លោក ប្រា​យុទ្ធ ហាម​យកឈ្មោះ​លោក ដាក់​ឲ្យ​សមិទ្ធផល​ដែល​កសាង​ដោយ​លុយ​ជាតិ
អន្តរជាតិ
លោក ប្រា​យុទ្ធ ហាម​យកឈ្មោះ​លោក ដាក់​ឲ្យ​សមិទ្ធផល​ដែល​កសាង​ដោយ​លុយ​ជាតិ
17, Jan 2020 , 3:36 pm        
រូបភាព
រូបភាពស្ពានភ្ជាប់កោះសាម៊ុយទៅដីគោកក្នុងខេត្តនគរស្រីធម្មរាជ។ រូបភាព Bangkok Post
រូបភាពស្ពានភ្ជាប់កោះសាម៊ុយទៅដីគោកក្នុងខេត្តនគរស្រីធម្មរាជ។ រូបភាព Bangkok Post
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានបង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​ការយក​ឈ្មោះ​លោក​ដាក់​ឲ្យ​ស្ពាន​មួយ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​យកឈ្មោះ​លោក​ដាក់​ឲ្យ​សមិទ្ធផល​ផ្សេងទៀត​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ Narumon Pinyosinwat បញ្ជាក់​បែបនេះ​នៅ​ថ្ងៃទី​១៧ ខែមករា បន្ទាប់ពី​សមាជិកសភា​មួយរូប​មកពី​បក្ស​កម្លាំង​ប្រជារាស្ត្រ ជា​អ្នកផ្ដើមគំនិត​បែបនេះ ដោយ​ចង់យក​ឈ្មោះ​លោក ប្រា​យុទ្ធ ដាក់​ឲ្យ​ស្ពាន​មួយកន្លែង​ដែល​គ្រោង​សាងសង់​នៅ​តំបន់​ភាគខាងត្បូង​ថៃ​។

 
​លោក Sayant Yutitham សមាជិកសភា​បក្ស​កាន់អំណាច​មកពី​ខេត្ត​នគរ​ស្រី​ធម្មរាជ (Nakhon Si Thammarat) នៅ​ថ្ងៃទី​១៦ ខែមករា បានលើកឡើង​គំនិត​យកឈ្មោះ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ដាក់​ឲ្យ​ស្ពាន​មួយ​ដែល​គ្រោង​សាងសង់​ភ្ជាប់​ដីគោក និង​កោះ​សា​ម៊ុ​យ ដែលជា​កន្លែង​ទេសចរណ៍​ល្បីឈ្មោះ​នៅ​តំបន់​ភាគខាងត្បូង​រប​ស់​ថៃ​។ លោក Sayant ថ្លែង​ក្នុង​កិច្ចប្រជុំសភា​ថា ការដាក់​ឈ្មោះ​ស្ពាន​ចន្ទ​អូ​ចា ជាការ​ផ្ដល់​កិត្តិយស​ឲ្យ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​។ 
 
​យ៉ាងណាមិញ លោក ប្រា​យុទ្ធ មិន​យល់​ស្របតាម​គំនិត​នេះឡើយ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ អ្នកស្រី Narumon Pinyosinwat និយាយថា លោក ប្រា​យុទ្ធ មិន​ចង់​ឲ្យ​ឈ្មោះ​របស់លោក​ត្រូវបាន​ដាក់​ឲ្យ​ស្ពាន​អ្វី​ទេ មិន​ថា​ជា​ត្រកូល ឬ​ឈ្មោះ​ផ្ទាល់​ឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។ 
 
«​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​យកត្រកូល ឬ​ឈ្មោះ​ខ្ញុំ​ដាក់​ឲ្យ​សមិទ្ធផល​ដែល​កសាង​ដោយ​លុយ​ជាតិ​ឡើយ​។ មេដឹកនាំ គួរតែ​ត្រូវបាន​ចងចាំ​នូវ​អ្វីដែល​បានធ្វើ មិនមែន​ទីតាំង​ដែល​ដាក់ឈ្មោះ​ពួកគេ​ឡើយ​។​» នេះ​ជាការ​លើកឡើង​របស់លោក ប្រា​យុទ្ធ ដែល​ត្រូវបាន​អ្នកស្រី Narumon ស្រង់​ប្រាប់​អ្នកសារព័ត៌មាន​។ អ្នកស្រី​បន្តថា លោកនាយក​រដ្ឋមន្ត្រី​មិនដឹង​ពី​រឿងនេះ​ឡើយ ហើយ​សមាជិកសភា​រូបនោះ ក៏​មិនបាន​ជជែក​ពី​ការដាក់​ឈ្មោះ​នេះ​ជាមួយ​លោក​ដែរ​។​
 
​ទោះជា​យ៉ាងណា លោក ប្រា​យុទ្ធ មិន​ជំទាស់​នឹង​បំណង​សាងសង់​ស្ពាន​នេះឡើយ​។ អ្នកស្រី Narumon បន្ថែមថា លោក ប្រា​យុទ្ធ បើកចំហ​ឲ្យ​ក្រសួង​ដឹកជញ្ជូន​សិក្សា​ពី​លទ្ធភាព​សាងសង់​ស្ពាន ដោយ​ផ្ដោតលើ​ការដោះស្រាយ​ផលប៉ះពាល់​លើ​ប្រជាជន និង​បរិស្ថាន​។ 
 
​គំនិត​សាងសង់​ស្ពាន​កាត់​សមុទ្រ​ដែលមាន​ប្រវែង​១៨​គីឡូម៉ែត្រ បាន​ផុស​ឡើង​តាំងពី​ឆ្នាំ​២០១៧ មក សំដៅ​កាត់បន្ថយ​រយៈពេល​ធ្វើដំណើ​រ និង​សម្រួលការ​ដឹកជញ្ជូន​អ្នកជំងឺ​ពីលើ​កោះ​សា​ម៊ុ​យ​ផងដែរ​។ បច្ចុប្បន្ន មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់​កោះ​នេះ គឺ​ទូក ស្រឡាង និង​យន្តហោះ​។ 
 
​នៅ​ថ្ងៃទី​១៧ ខែមករា លោក Sayant បានចេញ​មុខការ​ពារ​ការលើកឡើង​របស់ខ្លួន​។ បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា រឿង​សំខាន់ មិនមែន​ឈ្មោះ​ឡើយ តែ​ជា​ផលប្រយោជន៍​របស់​ប្រជាជន និង​វិស័យ​ទេសចរណ៍​៕   

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com