អន្តរជាតិ
អ្នក​ឆ្លង COVID-19 នៅ​អ៊ីតាលី​ឡើងដល់​១៥៥​នាក់ ក្នុងនោះ​ស្លាប់​៣
24, Feb 2020 , 10:15 am        
រូបភាព
អ្នកដំណើរនៅ​តំបន់ Piazza del Duomo ក្រុង Milan នាំគ្នាពាក់ម៉ាស់ការពារ COVID-19 ។ រូបថត AFP
អ្នកដំណើរនៅ​តំបន់ Piazza del Duomo ក្រុង Milan នាំគ្នាពាក់ម៉ាស់ការពារ COVID-19 ។ រូបថត AFP
ដោយ: រួបរួម
​អ៊ីតាលី បាន​ក្លាយជា​ប្រទេស​ដែល​រាលដាល​ខ្លាំងជាងគេ​នៅ​អឺរ៉ុប​លើ​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ដោយ​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​នេះ តួលេខ​អ្នក​ឆ្លង​មាន​១៥៥​នាក់ ខណៈ​អ្នកជំងឺ​ឡើងដល់​៣​នាក់​។​

 
​ក្រសួងសុខាភិបាល​អ៊ីតាលី កាលពី​ថ្ងៃអាទិត្យ បានប្រកាស​ពី​ករណី​ស្លាប់​ស្ត្រី​ចំណាស់​ម្នា​ក់នៅ​មន្ទីរពេទ្យក្រុង Crema តំបន់ Lombardy និង​ជា​ករណី​ស្លាប់​ទី​៣​ដោយសារ COVID-19 នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​នេះ​។ យោងតាម AFP ស្ត្រី​នោះ​មាន​ជំងឺមហារីក​ក្នុង​ខ្លួន​។ អ្នក​ពីរ​នាក់​ដំបូង គឺ​បុរស​វ័យ​៧៨​ឆ្នាំ និង​ស្ត្រី​វ័យ​៧៧​ឆ្នាំ​។​
 
​មកដល់ពេលនេះ ករណី​ឆ្លង​នៅ​អ៊ីតាលី​ឡើងដល់​១៥៥​នាក់ ដោយ​ច្រើនជាងគេ​នៅ​តំបន់ Lombardy ដែលមាន​ជាង​១០០​នាក់ បន្ទាប់មក​មាន Veneto, Emilia Romagna, Trentino South Tyrol, Lazio ជាដើម​។​
 
​ការរកឃើញ​ករណី​ឆ្លង​យ៉ាងគំហុក​នៅ​អ៊ីតាលី​នេះ នាំ​ឲ្យ​រដ្ឋាភិបាល​អ៊ីតាលី​សម្រេច​ហាមប្រាម​រាល់​ការរៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​នៅ​តំបន់ Veneto និង Lombardy ហើយ​សាលា​ទាំងអស់​ត្រូវបាន​បិទ​បណ្តោះអាសន្ន​ផងដែរ​។​
 
​កាលពី​យប់​ថ្ងៃទី​២៣ ខែកុម្ភៈ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ចំនួន​៤​ក្នុង​ក្របខណ្ឌ Serei A រវាង Inter Milan-Sampdoria, Atalanta-Sassuolo, Hellas Verona-Cagliari និង Torino-Parma ក៏ត្រូវ​បាន​ព្យួរ​ផងដែរ​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com