COVID-19
អន្តរជាតិ
អ៊ីរ៉ង់​៖ អ្នកស្លាប់​ដោយសារ COVID-19 ឡើងដល់​១៥​នាក់​ក្នុងចំណោម​អ្នកជំងឺ​៦១​នាក់​
25, Feb 2020 , 2:36 pm        
រូបភាព
ដោយ: រួបរួម
​នៅថ្ងៃនេះ អ៊ីរ៉ង់​មាន​ករណី​ស្លាប់​បន្ថែម​ពីរ​នាក់​ទៀត​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​នៅ​ប្រទេស​នេះ​ឡើងដល់​១៥​នាក់ ខណៈ​អ្នកជំងឺ​មាន​៦១​នាក់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​

 
​គិត​ត្រឹម​ម៉ោង​នេះ អ្នកស្លាប់​ដោយសារ COVID-19 មាន​២៧០៣​នាក់ មាន​២៦៦៦​នាក់​ស្ថិតនៅ​ចិន ១៤៥នាក់​នៅ​អ៊ីរ៉ង់ ៩​នាក់​នៅ​កូរ៉េខាងត្បូង ៧​នាក់​នៅ​អ៊ីតាលី ៥​នាក់​នៅ​ជប៉ុន (​ក្នុងនោះ​៤​នាក់​លើ​ករណី​នាវា Diamond Princess) រីឯ​បារាំង និង​ហ្វីលីពីន មាន​១​ករណី​រៀងៗ​ខ្លួនៗ​។​
 
​ប្រទេស​ទាំង​៣៤​ដែលមាន​ករណី​ឆ្លង COVID-19 រួមមាន ចិន (​បញ្ចូល​ទាំង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង តៃវ៉ាន់ និង​ម៉ា​កាវ​) កូរ៉េខាងត្បូង ជប៉ុន (+​ករណី​នាវា Diamond Princess) អ៊ីរ៉ង់ សិង្ហ​បុរី ថៃ អេ​មី​រ៉ា​ត​អា​រា់ប់​រួម ម៉ាឡេស៊ី វៀតណាម អ៊ីស្រាអែល អូ​ម៉​ង់ ហ្វីលីពីន លី​បង់ អ៊ីរ៉ាក់ កូ​វ៉ែត ប៉ា​រែ​ន អា​ហ្វ​ហ្គា​នី​ស្ថាន ឥណ្ឌា ណេ​ប៉ាល់ កម្ពុជា និង​ស្រីលង្កា​។​
 
​បណ្តា​ប្រទេស​នៅ​អឺរ៉ុប មាន អ៊ីតាលី បារាំង អង់គ្លេស អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេ​ស្ប៉ា​ញ ហ្វាំ​ង​ឡង់ និង​បែលហ្ស៊ិក​។ ក្រៅពីនោះ មាននៅ សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​អេ​ហ្ស៊ី​ប​៕

Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com