ជាតិ
ពីនេះ ពីនោះ
តើ​ស្ត្រី​វ័យក្មេង​ហៅ​បុរស​ចាស់ៗ​ថា​«​បង​»​មាន​«​ទោស​ផ្នែក​សីលធម៌​»​ឬទេ​?
11, Feb 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​អតីតកាល នារី​ខ្មែរ​កម្រ​នឹង​ហៅ​បុរស​នៅតាម​ទីសាធារណៈ​ថា​«​បង​»​ណាស់ បើទោះបីជា​បុរស​នោះ​មាន​អាយុ​នៅ​តិច​ល្មម​ក៏ដោយ​។ ជា​ទម្លាប់​ចាស់ៗ នារី​ខ្មែរ​ច្រើន​ហៅ​បុរសៗ​ថា​«​ពូ​» ពីព្រោះ​ពាក្យ​ពូ​នេះ​វា​មិនសូវ​បង្កប់​អត្ថន័យ​ស្នេហា ដូចជា ពាក្យ​ថា​«​បង​»​។ ប៉ុន្តែ និន្នាការ​នេះ​បាន​ក្រឡាប់ចាក់​ទាំងស្រុង​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​។​

 
​នៅ​រាជធានី​ភ្នំពេញ ជាពិសេស នៅតាម​ក្រុមហ៊ុន ភោជនីយដ្ឋាន ដែល​បម្រើ​សេវាកម្ម នារី​វ័យក្មេង​(​អាយុ​ក្រោម​២០​ឆ្នាំ​)​តែងតែ​ហៅ​បុរសៗ​ថា​«​បង​» បើទោះបីជា​បុរស​នោះ​មាន​អាយុ​ជាង​៤០ ឬ​៥០ ឬ​ជាង​៦០​ឆ្នាំ​ក៏ដោយ​ក្តី​។​
 
​មូលហេតុ​នៃ​ការផ្លាស់ប្តូរ​នេះ ត្រូវបាន​នារី​ទាំងនោះ​ពន្យល់​ជាទូទៅ​ថា គឺ​ដើម្បី​ទាក់ទាញ​អារម្មណ៍​មនុស្ស​សម័យថ្មី​ដែល​ចូលចិត្ត​អោយ អ្នកផ្តល់​សេវាកម្ម ប្រើពាក្យ​«​ល្អៗ​លើកតម្កើង​»​។ នារី​ផ្តល់​សេវាកម្ម​ម្នាក់​និយាយថា នាង​ត្រូវបាន​គេ​ស្តីបន្ទោស ដោយ​គ្រាន់តែ​នាង​ហៅ​អតិថិជន​ថា អ្នក​មីង ឬ​លោកពូ​។ អតិថិជន​ខ្លះ​មិន​សប្បាយ​ចិត្តនឹង​ពាក្យ​អ្នក​មីង​ឬ​លោកពូ​ទេ ពីព្រោះ​ពួកគេ​មិន​ចង់​មាន​អារម្មណ៍​ថា​«​ចាស់​»​។ ពួកគេ​ចូលចិត្ត​ពាក្យ​«​អ្នក​បង​»​សម្រាប់​ស្ត្រី និង​ពាក្យ​ថា​«​បង​»​សម្រាប់​បុរស​។​
 
​ដោយសារតែ​ចរន្ត​នេះហើយ ទើប​នារី​ផ្តល់​សេវាកម្ម​ទាំងឡាយ​សម្រេចចិត្ត​ហៅ​បុរស​ទាំងអស់​ថា​«​បង​» និង​ហៅ​ស្ត្រី​ថា​«​អ្នក​បង​» បើទោះបីជា​ពួកគេ​មាន​ផ្ទៃមុខ​ជ្រីវជ្រួញ​បន្តិច​ក៏ដោយ​ក្តី​។ 
 
​សំណួរ​៖ តើ​ស្ត្រី​វ័យក្មេង​ហៅ​បុរស​ចាស់ៗ​ថា​«​បង​»​មាន​«​ទោស​ផ្នែក​សីលធម៌​»​ដែរឬទេ​?

© រក្សាសិទ្ធិដោយ thmeythmey.com