COVID-19
អន្តរជាតិ
COVID-19៖ រដ្ឋអឺរ៉ុបជិតខាង មិនបិទព្រំដែនជាមួយអ៊ីតាលីឡើយ
× ប្រទេសជិតខាងរបស់អ៊ីតាលី បានបញ្ជាក់ថា ពួកគេនឹងមិនបិទព្រំដែនឡើយ បើទោះជាស្ថានការណ៍នៅអ៊ីតាលី កំពុងជួបបញ្ហាដោយសារការរាលដាលជំងឺរលាកសួតធ្ងន់ធ្ងរបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី (COVID-19) ។ ប៉ុន្តែប្រទេសតំបន់អឺរ៉ុបខ្លះ នៅថ្ងៃទី២៥ ខែកុម្ភៈ បានប្រកាសពីការរកឃើញករណីឆ្លងវីរុសបន្តកន្ទុយគ្នា។ វិធានការបិទព្រំដែននេះ ត្រូវបានរដ្ឋមន្ត្រីសុខាភិបាលប្រទេសភូមិផងអ៊ីតាលីអះអាងថា មិនមានប្រសិទ្ធភាពឡើយ។
អ៊ីតាលី ជាប្រទេសតំបន់អឺរ៉ុបរងគ្រោះធ្ងន់ជាងគេដោយសារមេរោគកូរ៉ូណាប្រភេទថ្មីដែលផ្ទុះដំបូងនៅទឹកដីចិននៃតំបន់អាស៊ី។ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ករណីឆ្លងជំងឺដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅអ៊ីតាលីមានចំនួន៣២២នាក់ និងករណីស្លាប់ចំនួន១១នាក់។ នាយករដ្ឋមន្ត្រីអ៊ីតាលី Giuseppe Conte បានបន្ទោសលើប្រព័ន្ធគ្រប់គ្រងទន់ខ្សោយក្នុងមន្ទីរពេទ្យមួយនៅភាគខាងជើង ដែលជាទីរកឃើញ COVID-19 មុនគេ ខណៈបច្ចុប្បន្នបានរាលដាលទៅភាគខាងត្បូងប្រទេសហើយ។
ទោះប្រឈមមុខការឆ្លងក្ដី ប្រទេសអឺរ៉ុបដែលមានព្រំដែនជាប់អ៊ីតាលី ប្រកាសថា នឹងមិនមានការបិទព្រំដែនឡើយ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP រដ្ឋមន្ត្រីសុខាភិបាលមកពីប្រទេសបារាំង អូទ្រីស ស្វ៊ីស ដែលមានព្រំប្រទល់ជាប់អ៊ីតាលី និងស្នងការទទួលបន្ទុកសុខាភិបាលអឺរ៉ុប Stella Kyriakides នៅថ្ងៃទី២៥ ខែកុម្ភៈ បានជួបជុំគ្នានៅទីក្រុងរ៉ូម ដោយបានឯកភាពគ្នាថា ការបិទព្រំដែន ជាវិធានការមិនសមស្រប និងគ្មានប្រសិទ្ធភាព។
«យើងកំពុងនិយាយពីវីរុសដែលមិនស្គាល់ព្រំដែន។» នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី Roberto Speranza ។ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ Jens Spahn ដែលចូលរួមក្នុងកិច្ចប្រជុំនេះដែរបញ្ជាក់ថា ប្រទេសទាំងអស់ បានយកចិត្តទុកខ្លាំងលើបញ្ហានេះ ខណៈវីរុសបានទៅដល់អឺរ៉ុប ហើយការវិវត្តរបស់វីរុសនេះ ក៏នៅតែស្មុគស្មាញ។ លោកចាត់ទុកការរាលដាលវីរុសនេះ ជាស្ថានភាពថ្មីដែលត្រូវដោះស្រាយមុនវិវត្តទៅរកភាពអាក្រក់ខ្លាំង។
មុនការរកឃើញករណីឆ្លងនៅអ៊ីតាលី ប្រទេសអឺរ៉ុបដែលមានករណីវីរុសនេះ គឺបារាំង និងអង់គ្លេស។ បច្ចុប្បន្ន រដ្ឋអឺរ៉ុបផ្សេងទៀតដែលមានការរាយការណ៍ពីករណីឆ្លង COVID-19 មាន អ៊ីតាលី បារាំង អាល្លឺម៉ង់ ស៊ុយអែត រុស្ស៊ី អេស្ប៉ាញ ហ្វាំងឡង់ បែលហ្ស៊ិក អូទ្រីស និងក្រូអាត។
វិធានការបិទព្រំដែនដើម្បីទប់ស្កាត់ករណីនេះ ត្រូវបានអនុវត្តដោយប្រទេសជិតខាងចិន ខណៈប្រទេសចំនួន៣៧ហើយដែលបានរាយការណ៍ពីការឆ្លង COVID-19 នេះ។ ក្រៅពីនោះ គេក៏ឃើញមាន ការបិទជើងហោះហើរពីប្រទេសដែលមានករណីផ្ទុះ COVID-19 ធ្ងន់ធ្ងរផងដែរដូចជាករណីប្រទេសជាច្រើនមិនទទួលការហោះហើរពីចិន ពីកូរ៉េខាងត្បូង និងពីអ៊ីរ៉ង់ផងដែរ៕
Tag:
អឺរ៉ុប
អ៊ីតាលី
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com