អន្តរជាតិ
កូ​រ៉ូ​ណាវី​រុស​៖ ករណី​ឆ្លង​លើ​ជនបរទេស​នៅ​ចិន​មាន​២៧​ករណី​, ស្លាប់​ពីរ​, បីនាក់​សះស្បើយ​
11, Feb 2020 , 10:08 am        
រូបភាព
គ្រូពេទ្យចិនកំពុងពិនិត្យអ្នកជំងឺនៅកន្លែងសម្រាកមួយក្នុងទីក្រុងវូហាន។ រូបភាព Xinhua
គ្រូពេទ្យចិនកំពុងពិនិត្យអ្នកជំងឺនៅកន្លែងសម្រាកមួយក្នុងទីក្រុងវូហាន។ រូបភាព Xinhua
​ជនបរទេស​ចំនួន​២៧​នាក់ បាន​ឆ្លង​មេរោគ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នៅ​ទឹកដី​ចិន ហើយពីរ​នាក់​បាន​បាត់បង់​ជីវិត​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។ ក្នុងចំណោម​ករណី​ឆ្លង​ទាំងអស់ មាន​បី​ករណី ទទួលបាន​ការព្យាបាល​សះស្បើយ និង​ចេញពី​មន្ទីរពេទ្យ ខណៈ​ជាង​២០​នាក់​ទៀត​នៅ​ស្ថិតក្រោម​ការដាក់​នៅ​ដោយឡែក (​ច​ត្តា​ឡី​ស័ក​) នៅឡើយ​។

 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang និយាយ​ក្នុងការ​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​ថា ជនជាតិ​អាមេរិក​ម្នាក់ និង​ជនជាតិ​ជប៉ុន​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​បណ្ដាលមកពី​កូ​រ៉ូ​ណាវី​រុស​។ ករណី​ស្លាប់​ទាំងពីរ សុទ្ធតែ​កើត​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​ជាទី​ដែល​កូ​រ៉ូ​ណាវី​រុស​ផ្ទុះ​ដំបូង​គេ មុននឹង​រាលដាល​ទៅកាន់​ផ្នែក​ដទៃទៀត​របស់​ចិន និង​ប្រទេស​ជាង​២០​ទៀត​នៅ​ជុំវិញ​ពិភពលោក​។  
 
​ឆ្លើយ​នឹង​សំណួរ​ទាក់ទង​ចំនួន​ជនបរទេស​ដែល​ឆ្លង​វីរុស អ្នកនាំពាក្យ​រូបនេះ​បន្តថា ពួកគេ​ស្ថិត​ក្នុងចំណោម​ជនបរទេស​ចំនួន​២៧​នាក់​ដែល​ឆ្លង​កូ​រ៉ូ​ណាវី​រុស​នេះ​។ លោក Geng បន្ថែមថា ពលរដ្ឋ​អាមេរិក បាន​ស្លាប់​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ​កន្លងទៅ ទោះជា​ក្រុមគ្រូពេទ្យ​ចិន​ព្យាយាម​សង្គ្រោះ​ជីវិត​យ៉ាងណាក្ដី​។ ពេលនេះ ភាគី​កំពុង​ទាក់ទង​ជាមួយ​គ្រួសារ និង​រដ្ឋាភិបាល​អាមេរិក​ទាក់ទង​នឹង​ការស្លាប់​នេះ​។ បើតាម​ស្ថានទូត​អាមេរិក​ប្រចាំ​ប៉េកាំង ពលរដ្ឋ​អាមេរិក​នេះ ជា​បុរស​មាន​អាយុ​៦០​ឆ្នាំ​។​
 
​ចំណែកឯ​ជនជាតិ​ជប៉ុន​វិញ មន្ត្រី​អ្នកនាំពាក្យ​ដដែល​លើកឡើងថា រូបគេ​បាន​ស្លាប់​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ហើយ​គ្រូពេទ្យ​ចិន​ក៏​ព្យាយាម​ព្យាបាល​អស់ពី​លទ្ធភាព​ផងដែរ​។ ដូចគ្នា​នឹង​ករណី​ជនជាតិ​អាមេរិក​ដែរ ចិន​បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​មរណភាព​នេះ ហើយ​បាន​ទាក់ទង​ទៅកាន់​គ្រួសារ​សព និងរ​ដ្ឋាំ​ភិ​បាលជ​ប៉ុន​ផងដែរ​។ 
 
​នា​សន្និសីទ​សារព័ត៌មាន​ដដែល លោក Geng បានប្រកាស​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ក្នុងការ​ការពារ​ពលរ​ដ្ឋ​បរទេស​ឲ្យ​ដូច​ប្រជាជន​ចិន​ដែរ​។ បើតាម​លោក Geng ចិន​បាន​ចាត់វិធានការ​ជាច្រើន​ដើម្បី​ឆ្លើយតប​នឹង​សំណើ និង​ក្ដីបារម្ភ​របស់​ជនបរទេស​ដែល​ស្នាក់នៅ​ទឹកដី​ចិន​។ ពាក់ព័ន្ធ​នឹង​សំណួរ​ថា មាន​ជនបរទេស​ប៉ុន្មាន​នាក់​ចង់​ចាក​ចេញពី​ចិន មន្ត្រី​ក្រសួងការបរទេស​ចិន​រូបនេះ​លើកឡើង​អនុសាសន៍​របស់​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ដែល​មិន​ចង់​ឲ្យ​មានការ​ជម្លៀស​មនុស្ស​អ្វី​ឡើយ​។​
 
​យ៉ាងណាមិញ ចិន​នៅតែ​ត្រៀម​សហការ​ជាមួយ​ប្រទេស​ដែល​ចង់​ជម្លៀស​ប្រជាជន​របស់ខ្លួន​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ដដែល​។ លោក​និយាយ​ដូច្នេះ​ថា​៖ «​សម្រាប់​ប្រទេស​ដែល​មានបំណង​ដឹកជញ្ជូន​ប្រជាជន​របស់ខ្លួន ចិន​នឹង​ផ្ដល់​ការរៀបចំ និង​ការសហការ​ចាំបាច់​ដែល​អនុលោម​តាមច្បាប់​អន្តរជាតិ និង​វិធានការ​គ្រប់គ្រង​វីរុស​របស់​ចិន​ផ្ទាល់​»៕ 

Tag:
 ចិន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com