កាហ្វេ​ថ្មីៗ​៖ ចុះបើ​អ្នក​ដួល​តាមផ្លូវ ជា​ញាតិសន្តាន​យើង​?
ពីនេះ ពីនោះ / មិនយល់...!
កាហ្វេ​ថ្មីៗ​៖ ចុះបើ​អ្នក​ដួល​តាមផ្លូវ ជា​ញាតិសន្តាន​យើង​?
09, Mar 2020 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
​ពិភពលោក​កំពុងតែ​ខ្វល់ខ្វាយ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ Covid-19​។ មានការ​ផ្តល់​ដំបូន្មាន​ប្រជាជន​ទូទៅ​អនុវត្ត​ការ​អនាម័យ​ខ្លួនប្រាណ ជាជាង​ការ​ភ័យ​ស្លន់​ឆោឡោ​។ សុធីរ និង​សំណាង មិនអាច​ចៀស​ផុតពី​ការជជែក​គ្នា​អំពី​បញ្ហា​សាកល​មួយ​នេះ​នៅ​តុ​កាហ្វេ​របស់​ពួកគេ​ឡើយ​។​

 
​សុធីរ​៖ រឿង​កាន់តែ​ធំ​។ រឿង​កាន់តែ​ធ្ងន់ធ្ងរ នៅត្រង់ថា ឥឡូវនេះ នៅពេល​មាន​មនុស្ស​ដួល មនុស្ស​នៅ​ជុំវិញ នាំគ្នា​សន្មត​ថា ជនរងគ្រោះ​នោះ​មាន​ផ្ទុក Covid-19 ហើយ​ថត​ផ្សាយ​តាម​បណ្តាញ​សង្គម​ភ្លាមៗ​តែម្តង​។ 
 
​សំណាង​៖ វា​ជា​រឿង​ដែល​យើង​ត្រូវ​បារម្ភ​មែន​។ អា Covid-19 នេះ វា​កំពុង​ធ្វើឱ្យ​មនុស្ស​បោះបង់ចោល​នូវ​ករុណា ស្មារតី​មនុស្សធម៌​។ យើង​មិន​បន្ទោស​ទេ តែ​ប្រហែល​មកពី​យើង​ភ័យ​ខ្លាំងពេក​រហូតដល់​ជនរងគ្រោះ​ដែល​អាច​ដួល​ដោយ​ជំងឺ​អ្វី​ផ្សេង ខ្យល់ គាំងបេះដូង លើសឈាម ជាដើម ត្រូវ​បាត់បង់​ជីវិត ដោយសារតែ​គ្មាន​អ្នក​ជួយសង្គ្រោះ​បឋម​។​
 
​សុធីរ​៖ មិនមែន មិនឱ្យ​ភ័យ​ទេ​។ អញ​ក៏​ភ័យ​ដែរ ប៉ុន្តែ គិតក្នុងចិត្ត​មួយ​ថា ត្រូវ​ស្វែ​ករក​ជំនួយ​បឋម​ឱ្យ​លឿន ដូចជា​រថយន្ត​សង្គ្រោះបន្ទាន់ តែ​មិនមែន​ឃើញ​មនុស្ស​ដួល​ហើយ នាំគ្នា​ពាក់​ម៉ាស ហើយ​រត់ចេញ​នោះទេ​? ស្រមៃ​ថា ជនរងគ្រោះ​នោះ​ជា​យើង ជា​បងប្អូន​យើង ញាតិសន្ដាន​យើង ហើយ​យើង​ដួលសន្លប់​ដោយ​ជំងឺ​អ្វី​ផ្សេង​ដូច​អ្ហែង​និយាយ​មិញ ហើយ​គេ​ទុកចោល យើង​មិន​ស្លាប់​ទៅហើយ​ទេ​?

​សំណាង​៖ បញ្ហា​ទី​២ គឺ​ក្រុមមនុស្ស​ដែល​ឃើញ​ហេតុការណ៍​ហ្នឹង ក៏​សន្មត ហើយ​ថត​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ភ្លាមៗ​ថា Covid-19​។ អ្នក​ផ្សាយ​ហ្នឹង​ក៏​ដឹង​ខ្លួនឯង​ថា ខ្លួនឯង​គិត​ដោយ​ខ្លួនឯង សន្និដ្ឋាន​ខ្លួនឯង​ដែរ​។ មិន​ពិចារណា​បន្តិច​សិន​ទេ​។ ដូច​អ្ហែង​ឆ្ងល់​អ៊ីចឹង ចុះបើ​អ្នក​ដួល​នោះ ជា​ញាតិសន្តាន​របស់​ពួកគាត់ ហើយ​ត្រូវបាន​គេ​ថត​បង្ហោះ​ផ្សាយ​ទាំង​ខុស​អ៊ីចឹង តើ​ពួកគាត់​យល់​យ៉ាងម៉េច​ដែរ​?

© រក្សាសិទ្ធិដោយ thmeythmey.com