អត្ថបទពាណិជ្ជកម្ម
កម្ពុជា​ប្រារព្ធ​សិក្ខាសាលា​ស្តីពី​ការបង្រៀន​ភាសា​អង់គ្លេស​ដ៏​ធំ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​
10, Feb 2020 , 5:33 pm        
រូបភាព
ដោយ: ថ្មីៗ
សិក្ខាសាលា​ស្តីពី​ការបង្រៀន​ភាសា​អង់គ្លេស CamTESOL ប្រចាំឆ្នាំ​លើក​ទី​១៦ បានទទួល​ស្វាគមន៍​អ្នកចូលរួម​ប្រមាណ​ជាង ១៦០០​នាក់ មកពី​៣១​ប្រទេស មកកាន់​រាជធានី​ភ្នំពេញ​។ CamTESOL ដែល​ត្រូវ​បានរៀបចំ​ដោយ​ស្ថាប័ន IDP Education ដែលជា​ស្ថាប័ន​ឈានមុខ​លើ​ពិភពលោក​ក្នុងការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស មាននូវ​ការធ្វើ​បទ​បង្ហាញ​ចំនួន​ជាង​៥០០ ដោយ​អ្នកជំនាញ​ក្នុង​វិស័យ​បង្រៀន​ភាសា​អង់គ្លេស​ចំនួន​ជាង​៤០០​នាក់ ក្នុងប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​លើ​សកលលោក​។
 
CamTESOL ប្រចាំឆ្នាំ​លើក​ទី​១៦ ត្រូវបាន​ប្រារព្ធ​ឡើង ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លើ​ប្រធានបទ “​ការបង្រៀន​ភាសា​អង់គ្លេស​ក្នុង​សតវត្ស​ន៍ទី​២១: វិធីសាស្ត្រ​សម្រាប់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​”​។ បន្ទាប់ពី​បង្កើតឡើង​រយៈពេល​ជាង ១៦​ឆ្នាំ CamTESOL ក្លាយជា​វេទិកា​ដ៏​សំខាន់​មួយ​ក្នុងការ​ចែករំលែក​ចំណេះដឹង​អំពី​ការបង្រៀន​ភាសា​អង់គ្លេស ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​
 
​ជា​រៀងរាល់ឆ្នាំ CamTESOL បាន​ប្រមូលផ្តុំ​គ្រូបង្រៀន​ភាសា​អង់គ្លេស គ្រូឧទ្ទេស អ្នកស្រាវជ្រាវ​ក្នុង​វិស័យ​បង្រៀន​ភាសា​អង់គ្លេស និង​ភាសាវិទ្យា បុគ្គលិក​រដ្ឋបាល​តាម​ស្ថាប័ន​សិក្សា អ្នក​អប់រំ​ដែលមាន​ចំណាប់អារម្មណ៍​លើ​ការអប់រំ​ភាសា​អន្តរជាតិ តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នកជំនាញ និង​អ្នកស្រាវជ្រាវ​អន្តរជាតិ​ដែលមាន​បំណង​បង្កើត និង​ពង្រឹង​នូវ​ទំនាក់ទំនង​ក្នុង​វិស័យ​បង្រៀន​ភាសា​អង់គ្លេស​។​
 
​ការបើក​សិក្ខាសាលា​ជា​ផ្លូវការ ត្រូវបាន​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ ក្រោម​គណៈអធិបតី​ភាព​ពី​សំណាក់ ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​ប្រទេស​កម្ពុជា លោក Arend Zwartjes តំណាង​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន IDP Education ប្រចាំ​ប្រទេស​កម្ពុជា​។ 


 
​ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន បាន​មានប្រសាសន៍ថា "​ខ្ញុំ​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់​ដែល​អ្នកចូលរួម​ទាំង​អស់​បាន​ចែករំលែក​វិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស​អោយមាន​ប្រសិទ្ធិភាព​។ គ្រូបង្រៀន​មាន​នាទី​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​"​។​
 
​ឯកឧត្តម Pablo Kang បាន​រៀបរាប់​ពីមុខ​ងារ​នៃ​គ្រូបង្រៀន​ភាសា​អង់គ្លេស​ក្នុងការ​អភិវឌ្ឍ​ថា "​គ្រូបង្រៀន​មាន​នាទី​សំខាន់​ក្នុងការ​អប់រំ​ភាសា​អង់គ្លេស​ដល់​សិស្ស​ជំនាន់​ក្រោយ ព្រោះ​វា​គឺជា​ជំនាញ​ដ៏​មាន​សារៈប្រយោជន៍​"​។​
 
​លោកជំទាវ Tina Redshaw បាន​ថ្លែងថា "​គ្រូបង្រៀន​ក្នុងប្រទេស​កម្ពុជា​ប្រហែលជា​មិនមាន​ឳ​កាស​ច្រើន​ក្នុងការ​ធ្វើដំណើរ​ទៅ​ចូលរួម​សិក្ខាសាលា​ធំៗ​នៅ​ប្រទេស​ផ្សេងៗ ដូច្នេះ​ការដែល CamTESOL នាំ​អ្នកចូលរួម​មកកាន់​ប្រទេស​កម្ពុជា​គឺជា​គំនិត​ដ៏​អស្ចារ្យ​មួយ​"​។​
 
​គួរបញ្ជាក់​ផងដែរ​ថា នៅ​សិក្ខាសាលា​ក៏មាន​ការតាំងពិព័រណ៍​ដែល​ចូលរួម​ដាក់​បង្ហាញ​សម្ភារៈ និង​សេវាកម្ម​ទាក់ទង​នឹង​ការបង្រៀន​ភាសា​អង់គ្លេស​ដោយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​មួយចំនួន​ដូចជា Cambridge English Assessment, Oxford University Press, National Geography Learning និង Macmillan Publishers​។ 
 
​ក្នុងចំណោម​អ្នកចូលរួម​ទាំង ១៧០០​នាក់ មាន​គ្រូបង្រៀន និង​អ្នក​អប់រំ​ភាសា​អង់គ្លេស​ជនជាតិ​កម្ពុជា​ចំនួន​ប្រមាណ​ជាង ១០០០​នាក់ ដែល​ភាគច្រើន​ជា​គ្រូបង្រៀន​មកពី​តាម​បណ្តា​ខេត្ត​។​
 
​សិក្ខាសាលា ក៏មាន​នូវ​បទ​បង្ហាញ និង​វេទិកា​ពិភាក្សា​ពិសេស​ដោយ​អ្នកជំនាញ​ក្នុងប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ផ្សេងៗ​ជុំវិញ​ពិភពលោក​រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី ចក្រភព​អង់គ្លេស នូ​វែ​ល​សេ​ឡង់ និង​សិង្ហ​បុរី​។​
 
​លោក​ម៉ៅ ស្រេង បាន​ថ្លែងថា “CamTESOL មាន​ភាព​សោមនស្ស​រីករាយ​ណាស់​ដែល​ទទួលបាន​នូវ​ការគាំទ្រ និង​ការចូលរួម​ពី​សំណាក់​អ្នក​អប់រំ និង​ស្ថាប័ន​ជាច្រើន ទាំង​ក្នុង និង​ក្រៅប្រទេស​កម្ពុជា ដែល​បានធ្វើអោយ​ប្រទេស​កម្ពុជា​ក្លាយទៅជា​វេទិកា​ដ៏​សំខាន់​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ ក្នុងការ​ចែករំលែករ​បក​គំហើញ​ថ្មីៗ និង​វិធីសាស្ត្រ​ក្នុងការ​ស្រាវជ្រាវ ការរៀន និង​ការបង្រៀន​ភាសា​អង់គ្លេស​”​។​
 
CamTESOL ទទួលបាន​ការគាំទ្រ​ពី​សំណាក់ ក្រសួង​អប់រំ យុវជន និង​កីឡា ស្ថានទូត​អូស្ត្រាលី ស្ថានទូត​អាមេរិក ស្ថានទូត​អង់គ្លេស និង​ស្ថាប័ន​នានា ព្រមទាំង​បុគ្គល​ដែល​ពាក់ព័ន្ធ​នៅក្នុង​វិស័យ​បង្រៀន​ភាសា​អង់គ្លេស​ក្នុងប្រទេស​កម្ពុជា តំបន់​អាស៊ីអាគ្នេយ៍ និង​អន្តរជាតិ​។ CamTESOL ត្រូវបាន​ទទួលស្គាល់​ចំពោះ​មុខងារ និង​ការរួមចំណែក ក្នុងការ​រីកលូតលាស់ និង​ភាពល្បីល្បាញ​របស់​សិក្ខាសាលា ព្រមទាំង​ការរីកចំរើន​នៃ​ស្តង់ដារ​ការបង្រៀន និង​ការរៀន​ភាសា​អង់គ្លេស​ផងដែរ​។ 
 
​អ្នកចូលរួម​មកពី​ប្រទេស​វៀតណាម​ម្នាក់​បាន​ចែករំលែក​បទពិសោធន៍​របស់គាត់​ក្រោយពី​ចូលរួម CamTESOL ជា​លើក​ទី​៣​ថា " CamTESOL ជា​សិក្ខាសាលា​ដ៏​សំខាន់ ដែលមាន​អ្នកចូលរួម​មកពី​ជុំវិញ​ពិភពលោក ហើយ​ការរៀបចំ និង​ដឹកនាំ​គឺធ្វើឡើង​ដោយ​រលូន​ទៅតាម​ពេលវេលា​ដែល​កំណត់ទុក​"​។​
 
​សិក្ខាសាលា CamTESOL ប្រចាំឆ្នាំ​លើក​ទី​១៧ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ៥ ដល់​ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “Actions and Innovations in Teaching and Learning”​។ 
 
​សម្រាប់​ការចុះឈ្មោះ​ធ្វើ​បទ​បង្ហាញ ឬ ចូល​រូ​ម សូម​ចូលទៅ​កាន់ www.camtesol.org 



















(អត្ថបទពាណិជ្ជកម្ម)

Tag:
 ACE
© រក្សាសិទ្ធិដោយ thmeythmey.com