អន្តរជាតិ
ប្រមុខ​IMF៖ ជំងឺ COVID-19 មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សកលលោក​
13, Feb 2020 , 3:15 pm        
រូបភាព
អ្នកស្រីអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (រូបភាព៖ Reuters)
អ្នកស្រីអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (រូបភាព៖ Reuters)
​អគ្គនាយិកា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) អ្នកស្រី Kristalina Georgieva នា​ថ្ងៃទី​១២ ខែកុម្ភៈ បាន​លើកឡើងថា ជំងឺ COVID-19 ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ លោកស្រី​ប្រធាន​អង្គការ​អន្តរជាតិ​មួយ​នេះ ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ការអះអាង​បែបនេះ គឺ​លឿន​ពេក ក្នុងការ​វាយតម្លៃ​លើ​ផលប៉ះពាល់​សេដ្ឋកិច្ច​សកល​បែបនេះ​។


 
​ក្នុង​រយៈពេល​នេះ ពី​ជំងឺ COVID-19 បាន​អុកឡុក​នៅ​ចិន​យ៉ាងខ្លាំង ដោយបាន​បង្ក​ឲ្យ​ប្រជាជន​នៅក្នុង​ប្រទេស​នេះ និង​តំបន់​ផ្សេងទៀត បាន​ផ្ទុក​ជំងឺ​រាប់ម៉ឺន​នាក់ ខណៈពេល​អ្នកស្លាប់​បាន​កើន​ដល់​ជាង ១៣០០​នាក់​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​អ្នកជំនាញ​សេដ្ឋកិច្ច និង​មនុស្ស​មួយចំនួន បាន​ព្រួយបារម្ភ​ថា ជំងឺ COVID-19 អាច​នឹង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​សកល​។ 
 
​ប្រាប់​សារព័ត៌មាន CNBC ជុំវិញ​បញ្ហា​ប៉ះពាល់​សេដ្ឋកិច្ច​សកល អគ្គនាយិកា​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ Kristalina Georgieva  បាន​ពន្យល់ថា បើទោះបីជា​សកម្មភាព​សេដ្ឋកិច្ច​របស់​ចិន បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ក៏ដោយ ប៉ុន្តែ​ពេលនេះ​ផលវិបាក​ទាំងនោះ​ក៏ត្រូវ បាន​ស្តារ​មកវិញ​ខ្លះៗ​ដែរ ហើយ​នេះ​គឺ​ស​ឲ្យ​ឃើញថា ជំងឺ COVID-19 មិនអាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​សកល​នោះទេ​។ 
 
​យ៉ាងណាក៏ដោយ លោកស្រី Kristalina ក៏បាន​បញ្ជាក់​ផងដែរ​ថា ការវាយតម្លៃ​របស់ខ្លួន​នៅពេលនេះ គឺ​វា​លឿន​ពេក ខណៈពេល​សេដ្ឋកិច្ច​សកលលោក មិនទាន់​រឹងមាំ​ខ្លាំង​នៅឡើយ​។ បើតាម​អ្នកស្រី​ប្រធាន​មូលនិធិ​អន្តរជាតិ ចិន​នៅពេលនេះ គឺ​ខុស​ពីមុន ចំណែក​ពិភពលោក​ក៏​ខុស​ពីមុន​ដូចគ្នា ព្រោះ​នា​ឆ្នាំ ២០០៣ ក្នុងអំឡុងពេល​ជំងឺ SARS ផ្ទុះឡើង សេដ្ឋកិច្ច​ចិន​មាន​កំណើន​រហូតដល់ ១៣​ភាគរយ​ឯណោះ តែ​ពេលនេះ កំណើនសេដ្ឋកិច្ច​មានតែ ៦​ភាគរយ​ទេ ចំណែក​សេដ្ឋកិច្ច​សកលលោក​ពីមុន ក៏​រឹងមាំ​ជាង​ពេល​នេះដែរ​។ 
 
​ក្នុងន័យនេះ អ្នកស្រី ទំនងជា​ចង់​មានន័យថា សេដ្ឋកិច្ចពិភពលោក ក៏​អា​ចរង​ផល​ប៉ះ​ខ្លាំង​ដោយសារ​ជំងឺ COVID-19 នៅពេល​ខាងមុខ​ដែរ ហើយ​វា​នឹងមិន​ដូច​អ្វី ដែល​អ្នកស្រី​បាន​រំពឹងទុក​នៅពេលនេះ​ទេ​ប្រសិនបើ​មិនមាន​វិធានការ​ទប់ស្កាត់ និង​ការពារ​វីរុស​ប្រភេទ​ថ្មី​នេះ ឲ្យ​បាន​ត្រឹមត្រូវ​។ 
 
​សូមបញ្ជាក់ថា ជំងឺ COVID-19 ដែល​បាន​ផ្ទុះឡើង​នៅ​ចិន​នា​ចុងឆ្នាំ ២០១៩ បាន​បង្ក​ឲ្យ​រោងចក្រ​មួយចំនួន​នៅក្នុង​ប្រទេស ត្រូវ​ផ្អាក​ដំណើរការ ហើយ​ពេលនេះ​រោងចក្រ​ខ្លះ បាន​បើក​ឲ្យ​ដំណើរ​មួយផ្នែក​វិញ​ហើយ​៕

Tag:
 IMF
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com