COVID-19
អន្តរជាតិ
មន្ត្រី​ទូត​ហ្វីលីពីន​ប្រចាំ UN ម្នាក់ ឆ្លង COVID-19
13, Mar 2020 , 10:19 pm        
រូបភាព
ទីស្នាក់កណ្ដាលនៃអង្គការសហប្រជាជាតិ នៅក្រុង ញុូវយ៉ក សហរដ្ឋអាមេរិក (AFP)
ទីស្នាក់កណ្ដាលនៃអង្គការសហប្រជាជាតិ នៅក្រុង ញុូវយ៉ក សហរដ្ឋអាមេរិក (AFP)
ដោយ:
​ស្ត្រី​ជាម​ន្ត្រី​ទូត​ហ្វីលីពីន​ប្រចាំ​អង្គការសហប្រជាជាតិ (UN) ម្នាក់ បានធ្វើ​តេស្ត​វិជ្ជមាន​សម្រាប់ COVID-19 កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១២ ខែមីនា​។ នេះ​គឺជា​ករណី​ឆ្លង​ដំបូងបង្អស់​ដែល​បាន​រកឃើញ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។

 
​មន្ត្រី​ទូត​ដែល​ឆ្លង COVID-19 នេះ គឺជា​មន្ត្រី​តំណាង​ប្រទេស​ហ្វីលីពីន​ក្នុង​គណៈកម្មាធិការ​កិច្ចការ​ច្បាប់​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ។ នេះ​បើតាម​អគ្គរដ្ឋទូត​ស្តីទី​របស់​ហ្វីលីពីន​ប្រចាំ UN អ្នកស្រី Kira Azucena ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​អ្នកស្រី Azucena គូសបញ្ជាក់​ទៀតថា​៖«​គិត​ត្រឹម​ថ្ងៃនេះ ស្ថាន​បេសកកម្ម​ហ្វីលីពីន (​ប្រចាំ UN) ត្រូវបាន​បិទទ្វារ​មួយរយៈ ហើយ​បុគ្គលិក​ទាំងអស់ ត្រូវ​ណែនាំ​ឲ្យ​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក និង​ទៅរក​ពេទ្យ ប្រសិនបើ​ពួកគេ​មាន​ចេញ​រោគសញ្ញា​»​។ លោក ស្រី សង្កត់ធ្ងន់ថា​៖«​យើង​គិតស្មាន​ទុកជាមុន​ថា យើងទាំងអស់គ្នា​ប្រហែល​ឆ្លង COVID-19»​។​
 
​ក្នុង​ស្ថាន​បេសកកម្ម​ហ្វីលីពីន​ប្រចាំ UN គឺមាន​មន្ត្រី​ទូត​បម្រើ​ការប្រមាណ ១២​នាក់​។ បើតាម​អ្នកស្រី Azucena វត្តមាន​ចុងក្រោយ​របស់​ស្ត្រី​ជាម​ន្ត្រី​ទូត​ដែល​ឆ្លង COVID-19 នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់ UN គឺ​កាលពី​ថ្ងៃ​ចន្ទ ទី​៩ មីនា ដែលមាន​រយៈពេល​១​ម៉ោង​កន្លះ ។ អ្នកស្រី អះអាង​ទៀតថា នៅពេលនោះ​មិនមាន​ចេញ​រោគសញ្ញា​ជំងឺ​អ្វី​ឡើយ​។ 
 
​ស្ត្រី​រូបនេះ បានចេញ​រោគសញ្ញា​ស្រដៀង​ផ្ដាសាយ កាលពី​ថ្ងៃ​អង្គារ​ទី ១០ មីនា ហើយ​បាន​ទៅ​ជួប​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​។ អ្នកស្រី Azucena លើកឡើង​បែបនេះ ដោយ​បន្ថែមថា លទ្ធផល បង្ហាញថា នាង​មាន​កើត​ជំងឺ COVID-19 ២​ថ្ងៃ​បន្ទាប់ពី​ធ្វើតេស្ត​។​
 
​សូមបញ្ជាក់ថា ស្ថាប័ន​ពិភពលោក​ដែលមាន​សមាជិក​១៩៣​ប្រទេស​នេះ បានចាប់ផ្ដើម​ចាត់វិធានការ​បង្ការ COVID-19 នៅ​ទីស្នាក់ការ​កណ្ដាល​នៅ​ក្រុង ញូវយ៉ក ក្នុង​សប្តាហ៍​នេះ​។ តួយ៉ាង សន្និសីទ​រយៈពេល​២​សប្តាហ៍​ស្តីពី​សិទ្ធិ​ស្ត្រី ត្រូវបាន​កាត់់បន្ថយ​ម​ក​ត្រឹម​មួយថ្ងៃ​វិញ ហើយ​សន្និសីទ​ធំៗ​ដែល​គ្រោងទុក​មួយចំនួន​ផ្សេងទៀត ត្រូវបាន​លុបចោល ។ ស្ថាន​បេសកកម្ម UN បានស្នើ​ឲ្យ​កាត​ប់ន្ថយ​បុគ្គលិក​ចេញទៅ​ប្រជុំ ហើយ​យ៉ាងតិច​ពាក់កណ្ដាល​នៃ​បុគ្គលិក UN នៅ​អគារ​នេះ នឹង​ផ្ដើម​ធ្វើការ​ពី​ផ្ទះ​ចាប់ពី​សប្តាហ៍​ក្រោយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com