អន្តរជាតិ
ករណី​ឆ្លង COVID-19 នៅ​កូរ៉េខាងត្បូង កើន​លើស​១០០០​នាក់ ក្នុងនោះ​ស្លាប់​១២​នាក់​
26, Feb 2020 , 9:28 am        
រូបភាព
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ បាន​រាយការណ៍​ពី​ករណី​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ចំនួន​១៦៩​នាក់ ដែល​នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប​នៅ​ប្រទេស​នេះ​ឡើងដល់​១១៤៦​នាក់​។ ចំនួន​អ្នកស្លាប់​ឡើងដល់​១២​នាក់ ដោយ​ករណី​ចុងក្រោយ​ជា​បុរស​វ័យ​៧៣​ឆ្នាំ​ម្នា​ក់នៅ Daegu​។​

 
៨០​ភាគរយ​នៃ​ករណី​ឆ្លង​ទាំងអស់​នៅ​កូរ៉េខាងត្បូង កើត​នៅ​ទីក្រុង Daegu និង Cheongdo ដែល​នៅក្បែរ​ខាង​។ វិហារ​សាសនា​គ្រិស្ត​នៅ Daegu និង​មន្ទីរពេទ្យ​នៅ Cheongdo ជាទី​ចម្លង​វីរុស​ប្រភេទ​ថ្មី​ខ្លាំងជាងគេ​នៅ​កូរ៉េខាងត្បូង​។ 
 
​ក្នុងចំណោម​ករណី​ឆ្លង​១៦៩​ដែល​រាយការណ៍​ថ្មីៗ មាន​ករណី​ឆ្លង​១៥៣​នាក់ កើត​នៅ​ទីក្រុង​ទាំងពីរ​នេះ​ទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ បើតាម​មជ្ឈមណ្ឌល​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េ ខេត្ត និង​ទីក្រុង​ធំៗ​របស់​កូរ៉េខាងត្បូង​ស្ទើរ​ទាំងអស់ សុទ្ធតែ​បាន​រាយការណ៍​ពី​ករណី​ឆ្លង ខណៈ​រដ្ឋធានី​សេ​អ៊ូ​ល​មាន​បួន​ករណី​ថែមទៀត​។ ប៊ូសាន ដែលជា​ទីក្រុង​ធំ​ទី​របស់​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​៨ ឯ​ខេត្ត Gyeonggi មាន​មួយ​ករណី​ដែរ​។​
 
​កូរ៉េខាងត្បូង បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) កាលពី​ចុងខែ​មករា​កន្លងទៅ​។ នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ រដ្ឋាភិបាល​កូរ៉េខាងត្បូង បានប្រកាស​កម្រិត​អាសន្ន​ខ្ពស់បំផុត​ដើម្បី​ឆ្លើយតប​នឹង​ការ​រាលដាល​យ៉ាង​រហ័ស​របស់​មេរោគ​។ ទីក្រុង Daegu គឺជា​គោលដៅ​របស់​កូរ៉េខាងត្បូង​ក្នុងការ​បិទផ្លូវ​រាលដាល​ថែមទៀត​។ 
 
​ចំនួន​ករ​ណ​ណី​ឆ្លង រំពឹងថា នឹង​បន្ត​កើនឡើង​ថែមទៀត ខណៈ​អាជ្ញាធរ​ត្រៀម​ធ្វើតេស្ត​លើ​សមាជិក​វិហារ Shincheonji ចំនួន​ជាង​២១​ម៉ឺន​នាក់​ដើម្បីរ​កកូ​រ៉ូ​ណាវី​រុស​។ វិហារ​នេះ ជាទី​កន្លែង​ចម្លង​ដ៏​ធំ​មួយ​ទៅកាន់​តំបន់​ផ្សេងៗ​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com