អន្តរជាតិ
កូរ៉េខាងជើង​ប្រកាសថា​បានធ្វើ​ការសាកល្បង​ដ៏​សំខាន់​មួយ​នៅ​កន្លែង​បាញ់​គ្រាប់​រ៉ុក្កែត​
09, Dec 2019 , 7:59 pm        
រូបភាព
រូប​ឯកសារ៖ ទូរទស្សន៍​មួយ​បង្ហាញ​រូបភាព​នៃ​កន្លែង​បាញ់​បង្ហោះ​មីស៊ីល នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
រូប​ឯកសារ៖ ទូរទស្សន៍​មួយ​បង្ហាញ​រូបភាព​នៃ​កន្លែង​បាញ់​បង្ហោះ​មីស៊ីល នៅ​ក្នុង​កម្មវិធី​ព័ត៌មាន​មួយ​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល ក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។
ដោយ: VOA
​ប្រទេស​កូរ៉េខាងជើង​បានធ្វើការ​សាកល្បង​ដ៏​សំខាន់​មួយ​នៅឯ​ស្ថានីយ៍​បាញ់​គ្រាប់​រ៉ុក្កែត Sohae​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ​។​

 
​ការសាកល្បង​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅឯ​ស្ថានីយ៍​បាញ់​គ្រាប់​រ៉ុក្កែត​ចម្ងាយ​ឆ្ងាយ​នៅ​តំបន់ Tongch'ang-ri ក្នុង​ខេត្ត Pyongan ខាងជើង ដែល​ស្ថិត​នៅក្បែរ​ព្រំប្រទល់​ប្រទេស​ចិន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Korean Central News របស់​រដ្ឋាភិបាល​កូរ៉េខាងជើង​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន​នោះបាន​ឲ្យ​ដឹង​ទៀតថា លទ្ធផល​នៃ​ការសាកល្បង​នេះ «​នឹង​ជះឥទ្ធិពល​ដ៏​សំខាន់​ទៅលើ​ការផ្លាស់ប្ដូរ​គោលជំហរ​យុទ្ធសាស្ត្រ​របស់​កូរ៉េខាងជើង​ម្ដងទៀត​ក្នុងពេល​ឆាប់ៗ​នេះ​»​។​
 
​សេចក្ដីរាយការណ៍​នោះ​មិនបាន​បញ្ជាក់​អំពី​ប្រភេទ​នៃ​ការសាកល្បង​ដែល​ត្រូវបានធ្វើ​នោះទេ​។​
 
​សេចក្ដីប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​ក្រោយមក បន្ទាប់ពី​បណ្ដាញសារព័ត៌មាន CNN បាន​រាយការណ៍​ថា ក្រុមហ៊ុន Planet Labs ដែលជា​ក្រុមហ៊ុន​ផ្ដល់​រូបភាព​ពី​ផ្កាយរណប​មួយ បាន​រកឃើញថា​មាន​ការធ្វើសកម្មភាព​មួយ​នៅឯ​ស្ថានីយ៍​បាញ់​រ៉ុក្កែត Sohae និង​មាន​រូបភាព​មួយ​បង្ហាញ​ពី​កុង​តឺ​ណឺ​ដ៏​ធំ​មួយ​នៅឯ​ស្ថានីយ៍​នោះ​ផងដែរ​។​
 
​ឆ្នាំនេះ កូរ៉េខាងជើង​បាន​ចំណាយ​ពេលវេលា​ច្រើន​បំផុត​ដើម្បី​ធ្វើការ​សាកល្បង​គ្រាប់​មី​ស៊ី​ល​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com