អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហ​បុរី ប្រើ​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​បញ្ជា​ឲ្យ​បក្សប្រឆាំង​កែប្រែ​ការផ្សព្វផ្សាយ​មិន​ពិត​តាម​បណ្តាញ​សង្គម​
15, Dec 2019 , 2:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​សិង្ហ​បុរី នៅ​ថ្ងៃ​១៤ ធ្នូ បានចេញ​បញ្ជា​ឲ្យ​គណបក្សប្រឆាំង​មួយ​ចេញផ្សាយ​កែតម្រូវ​លើ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម និង​អត្ថបទ​ដែល​ចុះផ្សាយ​តាម​គេ​ទំព័រ​ពាក់ព័ន្ធ​បញ្ហា​អត្រា​នៃ​អ្នកមាន​ការងារ​ធ្វើ​របស់​ប្រទេស ។ បទបញ្ជា​នេះ ធ្វើឡើង​ក្រោម​អំណាចច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត ដែល​ប្រទេស​តូច​ជាងគេ​ក្នុង​តំបន់​មួយ​នេះ ទើបតែ​ដាក់​ប្រើប្រាស់​។​

 
​គិត​ចាប់ពី​ច្បាប់​ប្រឆាំង​ព័ត៌មាន​មិន​ពិត​ចូល​ជាធរ​មានមក នេះ​គឺជា​ករណី​ទី​បី​ហើយ ដែល​រដ្ឋាភិបាល​សិង្ហ​បុរី បាន​យក​ច្បាប់​នេះ​ដើម្បី​ឆ្លើយតប និង​ចាត់វិធានការ​ទៅនឹង​ព័ត៌មាន និង​ការផ្សព្វផ្សាយ​នានា​តាម​ប្រព័ន្ធ​អន​ឡាញ ជាពិសេស​ក្នុង​បណ្តាញ​សង្គម ដែល​រដ្ឋាភិបាល​យល់ឃើញ​ថា​ជា​ព័ត៌មាន​ក្លែងក្លាយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Bangkok Post​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល រដ្ឋាភិបាល បានដាក់​បញ្ជា​ឲ្យ​បក្ស​ប្រជាធិបតេយ្យ ដែលជា​បក្សប្រឆាំង​មួយ​របស់​ប្រទេស ចេញ​អត្ថបទ​កែតម្រូវ​ឡើងវិញ ទៅលើ​ការចុះផ្សាយ​របស់ខ្លួន​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​អំពី​ទីផ្សារការងារ​របស់​ប្រទេស ដែល​លើកឡើងថា អត្រា​នៃ​អ្នក​វិជ្ជាជីវៈ អ្នកគ្រប់គ្រង និង​អ្នកបច្ចេកទេស កំពុងតែ​បាត់បង់​ការងារ​ជា​បន្តបន្ទាប់​។ 
​តាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ការងារ​សិង្ហ​បុរី ការចុះផ្សាយ​បែបនេះ បានធ្វើ​ឲ្យ​មាន​ការយល់ច្រលំ​ពី​ស្ថិតិ​ពិតប្រាកដ ពោលគឺ​ខុសពី​ការពិត​។ តាម​រដ្ឋមន្ត្រី​ជំនាញ គិត​ចាប់ពី​ឆ្នាំ​២០១៥​មក អត្រា​នៃ​ការ​អ្នកមាន​ការងារ​ធ្វើជា​ពិសេស​អ្នកជំនាញ និង​បច្ចេកទេស មានការ​កើនឡើង​បន្តបន្ទាប់​នោះទេ​។ 
 
​សម្រាប់​មជ្ឈដ្ឋាន​ខាងក្រៅ វិធានការ​បែបនេះ គឺជា​ផ្នែក​មួយ​នៃ​ការ​រឹតត្បិត​សិទ្ធិ និង​សេរីភាព នៃ​ការបញ្ចេញមតិ​។ កន្លងមក ក្រោម​ច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត និង​ការ​បំ​ភ្លើ​ស​ព័ត៌មាន រដ្ឋាភិបាល​សិង្ហ​បុរី បាន​មាន​វិធាន​លើ​អ្នក​បំពាន​ដោយផ្ទាល់​ផង និង​ដោយ​ប្រយោល​ផង​។ ដោយ​ប្រយោល​នោះ​គឺ​ក្នុងករណី​មុន រដ្ឋាភិបាល បានស្នើ​ទៅកាន់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ឲ្យ​ជូនដំណឹង​ព្រមាន​ដល់​អ្នកប្រើប្រាស់​របស់ខ្លួន​ដែល​និយាយ​រឿង​មិន​ពិត​ពី​សិង្ហ​បុរី ដែលជា​ផ្នែក​មួយ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​។​
 
​តាមពិតទៅ មិនមាន​ប្រទេស​នៅក្នុង​តំបន់​ច្រើន​នោះទេ ដែលមាន​ច្បាប់​ប្រឆាំងនឹង​ព័ត៌មាន​មិន​ពិត​បែបនេះ​។ ថ្មីៗ​នេះ​អ្នកជិតខាង​សិង្ហ​បុរី​តែម្តង គឺ​ម៉ាឡេស៊ី ទើបតែ​បាន​មោឃភាព​ច្បាប់​ប្រភេទ​នេះ ដែល​បានអនុម័ត​ក្នុង​អាណត្តិ​រដ្ឋាភិបាល​មុន ដោយ​យល់ឃើញថា ច្បាប់​ប្រភេទ​នេះ មិនមាន​ចាំបាច់ និង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​។​
 
​ក៏ប៉ុន្តែ​យ៉ាងណា រដ្ឋាភិបាល​សិង្ហ​បុរី បានបញ្ជាក់​ជាច្រើន​ដង​រួច​ហើយពី​គោលបំណង​នៃ​ការបង្កើត​ច្បាប់​នេះ​ឡើង​។ នោះ​គឺ ដោយសារតែ​សិង្ហ​បុរី គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់ មាន​ប្រជាជន​ចម្រុះ​រស់នៅ ដែល​ងាយ​នឹងរង​ការវាយប្រហារ និង​បង្ក​ភាពច្របូកច្របល់ តាមរយៈ​ការ​បំភ្លៃ​ព័ត៌មាន​ជាដើម​៕ 

Tag:
 សិង្ហ​បុរី​
  ព័ត៌មាន​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com