបញ្ហាប្រាក់ខែទាបនេះ ពីសំណាក់អ្នកនយោបាយ សហជីព និងសង្គមស៊ីវិល៕
Tag:
ហ៊ុន សែន
ម៉ម ប៊ុនហេង
សុខាភិបាល
ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com