លោក ស សុខា ស្នើ​កីឡាករ អាជ្ញាកណ្តាល ក្នុង​ពាន​អន្តរក្រសួង ឲ្យ​គោរព​បទបញ្ជា​ប្រកួត​
កីឡាជាតិ
ជាតិ
លោក ស សុខា ស្នើ​កីឡាករ អាជ្ញាកណ្តាល ក្នុង​ពាន​អន្តរក្រសួង ឲ្យ​គោរព​បទបញ្ជា​ប្រកួត​
17, Dec 2019 , 10:14 am        
រូបភាព
​ក្រុមបាល់ទាត់​ចំនួន​៣១​ក្រុម ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក ក្នុង​ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន ដែល​បាន​បើក​ការប្រកួត កាលពី​ថ្ងៃទី​១៤ ខែធ្នូ​កន្លងទៅ​។ ដើម្បី​ឲ្យ​ការប្រកួត​កាន់តែ​ស្វិតស្វាញ និង​ទាក់ទាញ លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ជំរុញ​ឲ្យ​កីឡាករ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ពិសេស​អាជ្ញាកណ្តាល ត្រូវ​កាត់ក្តី​ឲ្យ​យុត្តិធម៌​។


ពានរង្វាន់​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ឆ្នាំ​២០១៩​នេះ មាន​ក្រុម​ចូលរួម​សរុប​៣១​ក្រុម មកពី​តាម​បណ្តា​ក្រសួង​-​ស្ថាប័នរដ្ឋ ទូទាំងប្រទេស​។ ការប្រកួត ត្រូវ​ប្រព្រឹត្តទៅ​ចន្លោះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០ ហើយ​ត្រូវបាន​បែង​ចែកជា​៨​ពូ​ល​។ ក្នុង​មួយ​ពូ​លៗ​មាន​៤​ក្រុម ហើយ​ពូ​ល​មួយ​ក្នុងចំណោម​នោះ មានតែ​៣​ក្រុម​ប៉ុណ្ណោះ​។ ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២​ក្នុង​ពូ​ល​នីមួយៗ នឹង​ឡើងទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម ចុងក្រោយ​១/៨​។ 


 
​លោក ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា បាន​ក្រើនរំលឹក​កីឡាករ និង​អាជ្ញាកណ្តាល ឲ្យ​គោរព​វិធាន និង​បទបញ្ជា​ការប្រកួត​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ឈរលើ​គោលការណ៍​លេង និង​កាត់ក្តី​ដោយ​យុត្តិធម៌ (Fair Play)​។ ដើម្បី​ឲ្យ​ការប្រកួត​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​យុត្តិធម៌ និង​មាន​គុណភាព​កាន់តែ​ប្រសើរ លោក ស សុខា ក៏​ជំរុញ​ឲ្យ​កីឡាករ ខិតខំ​ប្រឺ​ង​ប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ក្រោម​ស្មារតី​យោគយល់​ខ្ពស់ ព្រោះ​ការប្រកួត តែងតែមាន​ការប៉ះទង្គិច​គ្នា​។ 
 
​លោក សុខ សប្បាយ​ណា ប្រធាន​គណៈកម្មការ​រៀប​ចំ​ពានរង្វាន់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន នេះ ក៏បាន​ស្នើ​ឲ្យ​កីឡាករ និង​អាជ្ញាកណ្តាល គោរព​បទបញ្ជា​ការប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​កើតឡើង​ក្នុងអំឡុងពេល​ប្រកួត​។ លោក សុខ សប្បាយ​ណា បន្ត​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដូច្នេះ​៖«​ខ្ញុំ​សន្យាថា នឹង​រៀបចំ​ដំណើរការ​នេះ ឲ្យ​ប្រព្រឹត្ត​ទៅដោយ​ឥត​លម្អៀង សេរី យុត្តិធម៌ និង​អនុលោម​តាម​បទបញ្ជា​នៃ​ការប្រកួត ព្រមទាំង​លើកកម្ពស់​ស្មារតី​សាមគ្គីភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ និង​សូម​ឲ្យ​បងប្អូន​កីឡាករ​ទាំងអស់ គោរព​បទបញ្ជា​ការប្រកួត​នៅលើ​ទីលាន ឲ្យ​បាន​ខ្ជាប់​ខ្ជូ​ន​ក្នុងនាម​ជា​អ្នកកីឡា​»​។​

​សូមជម្រាបថា ពានរង្វាន់​ពានរង្វាន់​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​បំផុស​ចលនា​កីឡា នៅតាម​ស្ថាប័នរដ្ឋ ក៏ដូចជា​រួមចំណែក​ផ្សព្វផ្សាយ និង​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​។ ការផ្តល់​ឱកាស​លេង​កីឡា និង​ឲ្យ​យុវជន ដែល​បម្រើ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ​ផ្សេងគ្នា​បាន​ស្គាល់គ្នា ក៏​ស្ថិតក្នុង​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះដែរ​៕  

 






Tag:
 បាល់ទាត់​
  ស សុខា​
  ពាន​មិត្តភាព​យុវជន​អន្តរក្រសួង​ស្ថាប័ន
© រក្សាសិទ្ធិដោយ thmeythmey.com