អន្តរជាតិ
សារ​មេដឹកនាំ​ពិភពលោក​ក្នុង​ឆ្នាំ ២០២០
01, Jan 2020 , 11:01 am        
រូបភាព
​ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ ២០២០ មេដឹកនាំ​សំខាន់ៗ បានចេញ​មុខ​ផ្ងើ​សារសំខាន់​ជា​បន្តបន្ទាប់​។ ក្នុងនេះ​មេដឹកនាំ​ខ្លះ បាន​ផ្ញើ​សារ​ពី​ការ​ការ​ការ​បរិស្ថាន ខ្លះ​និយាយ​ពី​បញ្ហា​ក្នុងស្រុក និង​ខ្លះទៀត​និយាយ​ពី​បញ្ហា​គោលនយោបាយ​ការបរទេស​។


 
​ចាប់ពី​នាយករដ្ឋមន្ត្រី​វ័យក្មេង​ហ្វាំ​ង​ឡង់ លោកស្រី Sanna Marin ដល់ ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន រហូតដល់ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​មេដឹកនាំ​មួយចំនួនទៀត​។ ខាងក្រោម​នេះ គឺជា​សារ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​សំខាន់ៗ ក្នុង​ឆ្នាំ ២០២០៖ 
 
​នាយករដ្ឋមន្ត្រី​ហ្វាំ​ង​ឡង់ Sanna Marin

​លោកស្រី Sanna Marin គឺជា​ប្រមុខ​រដ្ឋាភិបាល ដែលមាន​វ័យ ៣៤​ឆ្នាំ និង​ក្មេង​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ សម្រាប់​សារ​ឆ្នាំ​ថ្មី​នេះ លោកស្រី​Marin បាន​ថ្លែង​សារ​យ៉ាង​ដូច្នេះ​ថា គោលដៅ​សំខាន់​ក្នុង​ឆ្នាំ​ថ្មី​នេះ គឺ​ធ្វើយ៉ាងណា​ឲ្យ​ហ្វាំ​ង​ឡង់ ជា​សង្គម ដែលមាន​បរិស្ថាន​ល្អ​។ បើតាម​នាយករដ្ឋមន្ត្រី​វ័យ ៣៤​ឆ្នាំ​រូបនេះ ហ្វាំ​ង​ឡង់ ត្រូវតែ​ស្វែងរក​ដំណោះស្រាយ ដើម្បី​ប្រយុទ្ធប្រឆាំង​ការ​បម្រែបម្រួល​អាកាសធាតុ និង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក​ឲ្យ​កាន់តែ​តិច​បំផុត​។ `
 
​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល​

​ចំណែក​លោកស្រី​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល​ក៏បាន​និយាយ​ពី​បញ្ហា​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។ បើតាម​លោកស្រី​អធិការបតី បញ្ហា​បម្រែបម្រួល​អាកាសធាតុ គឺជា​ការគំរាមកំហែង​ពិតប្រាកដ​មួយ ហើយ​អាល្លឺម៉ង់​នឹងធ្វើ​គ្រប់បែបយ៉ាង ដើម្បី​ធានាថា​បញ្ហា​មួយ​នេះ នឹង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាល្លឺម៉ង់​។ 
 
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​

​បើ​មើល​ទៅខាង​រុស្ស៊ី​ឯណោះ​វិញ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​ទទូច​ឲ្យ​ប្រជាជន​រុស្ស៊ី ទាំងអស់​រួម​សាមគ្គី​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ជម្នះ​គោលដៅ​ដ៏​ធំ​បំផុត​សម្រាប់​ប្រទេស​។ បើតាម​ប្រធានាធិបតី​វ័យ ៦៧​ឆ្នាំ​រូបនេះ សាមគ្គីភាព​របស់​រុស្ស៊ី គឺ​សំខាន់​ណាស់ សម្រាប់​រុស្ស៊ី ក្នុងការ​ប្រឈម​ទៅនឹង​បញ្ហា​របស់​ពិភពលោក​ក្នុងពេល​ប​ច្ចប្ប​ន្ន​។ 
 
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​

​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក៏បាន​ថ្លែង​សារ​ក្នុងឱកាស​ឆ្នាំ​ថ្មី​ផងដែរ​។ ក្នុងនោះ លោក​ស៊ី បាន​សន្យាថា នឹង​ជម្នះ​គោលដៅ​ដ៏​ធំ​មួយ ដើម្បី​ក៏​កសាង​សង្គម​ចិន​ឲ្យ​មាន​ភាពរុងរឿង​។ ជាមួយគ្នានេះ លោក​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​រីករាយ ក្នុងឱកាស​ចូលឆ្នាំថ្មី​ផងដែរ​។ 
 
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​

​បន្ថែម​ពីនេះ ប្រមុខរដ្ឋ​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏បាន​ថ្លែង​សារ​ផងដែរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​។ ក្នុងនោះ លោក​ប្រធានាធិបតី​បារាំង សង្ឃឹមថា នឹងមាន​ការសម្របសម្រួល​មួយ ជុំវិញ​បញ្ហា​កំណែទម្រង់​ការចូលនិវត្តន៍​រ​របស់​ប្រជាជន​បារាំង​ពី​អាយុ​៦២​ឆ្នាំ ដល់ ៦៤​ឆ្នាំ​។ ការ​ថ្លែង​បែបនេះ គឺ​ដើម្បី​យកចិត្ត​ក្រុមបាតុករ​បារាំង ដែល​បានធ្វើ​បាតុកម្ម​ជុំវិញ​បញ្ហា​នេះ​យ៉ាងខ្លាំង​។ 

​នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន​
 
​ក្នុង​សារ​ឆ្នាំ​ថ្មី​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន បានលើកឡើង​ពី​បញ្ហា Brexit​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ឆ្នាំ ២០២០ គឺជា​ពេល ដែល​អង់គ្លេស​ត្រូវ​ដើរ​ចេញពី​អឺរ៉ុប ហើយ​បញ្ហា​Brexit ត្រូវតែ​បញ្ចប់​នៅ​ចុង​ខែម​ករានេះ​។ បើតាម​លោកនាយក​រដ្ឋមន្ត្រី កិច្ចការ​បន្ទាប់​របស់​លោក គឺ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ឲ្យ​បាន​មុខ​ដំណាច់ឆ្នាំ ២០២០៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com