នៅព្រឹកថ្ងៃសៅរិ៍នេះ សំណាង និង សុធីរ មិនជជែកគ្នាពីរឿង កូរ៉ូណា វីរុស ទៀតឡើយ។ តែពួកគេទាំងពីរនាក់បែរជាមកនិយាយរឿងមន្ត្រីមិនល្អ បុគ្គលិកមិនល្អម្តងវិញ។ សម្រាប់សុធីរ បុគ្គលិក ឬមន្ត្រីមិនល្អ ប្រៀបដូចសត្វដង្កូវ រីឯ បុគ្គលិក ឬមន្ត្រីល្អ ប្រៀបដូចសត្វព្រាប។
សំណាង៖ អា សុធីរ!។ អីគេអ្ហា? មន្ត្រី ឬបុគ្គលិកសត្វព្រាប និងមន្ត្រី ឬបុគ្គលិកសត្វដង្កូវនោះ?
សុធីរ៖ អា សំណាង។ អ្ហែងអត់យល់មែនក៏អី?
សំណាង៖ បើអញយល់ អញចាំបាច់សួរអ្ហែងធ្វើអីនាំខាតពេល។
សុធីរ៖ អើ បើអ្ហែងអត់យល់ អញបកស្រាយឲ្យស្តាប់ខ្លះ។ មន្ត្រី ឬបុគ្គលិកព្រាប ឬសត្វព្រាប គឺជាមន្ត្រី ឬបុគ្គលិកដែលស្មោះត្រង់ ឧស្សាហ៍ព្យាយាម អំណត់ អត់ធ្មត់ សំភី និងមានឆន្ទៈខ្ពស់ក្នុងការងារ។ លើសពីនេះទៅទៀត គឺជាមន្ត្រី ឬបុគ្គលិកដែលស្រឡាញ់សុខដុមរមនា ស្រឡាញ់មិត្តភាព ស្រឡាញ់ស្ថាប័ន ចង់ឲ្យស្ថាប័នរីកចម្រើន។ល។ សត្វព្រាប គឺតំណាងឲ្យសន្តិភាព ស្លូត មិនចេះរករឿងគេ នាំសារពិតៗ។
សំណាង៖ ចុះមន្ត្រី ឬបុគ្គលិកដង្កូវមានន័យម៉េច?
សុធីរ៖ ប្រញ៉ាប់កាត់អញម្ល៉េះ? អញកំពុងតែនិយាយប្រាប់ហ្នឹងតើ។ មន្ត្រីឬបុគ្គលិកដង្កូវ ភាគច្រើន គឺជាមន្ត្រី ឬបុគ្គលិកអត់ប្រយោជន៍ ចូលចិត្តចាក់រុកឲ្យគេឈ្លោះគ្នាក្នុងស្ថាប័ន ចូលចិត្តចាក់បំបែកក្រុមការងារ ខ្ជិលធ្វើការ ចូលចិត្តរាយការណ៍ព័ត៌មានខុសៗ ចាក់ចូចគ្រប់រឿង ក្នុងន័យតែដើម្បីប្រយោជន៍ខ្លួនឯង។
សំណាង៖ មន្ត្រី ឬបុគ្គលិកប្រភេទទី២នេះ មានច្រើនឬទេ អា សុធីរ?
សុធីរ៖ អូហ៍! មាននៅគ្រប់ប្រទេសទាំងក្នុងស្ថាប័នឯកជន និងស្ថាប័នរដ្ឋ។ ក្នុងស្ថាប័ននីមួយៗ វាអាចមានមន្ត្រី ឬបុគ្គលិកប្រភេទនេះច្រើនគួរសមដែរ។ មិនច្រើនពេកទេ តែច្រើនដែរណា៎!។ អញប្រាប់អ្ហែងឲ្យច្បាស់ថា មន្ត្រី ឬបុគ្គលិកប្រភេទនេះ គ្រោះថ្នាក់សម្រាប់ស្ថាប័នណាស់។ វាអត់ធ្វើអ្វីទេមួយថ្ងៃៗ។ វាគិតតែពីចាក់រុកគ្រប់រឿង។ វាចាក់បំបែកគ្រប់រឿង។
សំណាង៖ បើមានចំនួនច្រើនដែរ។ អ៊ីចឹងវាមិនវីវរហើយសម្រាប់ស្ថាប័ន? អ៊ីចឹងធ្វើម៉េចទៅអា សុធីរ?
សុធីរ៖ វិធានការណ៍កាត់បន្ថយឥទ្ធិពលបុគ្គលិកដង្កូវ គឺមានតែលោកប្រធានទេ។ លោក «មេ»ត្រូវតែចេះមើលមនុស្ស។ មនុស្សខ្លះខូច តែពូកែយកចិត្ត ចាក់ចូចគេឲ្យឈ្លោះគ្នាដើម្បីប្រយោជន៍ខ្លួនឯង។ សរុបមកវិញ មានតែលោក«មេ»ទេ ដែលអាចដោះស្រាយបាន ហើយលោក«មេ»ទៀតសោត មិនត្រូវ«ត្រចៀកស»ឡើយ។ ពោល គឺចៀសវាងកុំឲ្យមន្ត្រីដង្កូវ ទាញទម្លាក់ទឹកឲ្យបាន។ អា សំណាង! អញនិយាយនេះ គឺសំដៅតែមន្ត្រី ឬបុគ្គលិកខូចៗខ្លះៗទេវើយ។ អញអត់មាននិយាយសរុបថា មន្ត្រី ឬបុគ្គលិកទាំងអស់ស្អុយទេណា៎។ មានមន្ត្រី និងបុគ្គលិកល្អៗច្រើនណាស់នៅក្នុងសង្គមនីមួយៗ។ អ្ហែងស្តាប់អញឲ្យច្បាស់ណា៎!
សំណាង៖ អញយល់អ្ហែងច្បាស់តើ។ អ្ហែងនិយាយភាសាខ្មែរតើ មិនមែននិយាយបារាំង ឬអង់គ្លេសឯណាអ្ហា!?
មុននឹងបែកគ្នាពីហាងការហ្វេ សុធីរ សួរបែបឌឺទៅកាន់សំណាងថា អ្ហែងយល់អត់?។ សំណាងឆ្លើយភ្លាមវិញថា Why not?។ មិត្តទាំងពីរនាក់ក៏លើកដៃ Bye Bye ដាក់គ្នា ហើយសន្យាជួបគ្នាថ្ងៃស្អែកបន្តទៀត៕