អន្តរជាតិ
ថៃ រកឃើញ​អ្នក​ឆ្លង COVID-19 បី​ករណី​ថ្មី​, សរុប​ឡើង ៤០​ហើយ​
26, Feb 2020 , 3:59 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ប្រទេស​ថៃ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ បានបញ្ជាក់​ពី​ការរកឃើញ​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ចំនួន ៣ ករណី​ថ្មី​ទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​ឡើងដល់ ៤០ ករណី​។ ទន្ទឹមនឹង​ការប្រកាស​ករណី​ឆ្លង​ថ្មី អាជ្ញាធរ​សុខាភិបាល​ថៃ បាន​រិះគន់​លើ​អ្នកជំងឺ​ម្នាក់​សម្រាប់​ការព្យាយាម​បិទបាំង​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ជប៉ុន​។

 
​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​សុខភាព​សាធារណៈ​ថៃ លោក Sukhum Kanchanapimai បាន​បញ្ជាក់ថា អ្នកជំងឺ​ថ្មី​ទាំងបី​នាក់​នេះ គឺ​សុទ្ធតែជា​ជនជាតិ​ថៃ​។ លោក បន្តថា អ្នកជំងឺ​ពីរ​នាក់ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា អះអាងថា ជា​ប្ដី​ប្រពន្ធ បាន​ត្រលប់​មកពី​ធ្វើដំណើរ​កម្សាន្ត​ពី​កោះ Hokkaido ភាគ​ខាងជើង​នៃ​ប្រទេស​ជប៉ុន ។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ លោក Sukhum សង្កត់ធ្ងន់ថា អ្នកជំងឺ​ទាំងពីរ​នេះ​បាន​ប៉ះ​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ទី​បី​។ យ៉ាងណាមិញ គេ​ពុំបាន​បង្ហើប​អត្តសញ្ញាណ​របស់​កុមារ​ដែលមាន COVID-19 នេះឡើយ​។ 
 
​ដំបូង​ឡើយ អ្នកជំងឺ​ជា​បុរស ពុំបាន​បញ្ជាក់​ពី​ប្រវត្តិ​ធ្វើដំណើរ​របស់លោក នៅពេល​លោក​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការព្យាបាល​កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ព្រោះ​លោក​មាន​រោគសញ្ញា​ក្អក និង​ក្តៅខ្លួន​។ លោក​រដ្ឋមន្ត្រី​សុខភាព​សាធារណៈ​ថៃ Anutin Charnvirakul អះអាង​បែបនេះ ដោយ​បន្ថែមថា បុគ្គល​រូបនេះ បង្ក​ហានិភ័យ​ឆ្លង​ដល់​អ្នក​ដទៃទៀត​ក្នុង​មន្ទីរពេទ្យ​។  ត្រង់នេះ លោក សង្កត់ធ្ងន់ថា​៖«​យើង​ត្រូវតែ​រិះគន់​លើ​ករណីនេះ​។ វា​បង្កបញ្ហា​ច្រើន​ដល់​យើង​»​។ 
 
​អ្នកជំងឺ​រូបនេះ បានមក​កាន់​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការព្យាបាល កាលពី​ថ្ងៃ​២៣ ខែកុម្ភៈ ក៏ប៉ុន្តែ​លោក​បាន​លាក់បាំង​ពី​ប្រវត្តិ​ដំណើរ​កម្សាន្ត​ទៅ​បរទេស​របស់លោក ពោលគឺ​រហូតដល់​ថ្ងៃទី ២៤ ខែកុម្ភៈ​។  អ្នកជំងឺ​រូបនេះ បាន​ប៉ះ​ផ្ទាល់​ជាមួយ​បុគ្គលិក​វេជ្ជសាស្ត្រ​នៅ​មន្ទីរពេទ្យ​នោះ​ចំនួន ៣០​នាក់ ដែល​ក្រោយមក​ពួកគេ​បានធ្វើ​តេស្ត​អវិជ្ជមាន​សម្រាប់ COVID-19 ហើយ​ត្រូវ​ស្នើ​ឲ្យ​នៅផ្ទះ​មួយរយៈ​សិន​៕

Tag:
 ថៃ​
  កូ​រ៉ូ​ណាវី​រុស​
  COVID-19
 ​រដ្ឋមន្ត្រី​សុខភាព​សាធារណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com