អន្តរជាតិ
របាយការណ៍ WHO៖ អ្នកប្រើប្រាស់​ថ្នាំជក់ ធ្លាក់ចុះ​រហូតដល់ ៦០​លាន​នាក់​ក្នុង​ពីរ​ទសវត្សរ៍​នេះ​
20, Dec 2019 , 8:59 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​របាយការណ៍​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​១៩ ខែធ្នូ បាន​បង្ហាញថា ចំនួន​អ្នកប្រើប្រាស់​ថ្នាំជក់​ក្នុង​ពិភពលោក គឺមាន​ការធ្លាក់ចុះ​គួរ​ឲ្យ​កាត់​សម្គាល់ ប៉ុន្តែ​ធ្លាក់ចុះ​តែ​ចំនួន​ស្ត្រី និង​កូនក្មេង​តែប៉ុណ្ណោះ ខណៈពេល​បុរស​មានការ​កើនឡើង​។ របាយការណ៍​រំពឹងថា ចំនួន​អ្នកប្រើប្រាស់​ថ្នាំជក់​ជា​បុរស នឹងមាន​ការធ្លាក់ចុះ​បន្តិច​វិញ ក្នុង​ឆ្នាំ ២០២០​។  បើទោះបីជា​អត្រា នៃ​អ្នកប្រើប្រាស់​ថ្នាំជក់​ធ្លាក់ចុះ​ក៏ពិតមែន ប៉ុន្តែ​ចំនួន​នេះ មិនបាន​គិត​លើ​អ្នកប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និ​ចឡើយ​។


 
​របាយការណ៍ រាប់បញ្ចូល​តែ​ចំនួន នៃ​អ្នក​ជក់បារី​ធម្មតា បារី​ស៊ី​ហ្គា ខ្សៀ និង​ខ្សៀ​ទឹក និង​ផលិតផល​គ្មាន​ផ្សែង​តែប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​គិត​បញ្ចូល​បារី​អេ​ឡិច​ត្រូវ​និ​ចឡើយ​។ 
 
​បើ​គិត​ត្រឹម​ពីរ​ទសវត្សរ៍​កន្លងមក​នេះ ចំនួន​នៃ​អ្នកប្រើប្រាស់​ថ្នាំជក់ គឺ​បាន​ធ្លាក់ចុះ​ពី​ចំនួន ១,៣៩៧​លាន​នាក់​ក្នុង​ឆ្នាំ ២០០០ មក​ត្រឹម​១,៣៣៧​លាន​នាក់ ក្នុង​ឆ្នាំ ២០១៨ ពោលគឺ វា​បាន​ធ្លាក់ចុះ​ប្រមាណ​ជា ៦០​លាន​នាក់​។ ក្នុងនោះ ចំនួន​ស្ត្រី ដែល​បាន​ប្រើប្រាស់​ថ្នាំជក់ គឺ​បាន​ធ្លាក់ចុះ​ពី​ចំនួន ៣៤៦ លាន​នាក់ ក្នុង​ឆ្នាំ ២០០០ មក​ត្រឹមតែ ២៤៤​លាន​នាក់​។ ចំណែក​បុរស បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ចំនួន​អ្នក​ជក់​ជា​បុរស មានការ​កើនឡើង​ពី​៤០​លាន​នាក់ ដល់​ជាង​១​ពាន់​លាន​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ដោយ​ស្មើនឹង​អត្រា ៨០​ភាគរយ​នៃ​អ្នកប្រើប្រាស់​ថ្នាំជក់ បុរស ក៏បាន​ចាប់ផ្តើម​ទាត់ចោល​ទម្លាប់​អាក្រក់​មួយ​នេះ ជា​បណ្តើរៗ​ហើយ​ដែរ​។ តាមរយៈ​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​ដដែល​នេះ បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០២០​ខាងមុខ ចំនួន​បុរស​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ នឹង​ធ្លាក់ចុះ​ចំនួន ២​លាន​នាក់ បើ​ធៀប​ទៅនឹង​ឆ្នាំ ២០១៨ ។​ហើយ​របាយការណ៍​នេះ បាន​រំពឹងថា ចំនួន​បុរស​ប្រើប្រាស់​ផលិតផល​ថ្នាំជក់ នឹងមាន​ការធ្លាក់ចុះ ក្នុង​អត្រា ៦​លាន​នាក់ នៅក្នុង​ឆ្នាំ ២០២៥​។ 
 
​ពាក់ព័ន្ធ​នឹង​របាយការណ៍​ថ្មី​នេះ ទីភ្នាក់ងារ​សុខភាព​ពិភពលោក បានចង្អុលបង្ហាញ​ថា ការធ្លាក់ចុះ​នៃ​អត្រា​អ្នកប្រើប្រាស់​ថ្នាំជក់ គឺ​ដោយសារ​យុទ្ធនាការ​ប្រឆាំងនឹង​ប្រើប្រាស់​ថ្នាំជក់​កន្លងមក​។ ប៉ុន្តែ​ទីភ្នាក់ងារ​សុខភាព​មួយ​នេះ ក៏បាន​ព្រមាន​ផងដែរ​ថា បើទោះបីជា​មានការ​កាត់បន្ថយ​ចំនួន​អ្នកប្រើប្រាស់​ថ្នាំជក់ ក៏ពិតមែន ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក ត្រូវ​ចាត់វិធានការ​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​ចំនួន​ដ៏​ច្រើន​លើសលុប ដែល​កំពុងតែ​ញៀន ក្នុងការ​ប្រើប្រាស់​ថ្នាំជក់​។ 
 
​ជាមួយគ្នានេះ លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ជា​បុរស គឺជា​ការផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ការប្រើប្រាស់​ថ្នាំជក់​។ យ៉ាងណាក៏ដោយ ចំនួន​នៃ​ការធ្លាក់ចុះ​នេះ គឺ​មិនអាច​ផ្តាច់​ចេញពី​យុទ្ធនាការ និង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​រឹតបន្តឹង​ឧស្សាហកម្ម​ថ្នាំជក់​នោះឡើយ​។​
 
​សូមបញ្ជាក់ថា មនុស្ស​ចំនួន ៨ លាន​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ថ្នាំជក់ ជា​រៀងរាល់ឆ្នាំ​។ ក្នុងចំណោម ៨​លាន​នាក់ មនុស្ស​ជាង ៧​លាន​នាក់ បាន​ស្លាប់ ដោយសារ​ការប្រើប្រាស់​ថ្នាំជក់​ផ្ទាល់ ខណៈពេល​១,២​លាន​នាក់ គឺ​ស្លាប់​ដោយសារ​ការ​ស្រូប​ផ្សែង​ពី​អ្នកប្រើប្រាស់​ផលិតផល​ថ្នាំជក់​។ ជាពិសេស ចំនួន​នៃ​អ្នក​ជក់ ៨០​ភាគរយ គឺ​មកពី​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​មធ្យម ៕

Tag:
 ​ថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com