ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អស់​បារម្ភ​! បែកញើស​ខ្លាំងពេក​មែន​ទេ​? កុំ​រំលង​គន្លឹះ​ងាយៗ​ទាំងនេះ​
07, Jan 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​បែកញើស គឺជា​ប្រតិកម្ម​ទូទៅ​មួយ​របស់​រាងកាយ​តបត​នឹង​កម្ដៅ​។ ហើយ​ការ​បែកញើស​ច្រើន​នៅពេល​ធ្វើ​សកម្មភាព​រាងកាយ ឬ​ហាត់ប្រាណ​ខ្លាំង​ក៏​មិនមែនជា​រឿង​ចម្លែក​អ្វី​ដែរ​។ ទោះជា​យ៉ាងណា​ការ​បែកញើស​ខ្លាំង​សូម្បីតែ​ពេល​អង្គុយ​ធម្មតា​សោះ​អាចជា​រឿង​គួរឱ្យ​អាម៉ាស់​បំផុត​មួយ​។ គួរ​ធ្វើ​បែបណា​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ទប់ទល់​បញ្ហា​បែកញើស​ខ្លាំង ៖
 
១. ចៀសវាង​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​និង​គ្រឿង​ស្រវឹង​

​ក៏​ព្រោះតែ​កាហ្វេ​អ៊ី​ន​បង្ក​ការ​រំញោច​ដល់​ក្រពេញ​ញើស​នោះ ចូរ​អ្នក​ចៀសវាង​ទទួលទាន​កាហ្វេ​សូម្បី​តែមួយ​ពែង ឬ​ភេសជ្ជៈ​ដទៃទៀត​ដែលមាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​រយៈពេល​ប៉ុន្មាន​ម៉ោង​មុនពេល​ចូល​គេង​។ ជាពិសេស​ប្រសិនបើ​អ្នក​ឆាប់​ប្រតិកម្ម​ទៅនឹង​ជាតិ​កាហ្វេ​អ៊ី​ន​ទៀត​នោះ ចូរ​ចៀសវាង​ការ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន ឬ​កាហ្វេ​ពី ៥ ទៅ ៦ ម៉ោង​មុនពេល​ចូល​គេង​។ ហើយ​ចំពោះ​គ្រឿង​ស្រវឹង​វិញ ប្រសិនបើ​អ្នក​គិតថា​ការទទួល​ទាន​គ្រឿង​ស្រវឹង​អាចជួយ​ឱ្យ​អ្នក​ឈប់​ខ្វល់ខ្វាយ​ពី​បញ្ហា​បែកញើស​ពេលយប់​នោះ ចូរ​គិត​ម្ដងទៀត​! នោះ​ក៏​ព្រោះតែ​ជាតិ​អាល់កុល​ធ្វើឱ្យ​សរសៃឈាម​រីក​ធំ​ជិត​ស្បែក​ដែល​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ក្ដៅ​ពេញ​ខ្លួន និង​បែកញើស​កាន់តែច្រើន​។​
 
២. ងូតទឹក​ត្រជាក់​

​ធ្លាប់​ដឹង​ទេ​ថា​ការ​ងូតទឹក​ត្រជាក់​ក៏​ជួយ​កាត់បន្ថយ​ការ​បែកញើស​ហួសប្រមាណ​ផងដែរ​។ រួមបញ្ចូល​ទាំង​ការប្រើប្រាស់​សាប៊ូ​ដុស​ខ្លួន​កម្ចាត់​បាក់តេរី​នោះ​កាន់តែ​ប្រសើរ​ដោយ​បាក់តេរី​ជាប់​ស្បែក​ត្រូវបាន​កម្ចាត់ ហើយ​ក្លិន​ខ្លួន​មិនល្អ​ក៏​ត្រូវបាន​កាត់បន្ថយ​។​
 
៣. ចៀសវាង​ទទួលទាន​អាហារ​ហឹរ​

​ដើម្បី​ដោះស្រាយ​បញ្ហា​បែកញើស អ្នក​គួរ​ចៀសវាង​ទទួលទាន​នូវ​អាហារ ឬ​ភេសជ្ជៈ​អ្វីដែល​បង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​ដូចជា​អ្វីដែល​ក្ដៅ ឬ​ហឹរ​។​
 
៤. ប្រើប្រាស់​ផលិតផល​លាប​ក្លៀក​បំបាត់​ក្លិន​

​ក្រពេញ​ញើស​មិន​សកម្ម​ខ្លាំង​នៅពេល​យប់​ឡើយ ដូច្នេះ​អ្នក​គួរប្រើ​ប្រាស់​ផលិតផល​លាប​ក្លៀក​កំឡុង​ពេលនេះ​ទើប​ប្រសើរ​។​
 
៥. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​

​ប្រសិនបើ​អ្នក​បញ្ឈប់​ការ​បែកញើស​ហួសប្រមាណ អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​។ នៅពេល​ទទួលទាន​ទឹក​គ្រប់គ្រាន់​ជាប្រចាំ រាងកាយ​នឹង​ចុះ​ត្រជាក់​ហើយ​អ្នក​មិនមាន​អារម្មណ៍​ថា​ក្ដៅ​ពេក​ឡើយ​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ជាតិពុល​ផ្សេងៗ​ក៏​ត្រូវបាន​កម្ចាត់​ចេញពី​រាងកាយ​ល្អ​ចំពោះ​សុខភាព​ទាំងមូល​ផងដែរ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com