អន្តរជាតិ
ហុងកុង លុបចោល​ពិធី​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​សកល
18, Dec 2019 , 10:19 pm        
រូបភាព
រូបភាព៖ Bloomberg
រូបភាព៖ Bloomberg
​ពិធី​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ ដែលជា​ពិធី​ប្រពៃណី​ទីក្រុង​ហុងកុង ត្រូវបាន​ប្រកាស​លុបចោល​លុបចោល​ជា​លើកដំបូង​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ​។ ការប្រកាស​លុបចោល​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​ណាមួយ​ចេញពី​ការធ្វើ​បាតុកម្ម​។


 
​ក្រុម​រៀបចំ​កម្មវិធី​បាញ់​កាំជ្រួច នៅក្នុង​ក្រុមប្រឹក្សា​ទេសចរណ៍​ទីក្រុង​ហុងកុង នៅ​ថ្ងៃទី​១៧ ខែធ្នូ បាន​ឲ្យ​ដឹងថា ពិធី​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ នៅ​កំពង់ផែ Victoria នឹងត្រូវ​លុបចោល ដើម្បី​ការពារ​សុវត្ថិភាព​ភ្ញៀវទេសចរ​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ស្របពេល​កំណើន​ភ្ញៀវទេសចរ បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង នៅក្នុង​ខែវិច្ឆិកា កន្លងមកនេះ ភ្ញៀវទេសចរ បាន​ធ្លាក់ចុះ​ប្រមាណ​ជា ៥៦​ភាគរយ ខណៈពេល​កំណើន​អ្នក​អត់​ការងារ បាន​កើន​ឡើងជា​បន្តបន្ទាប់​។​
 
​បើទោះបីជា​កាំជ្រួច​ឆ្លង​ឆ្នាំ​ត្រូវបាន​លុបចោល​មែន ប៉ុន្តែ​ក្រុម​រៀបចំ​កម្មវិធី នឹងដាក់​ជំនួស​ការបា​ញ់​កាំជ្រួច​ខ្នាតតូច​ពីលើ​អាគារ​ខ្ពស់ៗ​មកវិញ ហើយ​ក្នុង​ចំនួន​តិចតួច​ប៉ុណ្ណោះ បើ​ធៀប​ទៅនឹង​ការបាញ់​កាំជ្រួច​នៅ​កំពង់ផែ Victoria ។ លោក Pang Yiu-kai ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​បាន​គូសបញ្ជាក់ថា សុ​វត្តិភាព​ភ្ញៀវទេសចរ គឺ​សំខាន់​ជាទីបំផុត បើទោះបីជា​ការបាញ់​កាំជ្រួច អាច​ទាក់ទាញ​ភ្ញៀវទេសចរ បាន​យ៉ាងច្រើន​ក៏ដោយ​។ ក្នុងន័យនេះ ពិធី​បាញ់​កាំជ្រួច មិនអាច​ធ្វើឡើង​បានជា​ដាច់ខាត ប្រសិនបើ​វា​ប៉ះពាល់​សន្តិសុខ​សាធារណៈ​។ 
 
​ក្រៅពី​ពិធី​បាញ់​កាំជ្រួច​ត្រូវ​លុបចោល ព្យុហយាត្រា​ក្នុង​ឆ្នាំ​ថ្មី​នៅ​ខែមករា ឆ្នាំ​២០២០ ក៏ត្រូវ​បាន​លុបចោល​ដូចគ្នា​។ ប៉ុន្តែ​វា​ត្រូវដាក់​ជំនួស​មកវិញ ក្បួន​សម្តែង​តាមផ្លូវ​វិញ​។ ការធ្វើ​បែបនេះ គឺ​ដើម្បី​បញ្ចៀស គ្រោះថ្នាក់​ពី​ក្រុមបាតុករ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត South China Morning Post ។​
 
​ការបាញ់​កាំជ្រួច​ត្រូវ​លុប ប៉ុន្តែ​ក្រុម​រៀបចំ​កម្មវិធី​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ នឹងដាក់​បន្ថែម​ការបា​ញ់​ពន្លឺភ្លើង​ពណ៌​ពី​អាគារ​ខ្ពស់ៗ​ជំនួស​វិញ​។ ចំណែក​ការរាប់​ថយក្រោយ (Countdown) នោះ គេ​នឹង​រៀបចំ​ឲ្យ​មើល​នៅលើ​ទូរ​សព្ទ តាមរយៈ​ការផ្សាយ​ផ្ទាល់​វិញ​។ នេះ​បើតាម​ការអះអាង​របស់​លោក Dane Cheng Ting-yat នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ទេសចរណ៍​។ 
 
​សូមបញ្ជាក់ថា គិត​រហូត​មកទល់ពេលនេះ បាតុកម្ម​នៅ​ទីក្រុង​ហុងកុង គឺមាន​រយៈពេល​ជិត ៧​ខែ​មកហើយ ដើម្បី​ប្រឆាំង​ទៅនឹង​រដ្ឋបាល​ទីក្រុង​ហុងកុង​។ ក្នុង​រយៈពេល​កន្លងមក​នេះ បាតុកម្ម​នៅក្នុង​ទីក្រុង បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ បាន​ធ្លាក់ចុះ​យ៉ាងគំហុក រហូតដល់ ៥៦​ភាគរយ ក្នុង​ខែវិច្ឆិកា បើ​គិត​ចាប់ពី​ឆ្នាំ ២០០៣​មក​៕

Tag:
 ហុង​កុង
© រក្សាសិទ្ធិដោយ thmeythmey.com