ពីនេះ ពីនោះ
សំណាង ប្រាប់ អា សុធី​៖«​កុំ​ចោល​ការងារ ទៅ​បើកហាង ប្រយ័ត្ន​ដួល​បះជើង​!»
06, Jan 2020 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
 ​ជាធម្មតា សុធី និង​សំណាង ច្រើន​ជជែក​គ្នា​ពី​រឿង​សង្គម និង​នយោបាយ​។ តែ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ នៅ​ហាង​កាហ្វេ​ដដែល សុធី និង​សំណាង ជជែក​គ្នា​ពី​រឿង​គម្រោង​ចង់​រកស៊ី​ដូច​គេ​ដូច​ឯង​ដែរ ព្រោះ បច្ចុប្បន្ន មនុស្សម្នា​ចង់​ធ្វើ​ថៅកែ​រៀងៗ​ខ្លួន​។ ទាំង សំណាង និង សុធី សព្វថ្ងៃនេះ កំពុងធ្វើការ​ឲ្យ​ស្ថាប័នរដ្ឋ និង​ឯកជន​ផ្សេងៗ​គ្នា​។ តែ​ចុង​ក្រោយនេះ សុធី ចង់​ក្លាយខ្លួនជា​ថៅកែ​ដោយ​បោះបង់​ប្រាក់ខែ​ច្រើន​រយ ឬ​ពាន់​ដុល្លារ​ចោល​។

 
​សំណាង​៖ អា សុធី មុខ​ដូចជា​ស្រពោន​ម្ល៉េះ​? មានរឿង​អី​អាសម្លាញ់​ថ្ងៃនេះ​? 
 
​សុធី​៖ អត់​មានរឿង​អី​ទេ​អ្ហា​។ តែ​អញ​ធុញ​នឹង​កន្លែងធ្វើការ​ហ្នឹង​ណា៎​។ 
 
​សំណាង​៖ ចុ​ម ប្រាក់ខែ​រាប់រយ រាប់ពាន់​ដុល្លារ​ប៉ុន​ហ្នឹងហើយ​ធុញ​ទៀត​? 

 សុធី​៖ ធ្វើការ​ឲ្យ​គេ អ្ហែង​ដឹង​អត់​? ធ្វើការ​ក្រោម​សម្ពាធ គេ​ស្តី​ឲ្យ​ព្រឹកល្ងាច​។ 
 
​សំណាង​៖ សម្ពាធ​តិចតួច​តើ​។ តែ​ប្រាក់ខែ​ច្រើន​ណា៎ អា​ធី​។ ប្រាក់ខែ​អ្ហែង​ចិញ្ចឹម​គ្រួសារ​បាន​ជិត​១០​នាក់​ណា៎​។ កុំ​លេងសើច​ឲ្យ​សោះ អា ធី​។ 
 
​សុធី​៖ អញ​ដឹង​។ តែ​អ្ហែង​យល់​អារម្មណ៍​អញ​អត់​។ ធ្វើការ​ឲ្យ​គេ វា​សម្ពាធ​។ វា​ស្ត្រេ​ស ស្ត្រេ​ស ស្ត្រេ​ស​។ អ្ហែង​ដឹង​អត់​? 
 
​សំណាង​៖ អញ​ដឹង​។ ចុះ​អ្ហែង​ចង់​ធ្វើ​ម៉េច​? 
 
​សុធី​៖ អញចង់​ឈប់​ធ្វើការ​ឲ្យ​គេ ហើយ​អញ​ទៅ​បើក​ជំនួញ​ខ្លួនឯង​។ អញ​គិតថា ជំនួញ​ខ្លួនឯង​អាចមាន​សេរីភាព​ជាង​មុន អាច​រកចំណូលបាន​ច្រើនជាង​មុន​។ អញ​អាច​ដើរលេង​បាន​ស្រេច​តែ​នឹង​ចិត្ត​។ 

​សំណាង​៖ អា ធី​។ ប្រយ័ត្ន​តិច​ណា៎​។ គេ​បើក​ជំនួញ​បរាជ័យ​ច្រើន​ណាស់ណា៎​? អញ​ប្រាប់​អ្ហែង​យកបុណ្យ​ទេ​វ៉ើ​យ​។ ជំនួញ​បង្កើត​ថ្មី​ចំនួន​១០០ ជោគជ័យ​តែ​១០​ទេ​វ៉ើ​យ អា ធី​។ អា ធី ពីមុន​អញ​ក៏​ធុញ និង​ធ្លាប់​គិត​ដូច​អ្ហែង​ដែរ តែ​អញ​ធ្លាប់ធ្វើ​ជំនួញ​បះជើង​រួចហើយ​។ ជឿ​អញ​ទៅ មិន​ខុស​ទេ​។ បើ​អ្ហែង​ធ្វើការ​បាន​ប្រាក់ខែ​ច្រើន​ហើយ ធ្វើ​សិន​ទៅ​។ រកស៊ី​ខ្លួនឯង ពិបាក​ណាស់​។ ហើយ​មិន​ងាយ​ចំណេញ​ទៀត​។ 
 
​សុធី​៖ អា សំណាង អញ​អត់​ជឿ​អ្ហែង​ទេ​។ អញ​ឃើញ​អ្នករកស៊ី​មាន​លុយ​គ្រប់គ្នា​។ អ្នកធ្វើការ​ឲ្យ​គេ​មិនអាច​ក្លាយជា​អ្នកមាន​បានទេ​។ 
 
​សំណាង​៖ អា ធី អញ​ធ្លាប់​បួស​មុន​អ្ហែង​។ អញ​ស៊ី​អំបិល​ច្រើនជាង​អ្ហែង​ស៊ី​បាយ​។ អញ​ធ្លាប់​រកស៊ី​បះជើង​រួចហើយ មិត្តភក្តិ​អញ​ច្រើនណាស់ ក៏​បះជើង​ដែរ​។ អ្នកផ្សេង​ទៀត​ក៏​បះជើង​ដែរ​។ រកស៊ី​មិន​ស្រួល​ទេ​ណា៎ អា ធី​។ 
 
​សុធី​៖ (​គិត​បន្តិច តែ​មិន​ជឿ​សម្តី អា សំណាង​ឡើយ​)​។ អា សំណាង អញ​មិនអាច​គិត​ថយក្រោយ​វិញ​បានឡើយ ព្រោះ អញ​ប្រាប់​ប្រធាន​ក្រុមហ៊ុន​អញ​រួចហើយ​ថា អញ​នឹង​ឈប់​ធ្វើការ​ចាប់ពី​ថ្ងៃស្អែក​នេះ​ទៅ​។ 
 
​សំណង​៖ អើ បើ​អ៊ីចឹង​តាម​ដំណើរ​ទៅ​ចុះ​…​។ 
 
​ព្រឹក​នេះ សំឡាញ់​ទាំងពីរ តឹង​ស​សៃ​ក​ដាក់គ្នា​បន្តិច​។ តែ​ពួកគេ​ទាំងពីរ​នាក់​បែក​គ្នា​ពី​ហាង​កាហ្វេ​នៅ​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០ ហើយ​ទាំងពីរ​នាក់​សន្យា​ជួបគ្នា​នៅ​ថ្ងៃក្រោយ​បន្តទៀត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com