អន្តរជាតិ
​កូរ៉េខាងត្បូង​៖ អ្នក​ឆ្លង COVID-19 ឡើង​ដល់​៩៧៧​នាក់ ក្នុងនោះស្លាប់​១១​នាក់​
25, Feb 2020 , 3:17 pm        
រូបភាព
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាញ់សម្លាប់មេរោគនៅអគារសភាកូរ៉េខាងត្បូង (AFP)
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បាញ់សម្លាប់មេរោគនៅអគារសភាកូរ៉េខាងត្បូង (AFP)
ដោយ:
​កូរ៉េខាងត្បូង បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន៨៤ករណីបន្ថែមទៀតនារសៀលថ្ងៃទី២៥ ខែកុម្ភៈ ដែល​ធ្វើចំនួនសរុប​ឡើង​ដល់​៩៧៧នាក់។ បើតាម​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង អ្នកជំងឺ​២២​នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ ខណៈ​អ្នកស្លាប់កើន១នាក់បន្ថែមទៀត ដែលនាំឲ្យ​ចំនួន​សរុបឡើង​ដល់​១១នាក់​ហើយ​។​

 

កាលពីព្រឹក មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​កូរ៉េខាងត្បូង (KCDC) ទើបតែប្រកាសពី​ការ​រកឃើញ​​ករណី​ឆ្លង COVID-19 បន្ថែមចំនួន​៦០​នាក់​ ដោយ​អ្នកជំងឺ ១៦​នាក់ ស្ថិត​ក្នុង​ក្រុង Daegu ដែលមាន​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី សេ​អ៊ូ​ល ហើយ​អ្នក​ឆ្លង​៣៣​នាក់​ថ្មី រកឃើញ​ក្នុង​ខេត្ត Gyeongbuk ដែលជា​ខេត្ត​ក្បែរ​ខាង​របស់​ក្រុង Daegu ។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង​នេះ អះអាង​ទៀតថា ស្ទើរតែ​បណ្ដា​ខេត្ត​និង​ក្រុង​សំខាន់ៗ​ទាំងអស់​ក្នុងប្រទេស​បាន​រកឃើញ​ករណី​ឆ្លង COVID-19 ខណៈ​ក្រុង​សេ​អ៊ូ​ល ក៏បាន​រកឃើញ​ករណី​ឆ្លង​២​ថ្មី​ទៀតផង​ដែរ​។ ចំណែក ទីក្រុងប៊ូសាន (Busan) ដែលជា​ក្រុង​ធំ​លំដាប់​ទី​២​របស់​កូរ៉េខាងត្បូង បាន​រកឃើញ​អ្នកជំងឺ ៣​នាក់​ថ្មី ហើយ​ខេត្ត Gyeonggi បាន​រកឃើញ​ករណី​ឆ្លង ៥ នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​។​
 
​យោងតាម​មជ្ឍមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​កូរ៉េខាងត្បូង (KCDC) កូរ៉េខាងត្បូង បានអនុញ្ញាត​ឲ្យ​អ្នកជំងឺ COVID-19 ដែលជា​សះស្បើយ​ពេញលេញ​ចំនួន ២២ នាក់ ពី​មន្ទីរពេទ្យ គិត​ត្រឹម​ព្រឹក​ថ្ងៃ ២៥ ខែកុម្ភៈ​។  ដោយឡែក ចំនួន​មនុស្ស​ដែល​ទទួលបាន​ត្រួតពិនិត្យ​រកមើល​វីរុស និង​ដាក់​ឲ្យ​ដាច់ដោយឡែក បាន​ឡើងដល់ ១៣ ២៧៣​នាក់ ហើយ​អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បានធ្វើ​តេស្ត​ករណី​សង្ស័យ​៣៥ ៨២៣​នាក់ ។ ជា​លទ្ធផល មនុស្ស ២២ ៥៥០ នាក់ បានធ្វើ​តេស្ត​អវិជ្ជមាន​សម្រាប់​វីរុស​នេះ​។​
 
​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​២០ ខែមករា បាន​រកឃើញ​ករណី​ឆ្លង COVID-19 ដំបូងបង្អស់​របស់ខ្លួន​ពី​ស្ត្រីជន​ជាតិចិន​ម្នាក់ មកពី​ក្រុង វូ​ហាន ដែលជា​ចំណុច​ផ្ដើម​នៃ​ការផ្ទុះ​រាលដាល​វីរុស​នេះ​។ គិត​មកទល់ពេលនេះ មនុស្ស​១០នាក់ បាន​ស្លាប់​ក្នុងប្រទេស​កូរ៉េខាងត្បូង​ដោយសារ​ជំងឺ COVID-19​។ 
 
​កាលពី​ថ្ងៃអាទិត្យ​ទី​២៣ ខែកុម្ភៈ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​លើកឡើងថា COVID-19 គួរតែ​ដោះស្រាយ​ដោយ​វិធានការ​ម៉ត់ចត់​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ដំឡើង​កម្រិត​ប្រកាសអាសន្ន​របស់​ប្រទេស ជុំវិញ​COVID-19 ទៅ​«​កម្រិត​ខ្ពស់បំផុត​» ដោយ​ផ្អែក​ទៅតាម​ការផ្តល់​អនុសាសន៍​របស់​ក្រុម​អ្នកជំនាញ​៕

Tag:
 កូរ៉េខាងត្បូង​
  COVID-19
  Daegu
© រក្សាសិទ្ធិដោយ thmeythmey.com