អន្តរជាតិ
កូរ៉េខាងត្បូង បោះបង់​ឋានៈ «​ប្រទេស​កំពុង​អភិវឌ្ឍ​»
25, Oct 2019 , 7:19 pm        
រូបភាព
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៥ ខែតុលា បានប្រកាស​បោះបង់​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​របស់ខ្លួន​នៅឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ។ ការប្រកាស​បោះបង់​ឋានៈ ត្រូវបាន​មន្ត្រី​កូរ៉េខាងត្បូង​អះអាងថា ស្របតាម​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​សេដ្ឋកិច្ច​របស់ខ្លួន ហើយក៏​ដើម្បី​ផ្តល់​សម្បទាន​ឲ្យ​សហរដ្ឋអាមេរិក​លើ​ការធ្វើកំណែទម្រង់​នៃ​ស្ថាប័ន​ពាណិជ្ជកម្ម​ពិភពលោក​នេះ​ផងដែរ​។​



​នា​សន្និសីទ​ថ្ងៃទី​២៥ ខែតុលា​នៅឯ​ក្រសួងការបរទេស លោក ហុង ណាំ​គី (Hong Nam-ki) រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង និយាយថា វា​មានលទ្ធភាព​តិចតួច​បំផុត​ដែល​កូរ៉េខាងត្បូង​នឹងត្រូវ​បន្ត​ទទួលស្គាល់​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ទៀត​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ បើតាម​លោក ហុង ការពន្យារពេល​បោះបង់​ឋាន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​បែបនេះ នឹង​ប៉ះពាល់​ដល់​ឥទ្ធិពល​ក្នុង​ការចរចា​នៅពេល​ខាងមុខ​មិន​ខាន​។

​ការបោះបង់​ឋានៈ ក៏​ជាការ​ផ្ដល់​សម្បទាន​ឲ្យ​អាមេរិក​ដើម្បី​ធ្វើកំណែទម្រង់ WTO ផងដែរ​។ កន្លងទៅ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឲ្យ​ប្រទេស​ដែល​តាំងខ្លួន​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ បោះបង់​ឋានៈ​នេះ​ដើម្បី​ស្របតាម​ទិដ្ឋភាព​ជាក់ស្ដែង ហើយ​ធានាថា រដ្ឋ​ទាំងនោះ មិន​ឆ្លៀត​យក​ប្រយោជន៍​ពី​លក្ខខណ្ឌ និង​ការអនុគ្រោះ​ពិសេស​ដែល​ទទួលបាន​មកពី​ឋានៈ​ទាំងនោះ​។ លោក ត្រាំ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក​នឹងមិន​អនុគ្រោះ​ចំពោះ​សមាជិក WTO ណាមួយ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​យល់ថា មិនមែនជា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​លោក ត្រាំ បានស្នើ​ឲ្យ​ដក​ឋានៈ​ពិសេស​នេះ​ពី​ប្រទេស​ណា​ដែល​គ្រប់​លក្ខខណ្ឌ​ចំនួន​បួន​។ លក្ខខណ្ឌ​ទាំង​បួន​មាន ជា​សមាជិក​នៃ​ក្រុម​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ២០, ជា​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិកា​រ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​, ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ដែល​ត្រូវបាន​ចាត់ថ្នាក់​ដោយ​ធនាគារពិភពលោក និង​មាន​យ៉ាងហោចណាស់ ០,៥ ភាគរយ​នៃ​ពាណិជ្ជកម្ម​សកល​សរុប​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Yonhap News Agency​។​

​កូរ៉េខាងត្បូង ត្រូវ​លក្ខខណ្ឌ​ទាំង​បួន​ខាងលើនេះ ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​មហាអំណាច​សេដ្ឋកិច្ច​អាស៊ី​មួ​ួ​នេះ​ពិបាក​ការពារ​ជំហរ​របស់ខ្លួន​បាន​។ កូរ៉េខាងត្បូង​បាន​រក្សា​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ ១៩៩៥ ដើម្បី​ការពារ​ឧស្សាហកម្ម និង​កសិកម្ម​ដែល​ងាយ​រងគ្រោះ​ជាពិសេស​ស្រូវ​តែម្ដង​។ យ៉ាងណាមិញ ដោយសារតែ​ការសិក្សា​ពី​ឋានៈ​នេះ​ត្រូវធ្វើ​តែ​ក្នុង​ការចរចា​នៅ​ថ្ងៃ​ខាងមុខ ដូចនេះ​កសិករ​កូរ៉េខាងត្បូង នឹងមិន​ទាន់​រង​ផលប៉ះពាល់​អ្វី​ឡើយ ទោះបីជា​ទីក្រុង​សេ​អ៊ូ​ល​សម្រេចចិត្ត​បោះបង់ចោល​ឋានៈ​នេះ​ក៏ដោយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com