អន្តរជាតិ
បើ​ចិន​ពិបាក​ទប់ទល់​កូ​រ៉ូ​ណាវី​រុស​ទៅហើយ ចុះ​ទម្រាំ​ប្រទេស​ក្រីក្រ​?
12, Feb 2020 , 9:59 pm        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី ជិនភីង (CCTV)
លោកប្រធានាធិបតីចិន ស៊ី ជិនភីង (CCTV)
ដោយ:
​នៅពេល បានប្រកាស​អាសន្ន​សាកល​នៃ​ផ្ទុះ​រាលដាល​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) អង្គការ​សុខភាព​ពិភពលោក (WHO) ក៏បាន​លើកឡើង​ពី​កង្វល់​ដែរ​ថា ប្រទេស​តូច ឬ​ប្រទេស​អភិវឌ្ឍន៍​តិចតួច នឹង​ជួបប្រទះ​ផល​លំបាក​ក្នុងការ​ទប់ស្កាត់​វិបត្តិ​នេះ​។

 
​ជំងឺ​ដែល​ស្រដៀង​នឹង​ផ្តាសាយ​បែបនេះ គឺមាន​កម្រិត​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ទៀត​ខ្ពស់​។ ហើយ​អ្នក​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​នេះ មាន​ចំនួន​ច្រើន​លើសលប់​ក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង​វូ​ហាន ទី​ដែល​វីរុស​នេះ​បាន​រកឃើញ​ជា​លើកដំបូង​។ អាជ្ញាធរ​ចិន បាន​ដាក់ចេញ​វិធានការ​ជាច្រើន​ដើម្បី​ទប់ស្កាត់​វីរុស​នេះ ដោយ​កាលពី​ថ្ងៃ​២៣ មករា បាន​បិទ​ច្រកចេញចូល​នៃ​ទីក្រុង​នេះ​ទាំងស្រុង ព្រមទាំង​ផ្អាក​ការដឹកជញ្ជូន​សាធារណៈ និង​បិទ​សាលារៀន​។​
 
«​កង្វល់​ដ៏​ធំ​បំផុត​របស់​យើង គឺជា​លទ្ធភាព​សម្រាប់​វីរុស​នេះ​ឆ្លង​រាលដាល​ទៅកាន់​ប្រទេស​នានា​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ និង​ពុំ​សូវ​មានការ​ត្រៀមលក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​វា​»​។ លោក​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedros Adhanom Ghebreyesus លើកឡើង​បែបនេះ នៅពេល​លោក​បានប្រកាស​ពី​ការសម្រេចចិត្ត​ដាក់​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី (COVID-19) ទៅជា​អាសន្ន​សុខភាព​សាធារណៈ​សាកល​កាលពី​ថ្ងៃ​៣០ ខែមករា ។​
 
​ចាប់តាំងពី​ពេលនោះ​មក តួលេខ​ករណី​ឆ្លង​ជំងឺ​នេះ (COVID-19) បាន​រកឃើញថា ឡើងដល់​ជាង ៤៤ ៦៥៣​ករណី​ហើយ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ ១២ ខែកុម្ភៈ​នេះ អ្នកស្លាប់​ព្រោះ​វីរុស​ដ៏​កាច​សាហាវ​នេះ បាន​ឡើងដល់​ជាង​១១០០​នាក់ ខណៈ ៤៧៤០ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​។ 
 
​វីរុស​នេះ បាន​ឆ្លង​រាលដាល​នៅ​ប្រទេស​នៅ​តំបន់​អាស៊ី និង​ចូលទៅក្នុង​តំបន់​អឺរ៉ុប ហើយ​ដល់​សហរដ្ឋអាមេរិក​ផងដែរ​។ អ្នកស្លាប់​នៅក្រៅ​ប្រទេស​ចិន មានតែ​ម្នាក់​ប៉ុណ្ណោះ ដែល​ស្ថិត​ក្នុងប្រទេស​ហ្វីលីពីន​។ ខណៈ​ករណី​ឆ្លង​វីរុស​នេះ​ក្រៅពី​ប្រទេស​ចិន ភាគច្រើន គឺ​សុទ្ធតែជា​អ្នកដំណើរ​មកពី​ប្រទេស​ចិន​ខ្លួនឯង ឬ​អ្នក​ដែល​ធ្លាប់មាន​ប្រវត្តិ​ទៅកាន់​ប្រទេស​ចិន កាល​ពេល​ថ្មីៗ​នេះ តួលេខ​មនុស្ស​តិចតួច​ប៉ុណ្ណោះ គឺជា​ការឆ្លង​ក្នុងស្រុក (local transmissions)​។ ត្រង់នេះ គេ​សំដៅ​ទៅកាន់​អ្នកជំងឺ​ដែល​ជិតស្និទ្ធ ឬ​នៅ​កៀក​គ្នា​។ ជា​ឧទាហរណ៍​ពី​ជីដូន​ទៅ​ចៅ ឬ​ពី​គ្រូ​ទៅ​សិស្ស​ជាដើម​។ 
 
​វា​មាន​ក្តី​ព្រួយបារម្ភ​ខ្លាំង ព្រោះថា ប្រសិនបើ​ការរីក​រាលដាល​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​ក្នុង​ប្រជាជាតិ​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ វា​អាច​បង្ក​គ្រោះថ្នាក់​ធំធេង​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អាមេរិក CNN អ្នកស្រាវជ្រាវ​ម្នាក់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សាកល Jeremy Konyndyk អះអាងថា​៖«​វា​គឺជា​ក្តី​ក​ខ្វល់​ដ៏​ធំធេង​មួយ​។ យើង​ពុំទាន់​អាច​មើលឃើញ​រូបភាព​ជាក់ច្បាស់​ថា​វា​ទំនងជា​ទៅជា​យ៉ាងណា​នៅឡើយ​ទេ​។ ក៏ប៉ុន្តែ​ដោយ​ផ្អែកលើ​ការឆ្លង​រាលដាល​យ៉ាង​លឿន​រហ័ស​ក្នុងប្រទេស​ចិន និង​ល្បឿន​នៃ​ករណី​ឆ្លង​បាន​លេចឡើង​ក្នុងប្រទេស​ដទៃ​ផ្សេងទៀត ការផ្ទុះ​រីក​រាលដាល​ជា​សាកល ហាក់បីដូចជា​អាចទៅរួច​ក្នុង​កម្រិត​ខ្ពស់​»​។  
 
​បើ ចិន ពិបាក​ទប់ទល់​វីរុស​នេះហើយ ចុះ​ទម្រាំ​ប្រទេស​ក្រីក្រ​និង​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​?
 
​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​វីរុស​នេះ​មក អាជ្ញាធរ​ចិន បាន​ដុតដៃដុតជើង​ដាក់ចេញ​ចំណាត់ការ​ជាច្រើន ដើម្បី​ព្យាយាម​ទប់ស្កាត់ និង​ដោះស្រាយ​។ តួយ៉ាង រដ្ឋាភិបាល​ចិន បាន​ផ្អាក​សេវា​ដឹកជញ្ជូន​សាធារណៈ និង​បិទ​ច្រកចេញចូល​របស់​ទីក្រុង​វូ​ហាន ដែលជា​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​ជំងឺ និង​ក្រុង​ក្បែរៗ​នោះ មួយចំនួន ដែល​ធ្វើ​ឲ្យ​មនុស្ស​៦០​លាន​នាក់​ជាប់គាំង​ក្នុងនោះ​។ ទន្ទឹមនេះ ពួកគេ​បាន​សាងសង់​មន្ទីរពេទ្យ​ចំនួន ២ ដែល​ប្រើពេល​មិន​ដល់​២​សប្តាហ៍​ផង ហើយ​បាន​បញ្ជូន​ពេទ្យ​រាប់ពាន់នាក់​ទាំង​ស៊ីវិល និង​យោធា​ទៅ​ទីក្រុង​វូ​ហាន​។ 
 
​ទោះបីជា​កិច្ចប្រឹងប្រែង​ទាំងនោះ​ក្តី ប្រទេស​ចិន ជួបប្រទះ​ការលំបាក​ក្នុង​រាំងខ្ទប់​ការផ្ទុះ​រីក​រាលដាល​យ៉ាង​លឿន​រហ័ស​របស់​វីរុស​នេះ​។ មនុស្ស​បន្ត​ស្លាប់​ជា​រៀងរាល់ថ្ងៃ ចន្លោះ​ពី​៥០ ទៅ ១០០​នាក់ ខណៈ​អ្នក​ឆ្លង​ជំងឺ​ជា​មធ្យម ឡើង​ចន្លោះ​ពី​២០០០ ទៅ ៤០០០​នាក់​ប្រចាំថ្ងៃ​។ មន្ទីរពេទ្យ ពោរពេញ​ដោយ​អ្នកជំងឺ ខណៈ​គ្រែ​សម្រាក​ព្យាបាល និង​ថ្នាំពេទ្យ ខ្វះខាត​។ ក្រុម​វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា​ដែល​ហត់នឿយ កំពុង​យក​ជីវិត​ទៅ​ប្តូរ ហើយ​ខ្លះ ថែមទាំង​ឆ្លង​វីរុស​នេះ​ខ្លួនឯង​ទៀតផង​។ 
 
«​ប្រសិនបើ​ប្រទេស​ចិន កំពុង​ជួប​បញ្ហា​ក្នុងការ​ទប់ស្កាត់​វីរុស​នេះហើយ​នោះ បណ្តា​ប្រទេស​ក្រីក្រ នឹង​កាន់តែ​ជួប​ការលំបាក​កាន់តែខ្លាំង​ជាង​»​។ លោកអ្នក​ស្រាវជ្រាវ Konyndyk លើកឡើង​បែបនេះ ប្រាប់ CNN ។​
 
​បណ្ដា​ប្រទេស​ដែល​នៅ​ជិត​ប្រទេស​ចិន ជាពិសេស ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូព៌ា​អាចជា​កង្វល់​ដ៏​ធំ​សម្រាប់​ការឆ្លង​វីរុស​នេះ​។ ក្នុងនោះ គេ​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) ជា​លក្ខណៈ​ក្នុងស្រុក​ក្នុងប្រទេស​ជប៉ុន កូរ៉េខាងត្បូង វៀតណាម និង​ថៃ​។ មួយចំនួន​នៃ​ប្រជាជាតិ​ដែល​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ទាំងនោះ គឺ​ស្ថិត​ជា​ប្រទេស​ក្រីក្រ និង​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​។ អ្នកជំនាញ​ជាច្រើន បាន​លើក​ក្តី​ព្រួយបារម្ភ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ថែទាំ​សុខភាព​ក្នុង​បណ្តា​ប្រទេស​ទាំងនេះ អាច​ពិបាក​នឹងរង​ទម្ងន់​នៃ​ការផ្ទុះ​រីក​រាលដាល​នៃ​វីរុស​នេះ ហើយ​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​ពួកគេ ក៏ដូចជា​បញ្ហា​សង្គម​ផ្សេងៗ​ទៀត​៕ 

Tag:
 ​កូ​រ៉ូ​ណាវី​រុស​
  COVID-19
  WHO
  ប្រព័ន្ធ​សុខាភិបាល​
  ប្រទេស​ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com