អន្តរជាតិ
COVID-19៖ ចិន​សង្ឃឹមថា អាមេរិក​នឹង​បញ្ចេញ​លុយ​១០០​លាន​ដុល្លារ​ឲ្យ​បាន​ឆាប់ តាម​សន្យា​
20, Feb 2020 , 8:39 pm        
រូបភាព
វេជ្ជបណ្ឌិតចិនកំពុងត្រួតពិនិត្យសួតអ្នកជំងឺនៅឯមន្ទីរពេទ្យក្នុងទីក្រុងវូហាន។ រូបភាព Xinhua
វេជ្ជបណ្ឌិតចិនកំពុងត្រួតពិនិត្យសួតអ្នកជំងឺនៅឯមន្ទីរពេទ្យក្នុងទីក្រុងវូហាន។ រូបភាព Xinhua
​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ បានបង្ហាញ​ក្ដីសង្ឃឹម​ថា សហរដ្ឋអាមេរិក នឹង​ឆាប់​បញ្ចេញ​លុយ​ចំនួន​១០០​លាន​ដុល្លារ​ដែល​ខ្លួន​បាន​សន្យា​ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ ទឹកប្រាក់​ជំនួយ​នេះ ត្រូវបាន​ប្រមុខ​ការទូត​អាមេរិក​បញ្ជាក់ថា អាច​ផ្ដល់​តាមរយៈ​យន្តការ​ទ្វេភាគី ឬក៏​តាមរយៈ​អង្គការ​អន្តរជាតិ​ដែល​ធ្វើការ​លើ​ការប្រឆាំង​វីរុស​ប្រភេទ​ថ្មីៗ​ដែល​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។​

 
​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៩ ខែកុម្ភៈ លោក Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានស្នើ​ឲ្យ​អាមេរិក​ព​ន្លឿ​ន​ការ​ផ្ដល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ​សម្រាប់​ចិន និង​ប្រទេស​ឯទៀត​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស​។ លោក Geng លើកឡើងថា វីរុស​គ្មាន​ព្រំដែន​ឡើយ ហើយ​ចិន​ស្វាគមន៍​រាល់​ជំនួយ​របស់​សហគមន៍​អន្តរជាតិ រាប់ទាំង​អាមេរិក​ផងដែរ​។​
 
រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានប្រកាស​ពី​ការផ្ដល់​ជំនួយ​ទឹកប្រាក់​រហូតដល់​១០០​លាន​ដុល្លារ​នេះ​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ ដើម្បី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​អាមេរិក​ក្នុងការ​ឆ្លើយតប​នឹង​កូ​រ៉ូ​ណាវី​រុស​។ បើតាម​លោក ប៉ុ​ម​ប៉េ​អូ វិស័យ​ឯកជន​អាមេរិក​វិញ ក៏បានផ្ដល់​ជំនួយ​រាប់រយ​លាន​ដុល្លារ​រួចហើយ​ដែរ​សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​ដែល​បង្ក​ទៅជា​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​មួយ​នេះ​។​
 
​លើសពីនោះ អាមេរិក​ក៏បាន​បញ្ជូន​សម្ភារៈ​វេជ្ជ​សាស្ត្រ​ដូចជា​ម៉ាស់ សម្លៀកបំពាក់​សុវត្ថិភាព​ជាដើម​ទៅ​ចិន​ដែលមាន​ទំហំ​ជិត​២០​តោន​រួចហើយ​ដែរ​។ មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល​បញ្ជាក់ថា អាមេរិក​ពិតជា​បានផ្ដល់​ជំនួយ​សម្ភារ​ចាំបាច់​ទៅ​ឲ្យ​ខេត្ត​ហ៊ូ​ប៉ី នៅតែ​ឡើយ​តែ​លុយ​ជំនួយ​ប៉ុណ្ណោះ​។  
 
«​យើង​សង្ឃឹមថា ទឹកប្រាក់​ជំនួយ​ដល់​ទៅ​១០០​លាន​ដុល្លារ​ដែល​ក្រសួងការបរទេស​អាមេរិក​ប្រកាស​ផ្ដល់​ឲ្យ​ចិន និង​ប្រទេស​ផ្សេងទៀត នឹង​លេច​ជា​រូបរាង​នៅពេល​ឆាប់ៗ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ផ្លូវដង្ហើម​។​» នេះ​ជាស​ម្ដី​លោក Geng តប​នឹង​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​ជំនួយ​របស់​អាមេរិក​។ 
 
​សូមបញ្ជាក់ថា អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​២១២៩​នាក់ ហើយ​ចំនួន​តួលេខ​អ្នកជំងឺ​កើនឡើង​ដល់​ជិត​៧៦ ០០០​នាក់ នៅ​ប្រទេស​ចំនួន​២៧​។ ករណី​ស្លាប់​ចុងក្រោយ គឺ​នៅ​កូរ៉េខាងត្បូង ជប៉ុន និង​អ៊ីរ៉ង់ បន្ថែម​ពីលើ​ករណី​ស្លាប់​នៅ​ហ្វីលីពីន និង​បារាំង​៕ 

Tag:
 ចិន​
  COVID-19
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com