អន្តរជាតិ
កូរ៉េខាងជើង​រិះគន់​ការចោទប្រកាន់​ថ្មីៗ​របស់​ក្រសួងការបរទេស​អាមេរិក​អំពី​កំណត់ត្រា​សិទ្ធិមនុស្ស​
22, Dec 2019 , 9:51 am        
រូបភាព
រូបឯកសារ៖ បាតុករ​កូរ៉េ​ខាង​ត្បូង​ និង​ជន​កូរ៉េ​ខាង​ជើង​ដែល​រត់​គេច​ខ្លួន​ កាន់​រូប​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង ដោយ​ជំរុញ​​ឲ្យ​អាមេរិក​និង​កូរ៉េ​ខាង​ជើង​ជជែក​គ្នា​ពិ​បញ្ហា​សិទ្ធិ​មនុស្ស កាល​ពី​ខែ​កុម្ភៈ ២០១៩។
រូបឯកសារ៖ បាតុករ​កូរ៉េ​ខាង​ត្បូង​ និង​ជន​កូរ៉េ​ខាង​ជើង​ដែល​រត់​គេច​ខ្លួន​ កាន់​រូប​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង ដោយ​ជំរុញ​​ឲ្យ​អាមេរិក​និង​កូរ៉េ​ខាង​ជើង​ជជែក​គ្នា​ពិ​បញ្ហា​សិទ្ធិ​មនុស្ស កាល​ពី​ខែ​កុម្ភៈ ២០១៩។
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ​សៅរ៍​ប្រទេស​កូរ៉េខាងជើង​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​ការចោទប្រកាន់​ថ្មីៗ​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​អំពី​កំណត់ត្រា​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ ដោយ​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹងត្រូវ​ខាតបង់​ច្រើន​ចំពោះ​អ្វីដែល​ប្រទេស​ក​ម្មុយ​និ​ស្ត​នេះ​ហៅថា «​សម្តី​ផ្តេសផ្តាស​»​។​

 
​ក្រសួងការបរទេស​កូរ៉េខាងជើង​បានលើកឡើង​យ៉ាង​ពិសេស​អំពី​បទសម្ភាសន៍​របស់​វី​អូ​អេ​នាពេល​ថ្មីៗ​នេះ​ជាមួយ​មន្ត្រី​ក្រសួងការបរទេស​ជាន់ខ្ពស់​មួយរូប​ដែល​បាន​និយាយថា សហរដ្ឋអាមេរិក​នៅតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កូរ៉េខាងជើង​។​
 
​ការអត្ថាធិប្បាយ​បានកើត​ឡើង​នៅពេល​មាន​ភាព​ដ៏​តានតឹង​។ កូរ៉េខាងជើង​ដែល​បាន​សន្យា​ជូនអំណោយ​ប្រផ្នូល​មិនល្អ​ដល់​អាមេរិក​សម្រាប់​បុណ្យ​គ្រី​ស្ទ​ម៉ាស់ បាន​គំរាម​ដើរ​ចេញពី​កិច្ចចរចា​នុយក្លេអ៊ែរ​និង​បន្ត​បង្កហេតុ​ធំៗ ដូចជា​ការសាកល្បង​នុយក្លេអ៊ែរ ឬ​ការបាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​។ សហរដ្ឋអាមេរិក​ក៏​កំពុង​បង្កើន​សម្ពាធ​បន្តិច​ម្តងៗ​ទៅលើ​កូរ៉េខាងជើង​។ 
 
​ក្រសួងការបរទេស​កាល​ពីថ្ងៃ​សុក្រ​បាន​ឲ្យ​ចំណាត់ថ្នាក់​ជាថ្មី​ថា កូរ៉េខាងជើង​ជា​ប្រទេស​រំលោភ​សេរីភាព​សាសនា​។ នៅ​ថ្ងៃ​ដដែល​នោះ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ចុះហត្ថលេខា​លើ​ច្បាប់​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដែរ​។​
 
​កូរ៉េខាងជើង​មិនបាន​ធ្វើ​អត្ថាធិប្បាយ​លើ​វិធានការ​ចុងក្រោយ​ទាំងនេះ​ទេ​។ ផ្ទុយទៅវិញ ប្រទេស​នេះ​បាន​ជំទាស់​នឹង​បទសម្ភាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​លោក Nike Ching  អ្នកឆ្លើយឆ្លង​ព័ត៌មាន​វី​អូ​អេ​នៅ​ក្រសួងការបរទេស បាន​សម្ភាស​លោក Robert Destro ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​ល​ទ្ធិ​ប្រជាធិបតេយ្យ​សិទ្ធិមនុស្ស​និង​ការងារ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com