ចំណុច​ត្រូវ​ពិចារណា​នៅពេល​ទិញ​បុរី​នៅក្នុង​ប្រទេស​កម្ពុជា​
ជាតិ
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ចំណុច​ត្រូវ​ពិចារណា​នៅពេល​ទិញ​បុរី​នៅក្នុង​ប្រទេស​កម្ពុជា​
16, Nov 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​លំនៅដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា បាន​បន្ត​កើនឡើង​យ៉ាងខ្លាំង ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​បាន​កើនឡើង​យ៉ាងខ្លាំង នៅក្នុង​ទីក្រុង​សំខាន់ៗ​។ ផ្ទះ​នៅក្នុង​បុរី គឺជា​ប្រភេទ​លំនៅដ្ឋាន​មានការ​ពេញនិយម​បំផុត និង​មាន​តំលៃ​សមរម្យ សម​ទៅនឹង​លក្ខខណ្ឌ​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ដែលមាន​ជីវភាព​មធ្យម និង​លើ​មធ្យម​។ ក្នុងនោះដែរ លំនៅដ្ឋាន​ប្រមាណ ១០,០០០​ខ្នង បាន​គេ​រំពឹងថា នឹងត្រូវ​ផ្គត់ផ្គង់​ទៅឱ្យ​អ្នកទិញ​ជា​រៀងរាល់ឆ្នាំ​។ ខណៈដែល​តម្រូវការ​នៅតែមាន​ច្រើន គម្រោង​អភិវឌ្ឍន៍​ថ្មីៗ​កំពុង​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​។

​ដូច្នេះ​មុនពេល​ទិញ​ផ្ទះ​ក្នុង​បុរី​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ចំណុច​សំខាន់ អ្នក​ត្រូវ​ស្វែងយល់​ពី​គន្លឹះ​មួយចំនួន មិន​ថា​អ្នកទិញ​នៅក្នុង​រយៈ ពេល​ខ្លី ឬ​រយៈពេល​វែង សម្រាប់​រស់នៅ ឬ​ការវិនិយោគ​នោះទេ​។​
 
​តើ​បុរី​មានផ្ទះ​ប្រភេទ​អ្វីខ្លះ និង​មាន​សេវាកម្ម​អ្វីខ្លះ​?

​គម្រោង​អភិវឌ្ឍន៍​បុរី ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​បណ្តុំ​នៃ​ផ្ទះ​ជាច្រើន ក្នុង​សហគមន៍ ឬ​តំបន់​មួយ​។ គម្រោង​បុរី មាន​ប្រភេទ​លំនៅដ្ឋាន​ដូចជា​៖ ផ្ទះ​វីឡា​ទោល វីឡា​ភ្លោះ វីឡា​កូនកាត់ ផ្ទះ​អាជីវកម្ម និង​ផ្ទះល្វែង​។ ការអភិវឌ្ឍន៍​បុរី​មាន​ប្រភេទ​អចលនទ្រព្យ​ផ្សេងៗ​គ្នា ទៅតាម​ទំហំ​ចំនួន​នៃ​បន្ទប់​គេង និង​តម្លៃ ដើម្បី​បម្រើ​ទៅតាម​សេចក្តីត្រូវការ និង​ការរស់នៅ​ជា ល​លក្ខណៈ​ឯកជន ជា​បុគ្គល និង​ក្រុមគ្រួសារ ឬ​អាជីវកម្ម​ជាដើម​។​
 
​នៅក្នុង​តំបន់​ក្នុង​គម្រោង​មួយចំនួន ជាពិសេស​គម្រោង​ល្បីៗ បាន​អភិវឌ្ឍន៍​ជា​សួន​កុមារ សួនច្បារ ទីផ្សារ ហាង​ទំនិញ សន្តិសុខ​យាម និង​ប្រព័ន្ធ​ត្រួតពិនិត្យ​សន្តិសុខ ដ៏​មាន​សុវត្ថិភាព​។​
 
​តើ​មាន​បុរី​នៅ​កន្លែង​ណាខ្លះ នៅក្នុង​ប្រទេស​កម្ពុជា​?

​ភាគច្រើន​នៃ​អ្នកទិញ​ផ្ទះ បាននាំគ្នា​ទៅ​រស់នៅ និង​ទិញ​ផ្ទះ​របស់ខ្លួន នៅក្នុង​ទីក្រុង​ភ្នំពេញ  ដោយសារតែ​ការអភិវឌ្ឍន៍​បុរី​ភាគច្រើន មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ទោះជា​យ៉ាងណា​បច្ចុប្បន្ន គេ​ក៏​អាច​ទិញ​ផ្ទះ​បុរី នៅក្នុង​ខេត្ត​គោលដៅ​ផ្សេងទៀត ខេត្ត​៖ សៀមរាប ខេត្ត​ព្រះសីហនុ និង​កំពង់ស្ពឺ ក៏​ចាប់ផ្តើម​មាន​បុរី​ដែរ​។​
 
​ភ្នំពេញ គឺជា​ទីតាំង​ដែល​ពេញនិយម​បំផុត ក្នុង​ការទិញ​បុរី​សម្រាប់​ទាំង​ការរស់នៅ និង​ការវិនិយោគ​។ គម្រោង​បុរី​នៅទីនេះ មាន​ចាប់ពី​គម្រោង​ខ្នាតតូច ទៅ​ធំ និង​ស្តង់ដារ​ទាប ទៅ​ប្រភេទ បុរី​ស្តង់ដារ​ប្រណិត​។ គម្រោង​បុរី​នៅ​ភ្នំពេញ មានដូចជា​៖ បុរី​មេគង្គ​រ៉ូយ៉ាល់ បុរី លឹម ឈាង​ហាក់ បុរី​ប៉េង ហួត បុរី​ពិភពថ្មី បុរី​ភ្នំពេញ​ថ្មី បុរី​មហា​សែន​សុខ និង​មាន​ផ្សេង​ច្រើន​ទៀត​។​
​សូម​មើល​គម្រោង​បុរី​ល្បីៗ​នៅ​រាជធានី​ភ្នំពេញ​!
 
​ខេត្តសៀមរាប គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​របស់​ពិភពលោក ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ខេត្ត​ដែលមាន​ប្រាសាទអង្គរវត្ត ដ៏​អស្ចារ្យ​នៅ​ទីនោះ​។ ប្រាសាទបុរាណ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់ ជា​រៀងរាល់ឆ្នាំ​។ ហេតុនេះហើយ បាន​ជាមាន​គម្រោង​អភិវឌ្ឍន៍​មួយចំនួន បានជ្រើសរើស​ខេត្ត​ដ៏​ស្រស់ស្អាត​មួយ​នេះ​។ ក្នុងនោះ​គម្រោង​បុរី នៅក្នុង​តំបន់​នេះ​រួមមាន  បុរី  Angkor Palace, បុរី Nagara  និង​បុរី​ប្រិមប្រិយ​ជាដើម​។​
 
​ទន្ទឹមនឹង​នេះដែរ កំពង់សោម ឬ​ក្រុងព្រះសីហនុ ត្រូវបាន​គេ​ស្គាល់​ថា ជាទី​ក្រុង​កំពង់ផែ​ធំជាងគេ​។ ក៏​ជា​តំបន់​គោលដៅ​ទេសចរណ៍​ធំ​មួយ ដែល​ត្រូវបាន​គេ​មើលឃើញថា មាន​កំណើន​ការសាងសង់ ទាំង​ការអភិវឌ្ឍន៍​ផ្នែក​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ក្នុង​ឆ្នាំ​កន្លងមកនេះ​។ គម្រោង​បុរី មួយចំនួន​នៅ​កំពង់ សោម​ដូចជា បុរី BS បុរី Pearl City  និង​បុរី Hillton​។​
​ខេត្តកំពង់ស្ពឺ ក៏បាន​ចាប់ផ្តើម​លេចឡើង​នូវ​ការអភិវឌ្ឍន៍ គម្រោង​បុរី​មួយចំនួន ដោយសារ​ខេត្ត​នេះ នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង ហើយ​ម្យ៉ាង ដើម្បី​បំពេញ​តាម​តម្រូវការ​នៃ​អ្នកទិញ​ក្នុងស្រុក​នៅក្នុង​តំបន់​នេះ​។ បុរី​ផ្សារ​ថ្មី​ខេត្តកំពង់ស្ពឺ​គឺជា​គម្រោង​ថ្មី​បំផុត នៅក្នុង​ខេត្ត​នេះ​។​
 
​តើ​ចំណុច​អ្វី ដែល​ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​ក្នុង​បុរី មាន​ភាព​ខុសប្លែកគ្នា​?

​គម្រោង​ផ្សេងគ្នា មានតម្លៃ​ផ្សេងគ្នា ដោយសារតែ​ហេតុផល​មួយចំនួន ហើយ​ទីតាំង​គឺជា​ហេតុផល​មួយ ក្នុងចំណោម​ទាំងនេះ​។ ប្រសិនបើ​អ្នក​ចង់បាន​ផ្ទះ​នៅ​តំបន់​សំខាន់ មាន​សក្តានុពល​នោះ តម្លៃ​គឺ​ពិតជា​ខ្ពស់​។ ទោះជា​យ៉ាងណា វា​មិន​មានន័យថា ការទិញ​ផ្ទះមួយ​នៅក្នុង​ទីក្រុង គឺ​តែងតែ​មានតម្លៃ​ថ្លៃ ជាង​ការទិញ​នៅក្នុង​ខេត្ត​នោះទេ​។ ពេលខ្លះ វា​ក៏​អាស្រ័យ​លើ​គម្រោង​ដែល​អ្នកទិញ​។ ហើយ​កត្តា​ផ្សេងៗ​ទៀត​រួមមាន​៖ អ្នក​អភិវឌ្ឍន៍​រចនា​ផ្ទៃ​ខាងក្នុង ទំហំ​នៃ​យូ​នី​ត គុណភាព​នៃ​សំណង់​របស់​គម្រោង និង​សេវាកម្ម​ផ្សេងៗ​នៅក្នុង​គម្រោង​។​
 
​ឧទាហរណ៍​ដូចជា បុរី​ប៉េង​ហួត និង​បុរី​ពិភពថ្មី គឺមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា ចាប់ពី ៦០,០០០ ដុល្លារ ខណៈពេល​បុរី​ផ្សារ​ថ្មី​ខេត្តកំពង់ស្ពឺ មានតម្លៃ​ចាប់ពី ៣៥,០០០​ដុល្លារ ក្នុង​មួយ​យូ​នី​ត​។ ចំណែក​បុរី​នៅ កំពង់សោម និង​ខេត្តសៀមរាប ក៏មាន​តម្លៃ​ចាប់ពី ៦០,០០០ ដុល្លារ​ផងដែរ​។ តម្លៃ​ទាំងនេះ គឺ​សម្រាប់​ផ្ទះល្វែង ឬ​ផ្ទះ​អាជីវកម្ម ប៉ុន្តែ​សម្រាប់​ផ្ទះ​វីឡា​វិញ​តម្លៃ​គឺ​កាន់តែ​ខ្ពស់​ជាងនេះទៅទៀត​។​
 
​ច្បាប់​ពន្ធ​សម្រាប់​បុរី នៅក្នុង​ប្រទេស​កម្ពុជា​

​សម្រាប់​រាល់​ប្រភេទ​នៃ​អចលនទ្រព្យ ជាមួយ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​/​ប្លង់រឹង​នៅ​កម្ពុជា មិន​ថា​អ្នក​ក្នុងស្រុក ឬ​ជនបរទេស​នោះទេ ការផ្ទេរ​ប្លង់​កម្មសិទ្ធិ គឺ​ត្រូវតែ​បង់ពន្ធ ពន្ធ​លើ​ការផ្ទេរកម្មសិទ្ធិ​នេះ គឺ​៤​ភាគរយ នៃ​តម្លៃ​អចលនទ្រព្យ​សរុប​។​
 
​ប្រសិនបើ​អ្នកជា​ម្ចាស់​អចលនទ្រព្យ​ណាមួយ នៅក្នុង​ប្រទេស​កម្ពុជា អ្នក​ត្រូវ​បង់ពន្ធ​លើ​អចលនទ្រព្យ​នោះ​។ វា​ជា​ពន្ធ​ប្រចាំឆ្នាំ ដែល​ម្ចាស់​ត្រូវ​បង់ប្រាក់​ប្រចាំឆ្នាំ នៅ​ថ្ងៃទី ៣០ ខែកញ្ញា​ពន្ធ​នេះ សម្រាប់​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​។ ប៉ុន្តែ​ទាល់តែ​អចលនទ្រព្យ​ដែលមាន​តម្លៃ ចាប់ពី ២៥,០០០​ដុល្លារ និង​លើសពីនេះ ទើបត្រូវ​បង់ពន្ធ​។​
 
​ពន្ធ​លើ​អចលនទ្រព្យ ត្រូវបាន​គណនា​ដោយ​យក ៨០% នៃ​តម្លៃ​អចលនទ្រព្យ​សរុប ដក​នឹង ២៥,០០០​ដុល្លារ គុណ​នឹង ០.១ ភាគរយ​។ នេះ​បើតាម​ការលើកឡើង របស់លោក Anthony Galliano នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Cambodia Investment Management​។​
 
​តើ​ជនបរទេស មាន​សិទ្ធិ​កាន់កាប់​បុរី​នៅក្នុង​ប្រទេស​កម្ពុជា​ដែរឬទេ​?
 
​ច្បាប់​ស្តីពី​កម្មសិទ្ធិ​ជនបរទេស​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ ២០១០ លើកឡើងថា ជនបរទេស​អាច​កាន់​កាប់​លើ​យូ​នី​ត​ឯកជន នៃ​អគារ​សហកម្មសិទ្ធិ​។ ដូច្នេះ​មានតែ​ប្លង់​កម្មសិទ្ធិរួម​ប៉ុណ្ណោះ ដែល​អាច​ប្រើ​សម្រាប់​ជនបរទេស​។​
 
​នៅក្នុង​មាត្រា​៨ នៃ​ច្បាប់​ភូមិបាល​បានចែង​ថា «​ជនបរទេស​ដែល​បាន​ក្លែងបន្លំ​ប័ណ្ណ​សញ្ជាតិ​ដើម្បី​ទទួលបាន​កម្មសិទ្ធិ​លើដី​នៅ​កម្ពុជា នឹងត្រូវ​ផ្ដន្ទាទោស​ដូច​មានចែង​ក្នុង​មាត្រា​២៥១ នៃ​ច្បាប់​។ រាល់​អចលនទ្រព្យ​ទ្រព្យ​ណា ដែល​បានមក​ក្នុង​លក្ខខណ្ឌ​នេះ ត្រូវ​រឹបអូស យក​ទុកជា​សម្បត្តិ​រដ្ឋ ដោយ​គ្មាន​សំណង​ពីរ​ដ្ឋ​ឡើយ​។ នេះ​មានន័យថា ជនបរទេស​មិនត្រូវ​បានអនុញ្ញាត ធ្វើជា​ម្ចាស់ផ្ទះ​បុរី និង​គ្រប់​អចលនទ្រព្យ ទាំងអស់​ដែលជា​ប់​ជាមួយ​ដី នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ទោះយ៉ាងណា មាន​វិធី​ផ្សេងទៀត​សម្រាប់​ជនបរទេស ក្នុង​ការទិញ​បុរី​ក្នុងប្រទេស​កម្ពុជា គឺ​ទិញ​តាមរយៈ​ភាគី​តំណាង ជាមួយ​ជនជាតិខ្មែរ​។​
​ស្វែងយល់​បន្ថែម​អំពី​ការទិញ​ផ្ទះ​បុរី​តាមរយៈ​ភាគី​តំណាង​!

​តើ​មានកម្ម​សិទ្ធិ​កាន់កាប់​អ្វីខ្លះ សម្រាប់​បុរី​នៅក្នុង​ប្រទេស​កម្ពុជា​?
 
​កម្ពុជា​ប្រើប្រាស់​ប្លង់​កម្មសិទ្ធិ​បី​ប្រភេទ​។ មាន​ប្លង់​ទន់ ប្លងរឹង ប្លង់​ប្រព័ន្ធ​LMAP - ប្លង់​ប្រព័ន្ធ​LMAP​ជា​ប្រភេទ​ប្លង់រឹង ដែលមាន​សុវត្ថិភាព​បំផុត​។​
 
​ដូច្នេះ ប្រសិនបើ​អ្នកទិញ​ផ្ទះ​ពី​បុរី​ណាមួយ យក​ល្អ អ្នក​ត្រូវ​សួរ​ម្ចាស់​គម្រោង​រក​ប្លង់រឹង​ប្រភេទ LMAP ដើម្បី​ធានា​សុវត្ថិ​ភាពល្អ​បំផុត សម្រាប់​អចលនទ្រព្យ​របស់​អ្នកនា​ពេលអនាគត​ទ្រព្យ​។​
​ស្វែងយល់​បន្ថែម​អំពី​ប័ណ្ណកម្មសិទ្ធិ​នៅក្នុង​ប្រទេស​កម្ពុជា​!
 
​តើ​អ្នក​ត្រូវ​ពិនិត្យ​អ្វីខ្លះ នៅពេល​ទិញ​បុរី​នៅក្នុង​ប្រទេស​កម្ពុជា​?
 
​គម្រោង​អភិវឌ្ឍន៍​បុរី​មួយចំនួន មិនមាន​បំណង​គេ​ពី​ផ្លូវច្បាប់​ទេ​។ នៅពេល​ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​រំលឹក​អ្នកទិញ​ផ្ទះ ឲ្យ​មានការ​ប្រុងប្រយ័ត្ន មុនពេល​សម្រេចចិត្ត​។ ក្នុងពេល​ជាមួយគ្នា​នោះ ក្រសួង​បានប្រកាស​ផងដែរ អំពី​គម្រោង​មួយចំនួន ដែល​មិនមាន​អាជ្ញាប័ណ្ណ​សាងសង់​ផ្លូវច្បាប់​។​
 
​ចំណុច​មួយទៀត ដើម្បីឱ្យ​ប្រាកដថា អ្នកនឹង​មិន​ទិញ​គម្រោង​អភិវឌ្ឍន៍​ខុសច្បាប់ គឺ​ការ​ត្រូតពិនិត្យ​មើល​ឯកសារ​ស្របច្បាប់​សំខាន់ៗ ចំនួន​៥​។ ឯកសារ​ទាំងនេះ មានដូចជា​៖ ប្លង់រឹង ឬ​ប្លង់រឹង LMAP ការចុះបញ្ជី​របស់​ក្រុមហ៊ុន ផែនការមេ​ដែល​បានទទួល​ស្គាល់​ដោយ​ក្រសួង អាជ្ញាប័ណ្ណ​សាងសង់ និង​អាជ្ញាប័ណ្ណ​បុរី​។​
 
​តើ​ការទិញ​បុរី​នៅក្នុង​ប្រទេស​កម្ពុជា ជាការ​វិនិយោគ ល្អ​ដែរឬទេ​?

​មនុស្ស​គ្រប់រូប ចាំបាច់​ត្រូវមាន​ផ្ទះមួយ​។ ទីផ្សារ​លំនៅដ្ឋាន​របស់​ប្រទេស​កម្ពុជា មាន​សក្តានុពល  ទាំង​ពេលបច្ចុប្បន្ន និង​អនាគត មិន​ថា​អ្នក​គ្រាន់តែ​ចង់បាន​ផ្ទះ​ល្អ​មួយ សម្រាប់​រស់នៅ ឬ​អ្នក​ចង់​ទិញ​ដោយ​ចេតនា ចង់បាន​ផលចំណេញ​ត្រឡប់មកវិញ នៅក្នុង​ឆ្នាំ​បន្ទាប់​។ វា​ហាក់​ពិត​ជាមាន​លក្ខណៈ​ប្រាកដ​ណាស់​ថា តម្លៃ​អចលនទ្រព្យ នឹង​បន្ត​កើនឡើង​ថែមទៀត​។​
 
​ជាក់ស្តែង ដូចជា​បុរី​ពិភពថ្មី​នៅ​កំបូល នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​ភ្នំពេញ គម្រោង​បាន​ទៅដល់​តំបន់​នេះ បាន​ប្រហែល​ពីរ​ឆ្នាំ រហូតដល់​ពេលនេះ​។ បច្ចុប្បន្ននេះ តម្លៃ​យូ​នី​តរបស់​គម្រោង​នេះ បាន​កើនឡើង​យ៉ាងខ្លាំង​។ លើសពីនេះទៅទៀត នៅពេលដែល​គម្រោង​នេះ​ត្រូវបាន​បញ្ចប់​សកម្មភាព​សេដ្ឋកិច្ច បានការ​រីកលូតលាស់​យ៉ាងច្រើន​។​
 
​កត្តា​នេះ​បានធ្វើឱ្យ​ការទិញ​ផ្ទះ​បុរី មានឱកាស​ល្អជា​និច្ច ដើម្បី​ទទួលបាន​ផលចំណេញ ត្រឡប់មកវិញ​នៅ​ថ្ងៃ​អនាគត​។​
 
​តើ​អ្នក​បង់ប្រាក់​សម្រាប់​បុរី​នៅក្នុង​ប្រទេស​កម្ពុជា យ៉ាងដូចម្តេច​?
 
​ប្រសិនបើ​អ្នកមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បង់​ដាច់ អ្នកនឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​បន្ថែមទៀត​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ចង់​បង់​ដាច់​ទេ ឬ​អ្នក​មិនមាន​ថវិកា​គ្រប់គ្រាន់ អ្នកមាន​ជម្រើស​ផ្សេងទៀត ដូចជា​ការបង់​រំលស់​រយៈពេល​វែង បង់​រំលស់​ជា​ដំណាក់កាល និង​យក​កម្ចី​ពី​ធនាគារ ដែល​អាចមាន​រយៈ ពេល​វែង ១៥ ឬ ២០​ឆ្នាំ​។​
 
​ប្រសិនបើ​អ្នក​ចង់​ទិញ​ផ្ទះ​ជាមួយ​កម្ចី​ធនាគារ អ្នក​អាច​ទទួល​ស្វែងរក​ជាមួយ​ធនាគារ​មួយចំនួន នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ដូចជា​៖ ធនាគារ កាណាឌីយ៉ា អេស៊ីលីដា ធនាគារ ANZ Royal ធនាគារ Hong Leong Bank ធនាគារ ABA ធនាគារ​វឌ្ឍនៈ និង​មាន​ជាច្រើន​ទៀត​។ ដើម្បី​ទទួលបាន​ប្រាក់កម្ចី​ពី​ធនាគារ​មួយ អ្នក​ត្រូវមាន​ប្រាក់ចំណូល​ទៀងទាត់​ប្រចាំខែ មានទ្រព្យ​បញ្ចាំ មាន​ប្លង់រឹង និង​មាន​អ្នកធានា​។ មុននឹង​ធនាគារ​ផ្តល់ប្រាក់​កម្ចី នឹងមាន​ការសិក្សា យ៉ាង​ល្អិតល្អន់ លើ​លទ្ធភាព​នៃ​ការសង​ប្រាក់​ត្រលប់ ទៅ​ធនាគារ​វិញ​។ ប្រសិនបើ​អ្នក​ចង់ដឹង​ពី​ព័ត៌មាន នៃ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ណាមួយ សូម​ចុច​ទីនេះ​!
 
​អ្នក​គួរតែ​ទិញ​ផ្ទះ​ដែល​លក់​មុន​គម្រោង ជាមួយ​គម្រោង​បុរី នៅក្នុង​ប្រទេស​កម្ពុជា​ដែរឬទេ​?
 
​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង និង​បាន​ប្រើប្រាស់​ជាមួយ​យុទ្ធសាស្ត្រ​លក់​ថ្មី​មួយ គឺ​ការលក់​មុន​គម្រោង​។ ការលក់​មុន​គម្រោង​មានន័យថា ម្ចាស់​គម្រោង លក់​គម្រោង​របស់​ពួកគេ មុនពេល​ចាប់ផ្តើម និង​ក្នុងអំឡុងពេល​ការសាងសង់​គម្រោង​នោះ​។​
 
​ការទិញ​យូ​នី​ត​នៅមុន​គម្រោង អាច​ទទួលបាន​គុណសម្បត្តិ​ជាច្រើន​។ អ្នក​អាច​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស អ្នក​អាច​ជ្រើស​រើសយក​យូ​នី​ត នៅក្នុង​គម្រោង​មុន​អ្នក​ផ្សេងទៀត និង​មានការ​ផ្តល់ជូន​ពិសេស​ជាច្រើន​ទៀតផង​ដែរ​។ ទោះជា​យ៉ាងណា ប្រសិនបើ​អ្នកទិញ​អចលនទ្រព្យ មុន​គម្រោង អ្នក​ត្រូវ​សិក្សា​ពី​ប្រវត្តិ​ក្រុមហ៊ុន​ឲ្យ​បានច្បាស់លាស់ មុនពេល​ព្រមព្រៀង​ទិញ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com