លោក ឃី លាង នាំ​ពូជ​ស្លឹកគ្រៃ​ពី​ម៉ាឡេស៊ី មក​ដាំ​នៅ​កម្ពុជា ដើម្បី​ផលិត​ជា​ប្រេង នាំ​ចេញទៅ​បារាំង​
ជាតិ
២៥ខេត្ត/រាជធានី
លោក ឃី លាង នាំ​ពូជ​ស្លឹកគ្រៃ​ពី​ម៉ាឡេស៊ី មក​ដាំ​នៅ​កម្ពុជា ដើម្បី​ផលិត​ជា​ប្រេង នាំ​ចេញទៅ​បារាំង​
08, Dec 2019 , 8:59 pm        
រូបភាព
ប្រភេទស្លឹកគ្រៃYAVA1ចម្រាញ់យកប្រេង
ប្រភេទស្លឹកគ្រៃYAVA1ចម្រាញ់យកប្រេង
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក ឃី លាង បាន​យក​ពូជ​ស្លឹកគ្រៃ​ពី​ប្រទេស​ម៉ាឡេស៊ី​មក​ដាំ​នៅ​កម្ពុជា ដើម្បី​ចម្រាញ់យកប្រេង នាំ​ចេញទៅ​ប្រទេស​បារាំង​។ ក្នុង​មួយថ្ងៃ ប្រធាន​សមាគមន៍ អភិវឌ្ឍន៍ កសិកម្ម​កម្ពុជា​រូបនេះ បាន​នាំ​ប្រេង​ស្លឹកគ្រៃ​ទៅ​បារាំង ពី​២​ទៅ​៣​តោន ដោយ លោក បាន​បញ្ជាក់ថា  ទំហំ​នៃ​ការនាំ​ប្រេង​ស្លឹកគ្រៃ​ចេញ​នេះ គឺ​មិន​គ្រប់ នឺង​តម្រូវការ​ទីផ្សារ​ឡើយ​។

 
​ស្លឹកគ្រៃ​ដែល​លោក ឃី លាង យកមក​ដាំ​នៅ​កម្ពុជា គឺជា​ប្រភេទ​ពូជ​ស្លឹកគ្រៃ​YAVA1 ដែល​បម្រើ​ក្នុង​វ័យ​ឧស្សាហកម្ម ដោយ​ស្លឹកគ្រៃ​ក្នុង​ទម្ងន់​១០០​គីឡូក្រាម អាច​ចម្រាញ់​ប្រេង​បាន​១​លីត្រ​។ បើតាម​លោក លាង ដែលមាន​បទពិសោធន៍​ដាំ​ស្លឹកគ្រៃ​ប្រេង​អស់​រយៈពេល​២​ឆ្នាំ​កន្លងមកនេះ ការដាំ​ស្លឹកគ្រៃ​YAVA អាចឱ្យ​ប្រជាកសិករ ប្រមូល​ផល​បាន​៨​ដង​ក្នុង​មួយឆ្នាំ ហើយ​ក្នុង​ផ្ទៃដី​មួយ​ហិកតា ស្លឹកគ្រៃ​ប្រភេទ​នេះ អាច​ផ្តល់​ទិន្នផល​បានជា​មធ្យម​១០​តោន ក្នុង​មួយដង​។ សម្រាប់​ស្លឹកគ្រៃ​ខ្មែរ​វិញ គឺជា​ប្រភេទ​ពូជ​ស្លឹកគ្រៃ​គ្រឿង ក៏​អាច​ចម្រាញ់យកប្រេង​បានដែរ ប៉ុន្តែ​ត្រូវ​ចំណាយ​ស្លឹកគ្រៃ​រហូតដល់​៧០០​គីឡូក្រាម បាន​អាច​ចម្រាញ់យកប្រេង​បាន​១​លីត្រ​។ 


 
​សព្វថ្ងៃនេះ​លោក ឃី លាង បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ប្រភេទ​ស្លឹកគ្រៃ​YAVA​នេះ នៅ​កំពង់ធំ​២០​ហិកតា និង​ផ្ទៃដី​ជាច្រើន​ហិកតា​ទៀត នៅ​ខេត្តសៀមរាប និង​ពោធិ៍សាត់​។ ក្រៅពី​ការពង្រីក​ការដាំដុះ​នេះ លោក ក៏​បញ្ជា​ទិញ​ស្លឹកគ្រៃ​ពី​ប្រជាកសិករ ក្នុងតម្លៃ​ជាប់កិច្ចសន្យា​ចាប់​៥២​ដុល្លារ ក្នុង​មួយ​តោន និង​ទិញ​ប្រេង​ស្លឹកគ្រៃ​លើ​តម្លៃ​១៣​ដុ​លា្ល​រ ក្នុង​មួយ​លីត្រ​។​
 
​អ្នកជំនាញ​កសិកម្ម​និង​ទីផ្សារ​រូបនេះ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា ការដាំ​ស្លឹកគ្រៃ​នេះ កសិករ​មិន​ត្រឹមតែ​ងាយស្រួល​ដាំ​ដុះ​នោះទេ គឺ​ថែមទាំង​ជួយ​កែលម្អ​ដី​ឱ្យមាន​ជីវជាតិ ព្រមទាំង​ទទួលបាន​ប្រាក់ចំណូល​ពី​ការដាំ​ស្លឹកគ្រៃ​លើ​ផ្ទៃដី​មួយ​ហិកតា ពី​៣០០០​ទៅ​៥០០០​ដុល្លារ​ក្នុង​មួយឆ្នាំ ផងដែរ​។ លោក​បាន​ពន្យល់​ដូច្នេះ​៖«​ការដាំ​ស្លឹកគ្រៃ​ដំបូង យើង​ចំណាយពេល​ថែទាំ ៦​ខែ បាន​យើង​អាច​ច្រូត​ឬ​កាត់​ស្លឹកគ្រៃ យកទៅ​ទីផ្សារ​បាន ប៉ុន្តែ​ក្រោយៗ​មកទៀត យើង​ចំណាយពេល​ថែទាំ​ត្រឹមតែ​៤៥​ថ្ងៃ​ប៉ុណ្ណោះ គឺអាច​ប្រមូល​ផល​បែបនេះ បាន​រហូតដល់​៥​ឆ្នាំ​»៕
 
 

Tag:
 ស្លឹកគ្រៃ​
  ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com