អន្តរជាតិ
COVID-19៖ ករណី​ស្លាប់​ឡើងដល់​ប្រមាណ​២៧០០​នាក់ និង​រាលដាល​ដល់​៣៤​ប្រទេស​
25, Feb 2020 , 9:23 am        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​តួលេខ​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ឡើងដល់​ប្រមាណ​២៧០០​នាក់​ហើយ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែកុម្ភៈ នេះ​។ អូ​ម៉​ង់​បាន​ក្លាយជា​ប្រទេស​ទី​៣៤ ដែល​បាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​ដែលមាន​ប្រភពពី​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​មួយ​នេះ​។​

 
​បើ​ប្រៀបធៀប​កាលពី​ថ្ងៃ​ម្សិលមិញ របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​សុខាភិបាល​ជាតិចិន បង្ហាញថា ខេត្ត​ហ៊ូ​ប៉ី មាន​ករណី​ស្លាប់​៦៨​នាក់​បន្ថែមទៀត កំណើន​ករណី​ស្លាប់ មាន​៣​នាក់​ទៀត​ស្ថិត​នៅក្រៅ​ខេត្ត​ហ៊ូ​ប៉ី រួមទាំង​ការស្លាប់​នៅ​អ៊ីតាលី កូរ៉េខាងត្បូង និង​អ៊ីរ៉ង់​។ បច្ចុប្បន្ន តួលេខ​អ្នកស្លាប់ គឺ​២៦៩៩​នាក់ ក្នុងចំណោម​អ្នកជំងឺ​ជាង​៨​ម៉ឺន​នាក់ រីឯ​ជាង​២៧០០០​នាក់ បាន​សះស្បើយ​។​
 
​ក្នុងចំណោម​អ្នកស្លាប់​២៦៩៩​នាក់ មាន​២៦៦៦​នាក់​ស្ថិតនៅ​ចិន ១២​នាក់​នៅ​អ៊ីរ៉ង់ ៨​នាក់​នៅ​កូរ៉េខាងត្បូង ៧​នាក់​នៅ​អ៊ីតាលី ៤​នាក់​នៅ​ជប៉ុន (​ក្នុងនោះ​៣​នាក់​លើ​ករណី​នាវា Diamond Princess) រីឯ​បារាំង និង​ហ្វីលីពីន មាន​១​ករណី​រៀងៗ​ខ្លួនៗ​។​
 
​ប្រទេស​ទាំង​៣៤​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អេ​ហ្ស៊ី​ប​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com