ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រោះថ្នាក់​ដល់​សុខភាព​មិន​ខាន បើ​មិន​ចោល​ទម្លាប់​ទាំងនេះ​
23, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹង​ហើយ​ថា​ទម្លាប់​មួយចំនួន​ដូចជា​ជក់បារី ឬ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ចំពោះ​សុខភាព ប៉ុន្តែ​ក្រៅពីនេះ​ក៏​នៅមាន​ទម្លាប់​ធម្មតា​ប្រចាំថ្ងៃ​ផ្សេងទៀត​ដែល​បង្កបញ្ហា​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។  ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​សាមញ្ញៗ ប៉ុន្តែ​អាច​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​បន្តិច​ម្ដងៗ ៖
 
១. ដុសធ្មេញ​ភ្លាមៗ​ក្រោយ​ទទួលទាន​រួច​

​ការ​ដុសធ្មេញ​ក្រោយ​ទទួលទាន​អាហារ​រួច​ភ្លាម​អាច​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ចំពោះ​សុខភាព​ធ្មេញ​។ ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​រងចាំ​យ៉ាងហោចណាស់ ៣០ នាទី​ក្រោយ​ទទួលទាន​អាហារ​សិន​មុននឹង​ដុស​សម្អាត​ធ្មេញ​។ ធ្មេញ​របស់​យើង​ទទួលបាន​ការការពារ​ពី​កាចា ហើយ​ជាតិ​អាស៊ីត​ដែល​ត្រូវបាន​បង្កើតឡើង​ពី​អាហារ​ផ្សេងៗ​ធ្វើអោយ​កាចា​ធ្មេញ​ចុះខ្សោយ ដូច្នេះ​ប្រសិនបើ​ដុសធ្មេញ​ភ្លាម​ក្រោយ​ទទួលទាន​នោះ​ធ្មេញ​នឹង​ងាយ​ទទួលរង​ផលប៉ះពាល់​។​
 
២. អង្គុយ​ពេញ​មួយថ្ងៃ​

​ការ​ចំណាយពេល​អង្គុយ​ច្រើន​ក្នុង​មួយថ្ងៃៗ​អាចធ្វើអោយ​អ្នក​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន​! ការ​អង្គុយ​យូរៗ​ពេក​ក្នុង​មួយថ្ងៃ​អាចធ្វើអោយ​អ្នក​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមបញ្ចូល​ទាំង​ជំងឺ​ធាត់​ជ្រុល ឈឺសន្លាក់ ពុក​ឆ្អឹង លើសឈាម ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​បេះដូង​។​
 
៣. គេង​ច្រើនពេក​

​ការ​គេង គឺ​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ល្អប្រសើរ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​គេង​លើសពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​ឡើយ​! ក៏​ព្រោះ​វា​អាច​បង្ក​ជា​ផលប៉ះពាល់​ជំនួស​វិញ​។ ការ​គេង​ច្រើនពេក​ជាប្រចាំ​ត្រូវបាន​ផ្សារភ្ជាប់​នឹង​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​រួមមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​បេះដូង ជំងឺ​ធាត់​ជ្រុល និង​ការថយចុះ​នៃ​មុខងារ​ខួរក្បាល​ជាដើម​។​
 
៤. មិន​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅថ្ងៃ​
 
​ការមិន​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅថ្ងៃ​អាចធ្វើឱ្យ​ស្បែក​ជួបប្រទះ​បញ្ហា​ជាច្រើន​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ឡេ​ការពារ​កម្ដៅថ្ងៃ​ដែលមាន SPF យ៉ាង​ណាស់ ៣០ នឹង​ជួយ​ថែរក្សា​ស្បែក​របស់​អ្នក​ឱ្យ​ចៀស​ផុតពី​បញ្ហា​ផ្សេងៗ​ដែល​អាច​បង្កឡើង​ដោយសារ​ការប៉ះពាល់​ត្រូវ​ពន្លឺព្រះអាទិត្យ​យូរ ឬ​ខ្លាំង​បាន​? ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ភ្លេច​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ​នៅ​រាល់ពេល​ចេញទៅ​ក្រៅ​ក្រោម​ពន្លឺព្រះអាទិត្យ​។​
 
៥. ទទួលទាន​អាហារ​លឿន​ពេក​

​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន ឬ​ទំពារ​អាហារ​លឿន​ពេក​អាច​បណ្ដាលអោយ​កើតមាន​បញ្ហា​សុខភាព​ជាច្រើន​។ ក្រៅពី​ជះឥទ្ធិពល​ដល់​ទម្ងន់​ហើយ​នោះ ការទទួល​ទាន​លឿន​ក៏​បង្កើន​ហានិភ័យ​នៃ​ជំ​ងឹ​បេះដូង ទឹកនោមផ្អែម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។ អ្នក​ដែល​ទទួលទាន​លឿន​ច្រើនតែ​ទទួលទាន​ច្រើន​ជ្រុល​នោះ​ក៏​ព្រោះតែ​ជាធម្មតា​ខួរក្បាល​ត្រូវការ​រយៈពេល​ជា​មធ្យម ២០ នាទី​ពី​ពេលដែល​អ្នក​ចាប់ផ្ដើម​ទទួលទាន​ដើម្បី​បញ្ជូន​សញ្ញា​ថា​ឆ្អែត​។​
 
៦. មិន​ធ្វើ​លំ​ហាត់ប្រាណ​

​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​រក្សាបាន​សុខភាព​រឹងមាំ អារម្មណ៍​ប្រសើរ ហើយ​ជួយ​គ្រប់គ្រង​ទម្ងន់ គឺ​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ បញ្ហា​សុខភាព​ជាច្រើន​នឹង​កើតមានឡើង​មិន​
​ខាន​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com