COVID-19
អន្តរជាតិ
ម៉ុង​ហ្គោ​លី បិទ​រដ្ឋធានី​និង​ខេត្ត​មួយចំនួន បន្ទាប់ពី​រកឃើញ​ករ​ណី COVID-19 ដំបូង​
10, Mar 2020 , 2:39 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តីម៉ុងហ្គោលី លោក Enkhtuvshin Ulziisaikhan។ រូបភាព៖ montsame​
ឧបនាយករដ្ឋមន្រ្តីម៉ុងហ្គោលី លោក Enkhtuvshin Ulziisaikhan។ រូបភាព៖ montsame​
​បន្ទាប់ពី​រកឃើញ​COVID-19 ដំបូង​នៅក្នុង​ប្រទេស រដ្ឋាភិបាល​ម៉ុង​ហ្គោ​លី នា​ថ្ងៃទី​១០ ខែមីនា បានចេញ​ចំណាត់​ការបិទ​រដ្ឋធានី​ភ្លាមៗ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នៅក្នុង​ប្រទេស​។ ចំណាត់ការ​នេះ​ធ្វើឡើង បើទោះបីជា​ស្ថានភាព​នៅ​ម៉ុង​ហ្គោ​លី មិន​យ៉ាប់យ៉ឺន​ដូច​នៅ​ចិន អ៊ីតាលី និង​ប្រទេស​ដទៃទៀត​។​


 
​ចាប់តាំងពី​ផ្ទុះ​COVID-19 ម៉ុង​ហ្គោ​លី បាន​បិទ​ព្រំដែន​របស់ខ្លួន​ជាមួយ​ចិន បិទ​ជើងហោះហើរ​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​ទប់ស្កាត់​ការរីក​សាយភាយ​មក​ក្នុងប្រទេស​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែមីនា ក្រសួងសុខាភិបាល​ម៉ុង​ហ្គោ​លី បាន​រកឃើញ​អ្នកជំងឺ​ផ្ទុក COVID-19 លើកដំបូង​បំផុត​នៅក្នុង​ប្រទេស​។ ករណី​ដំបូង​នេះ គឺជា​ជនជាតិ​បារាំង ដែល​មកពី​ទីក្រុង​មូ​ស្គូ នា​ថ្ងៃទី​២ ខែមីនា​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឧបនាយករដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី លោក Enkhtuvshin Ulziisaikhan បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា​៖ «​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ និង​ខេត្ត​ទាំងអស់ នៅ​ភាគ​កណ្តាល ត្រូវ​បិទ​រហូតដល់​ថ្ងៃទី​១៦ ខែមីនា ដើម្បី​ទប់ស្កាត់​ករណី​ផ្ទុះ​COVID-19»​។ ក្នុងន័យនេះ ការចាកចេញ ឬ​ចូល​រដ្ឋធានី ក្រុង​ក្នុង​ខេត្ត​មួយចំនួន ត្រូវបាន​ហាមឃាត់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ម៉ុង​ហ្គោ​លី គឺជា​ប្រទេស​ចុងក្រោយ​មួយ បន្ទាប់ពី​ចិន​បាន​បិទ​ទីក្រុង និង​អ៊ីតាលី​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ទាំងមូល​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែមីនា COVID-19 បាន​កើន​រហូតដល់​ជាង ១១​ម៉ឺន​ករណី​នៅ​ទូទាំង​ពិភពលោក​។ ក្នុង​ចំនួន​ដ៏​ច្រើន​បែបនេះ ករណី​ស្លាប់មាន​ជាង ៤​ពាន់​ករណី និង​ជាសះស្បើយ​មាន​ជាង ៦៣០០០​ករណី​។ បើតាម​សារព័ត៌មាន BNO Tracking Coronavirus ករណី​ឆ្លង​ថ្មី​ភាគច្រើន​កើត​មាននៅ​តំបន់​អឺរ៉ុប​ដូចជា អ៊ីតាលី បារាំង អេ​ស្ប៉ា​ញ អាល្លឺម៉ង់​ជាដើម ខណៈពេល​ចិន បាន​ធ្លាក់ចុះ​ករណី​ឆ្លង​នៅក្នុង​ស្រុក​គួរ​ឲ្យ​កត់សម្គាល់​៕ 

Tag:
 ម៉ុង​ហ្គោ​លី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com