បក្ស​លោក មហា​ធៀ ចែកផ្លូវ​ពី​សម្ព័ន្ធភាព ខណៈ​សមាជិកសភា​១១​នាក់​ដើរ​ចេញពី​បក្ស​លោក អាន់​វ៉ា​
អន្តរជាតិ
បក្ស​លោក មហា​ធៀ ចែកផ្លូវ​ពី​សម្ព័ន្ធភាព ខណៈ​សមាជិកសភា​១១​នាក់​ដើរ​ចេញពី​បក្ស​លោក អាន់​វ៉ា​
24, Feb 2020 , 5:44 pm        
រូបភាព
លោក មហាធៀ មហាម៉ាត់ (ស្ដាំ) និងលោក Anwar Ibrahim អំឡុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២០ (សារព័ត៌មានMalay Mail)
លោក មហាធៀ មហាម៉ាត់ (ស្ដាំ) និងលោក Anwar Ibrahim អំឡុងសន្និសីទព័ត៌មានមួយ កាលពីថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២០ (សារព័ត៌មានMalay Mail)
​គណបក្ស​ជនជាតិដើម​រួម​រួប​ម៉ាឡេស៊ី (Malaysian United Indigenous Party) របស់​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បានសម្រេច​ចាក​ចេញពី​សម្ព័ន្ធភាព Pakatan Harapan (PH) ខណៈ​ស្ថានការន៍​នយោបាយ​ក្នុងប្រទេស​នេះ បាន​ប្រែជា​តានតឹង កាលពី​រសៀល​ថ្ងៃ​ចន្ទ ២៤ ខែកុម្ភៈ ក្រោយ​ការសុំ​លាលែង​របស់លោក​។ ទន្ទឹមនេះ សមាជិកសភា​១១​នាក់​មកពី​បក្ស​របស់លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibraham )​ក៏បាន​ប្រកាស​ដើរចេញ​ពី​បក្ស​នេះ​ផងដែរ ដោយ​គោលដៅ​បង្កើត​ប្លុក​ឯករាជ្យ​មួយ​ក្នុង​សភា​។​

 
​ប្រធាន​បក្ស​ជនជាតិដើម​រួម​រួប​ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​ជាន់ខ្ពស់​របស់​បក្ស​លោក បាន​បង្កើត​ការ​សេចក្តីសម្រេច​នេះ កាលពី​ថ្ងៃអាទិត្យ ២៣ ខែកុម្ភៈ​។ លោក​សរសេរ​លើ​ហ្វេ​ស​ប៊ុល​បែបនេះ​ថា​៖«​ការសម្រេចចិត្ត (​ចាក​ចេញពី​សម្ព័ន្ធភាព PH) បានធ្វើ​ឡើយ​ក្រោយ​ទាញយក​ការអភិវឌ្ឍ​នយោបាយ​បច្ចុប្បន្ន និង​អនាគត​របស់​ប្រទេស​មក​គិតពិចារណា​»​។ លោក បន្ថែមទៀតថា សមាជិក​បក្ស​លោក​ទាំងអស់ បន្ត​គាំទ្រ​និង​ជឿទុកចិត្ត​លោក មហា​ធៀ ជា​នាយករដ្ឋមន្ត្រី ។ 
 
​ការចែក​ផ្លូវ​ពី​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan (PH) កើតឡើង​ខណៈ​សមាជិក​សភា​មកពី​បក្ស​យុត្តិធម៌​ប្រជាជន (PKR) របស់លោក Anwar Ibramhim រួមមាន អនុប្រធាន​បក្ស គឺ​លោក Azmin Ali ផង​នោះ បានប្រកាស​ពី​ការដើរ​ចេញពី​បក្ស​នេះ និង​សម្ព័ន្ធភាព PH ដើម្បី​បង្កើត​ប្លុក​ឯករាជ្យ​មួយ​ក្នុង​សភា​។​
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia លោក Azmin នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​ដឹកនាំ​សមាជិកសភា​១០​នាក់​ផ្សេងទៀត លាលែង​ពី​បក្ស PKR របស់លោក Anwar និង​សម្ព័ន្ធភាព PH ដែល​លោក មហា​ធៀ ធ្លាប់ជា​ប្រមុខ​ដឹកនាំ​។ សមាជិកសភា​ទាំង​១០​នាក់​នេះ  គឺ​រួមមាន រដ្ឋមន្ត្រី​រដ្ឋាភិបាល​តំបន់​និង​ផ្ទះសម្បែង Zuraida Kamaruddin, រដ្ឋមន្ត្រីការបរទេស Saifuddin Abdullah និង​រដ្ឋមន្ត្រី​ការងារ Baru Bian ជាដើម​។ 
 
​និយាយ​ទៅដល់​លោក មហា​ធៀ ឯណោះ​វិញ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពី​ថ្វាយ​លិខិត​សុំលាលែង​ជា​ប្រមុខ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ិ លោក ក៏បាន​ប្រកាស​ចុះចេញ​ប្រធាន (Chairman) បក្ស​គណបក្ស​ជនជាតិដើម​រួម​រួប​ម៉ាឡេស៊ី (Malaysian United Indigenous Party) នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ផងដែរ​។ តាម​ប្រភពព័ត៌មាន Malay Mail ដោយ​ដកស្រង់​សម្តី​របស់​ទីប្រឹក្សា​ម្នាក់​របស់លោក​មហា​ធៀ លោកនាយក​រដ្ឋមន្ត្រី​ត្រូវបាន​កោះហៅ​ទៅ​ចូលគាល់​មហាក្សត្រ​ម៉ាឡេស៊ី​នៅ​ម៉ោង ៥​ល្ងាច ថ្ងៃ​ចន្ទ​នេះ​។ 
 
​ការសម្រេចចិត្ត​របស់​លោក មហា​ធៀ កើតឡើង​ក្រោយពី​មាន​ភាព​រំជើបរំជួល​ផ្នែក​នយោបាយ​ក្នុង​សម្ព័ន្ធភាព​កាន់អំណាច Pakatan Harapan ។ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ លោក មហា​ធៀ បាន​ជួប​ជាមួយ​តំណាង​បក្ស​មួយចំនួន​ដែលមាន​សំឡេង​ក្នុង​សភា រាប់ទាំង​តំណាង​បក្ស​រួបរួម​ម៉ាឡេស៊ី (UMNO) ដែលជា​បក្សប្រឆាំង​ផង​។ អ្វីដែល​គេ​មើលឃើញ​នោះ គឺ​លោក មហា​ធៀ ចង់​ប្រមូល​សំឡេង​ក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល​មិន​បញ្ចូល​បក្ស​របស់លោក Anwar Ibrahim ៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  Anwar
  Pakatan Harapan
© រក្សាសិទ្ធិដោយ thmeythmey.com