អន្តរជាតិ
ស្តេច​ថៃ បណ្តេញ​មន្ត្រី​វាំង​៦​នាក់​ដោយសារ​យកបុណ្យ​សក្តិ​កេង​យក​ប្រយោជន៍​ផ្ទាល់ខ្លួន
24, Oct 2019 , 2:35 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) បាន​បណ្តេញ​មន្ត្រី​វាំង​ចំនួន​៦​រូប ដោយ​សារបាន​ប្រព្រឹត្ត​អំពើអាក្រក់​ខុសឆ្គង​នឹង​វិន័យ​វាំង​។ នេះ​បើតាម​រាជប្រកាស​ចេញ​នៅ​ថ្ងៃទី​២៣ តុលា​។ ការដក​បុណ្យ​សក្តិ​មន្ត្រី​វាំង​ដល់​ទៅ​៦​នាក់​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ទ្រង់​បាន​ដកហូត​តំណែង​ទាំងអស់​របស់​ស្នំ​ឯក​ព្រះអង្គ​ព្រោះមិនស្មោះត្រង់​។



​នៅក្នុងពេល​មួយ​សប្តាហ៍​ចុងក្រោយ​នេះ រាជវាំង​ថៃ ជួប​បញ្ហា​រំជើបរំជួល​ខ្លាំង​។ រាជវាំង​ថៃ ដែល​ធ្លាប់តែ​ស្ង​ប់​ស្ងាត់​នោះ បានប្រកាស​ព័ត៌មាន​ជា​បន្តបន្ទាប់​។ កាលពីដើម​សប្ដាហ៍​នេះ រាជវាំង​ថៃ បានប្រកាស​រាជសារ​ម​ហា​ក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ដោយបាន​ដកហូត​តំណែង និង​បុណ្យ​សក្តិ​ក្នុង​ជួរ​កងទ័ព​ពី​ស្នំ​ឯក ស៊ី​នី​នាថ ពិលាស​កល្យាណី​។

​ការទម្លាក់​បុណ្យ​សក្តិ​របស់​ព្រះ​នាង បាន​កើតឡើង​រយៈពេល ៣​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ព្រះអង្គ​បាន​ប្រទាន​ឋានៈ​ជា​ស្នំ​ឯក​ដំបូងបង្អស់​ក្នុង​រយៈពេល​ជិត​មួយ​សតវត្សរ៍​។ លើ​កញ្ចក់​ទូរទស្សន៍​នានា ស្នំ​ឯក ស៊ី​នី​នាថ ត្រូវបាន​រាជបញ្ជា​ស្ដេច​ចោទថា ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ការតែងតាំង​អគ្គមហេសី​។​

​ថ្ងៃទី​២៣ ខែតុលា ស្ដេច​រាមា​ទី​១០ ក៏​បណ្ដេញ​មន្ត្រីជាន់ខ្ពស់​ចំនួន​៦ នាក់​ទៀត និង​ដកហូត​បុណ្យ​សក្តិ​ផងដែរ​។ មន្ត្រី​ដែល​អស់តំណែង​រួមមាន គិលានុបដ្ឋាយិកា​ម្នាក់​ដែល​នៅ​យាម​ដំណាក់ មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ក្នុង​កង​អង្គរក្ស​ម្នាក់ និង​មន្ត្រី​យោធា​ពីរ​នាក់​ទៀត​។ នេះបើ​យោងតាម​រាជប្រកាស​ពីរ​ផ្សេងគ្នា​របស់​រាជវាំង​ថៃ​។

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ មន្ត្រី​ទាំង​៦ បាន​រំលោភបំពាន​វិន័យ​វាំង​យ៉ាងធ្ងន់ធ្ងរ និង​កេងចំណេញ​ពីមុខ​តំណែង​ផ្លូវការ​របស់​ពួកគេ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឬ​របស់​អ្នកដទៃ​។​
​ការបញ្ចប់​តំណែង​ផ្ទួនៗ​បែបនេះ ជា​រឿង​កម្រ​មាន​នៅ​ថៃ​ជាទី​ដែល​រាជវង្ស​ត្រូវបាន​ការពារ​យ៉ាង​មុតមាំ​ដោយ​ច្បាប់​ប្រឆាំង​ការរិះគន់​មហាក្សត្រ​។ អ្នក​បំពាន អាច​ទទួលទោស​ធ្ងន់ធ្ងរ​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ​សម្រាប់​ករណី​មួយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com