COVID-19
ជាតិ
COVID-19៖ ក្រសួង​បន្ត​ស្រាវជ្រាវ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​បុរស​កាណាដា និង​បែលហ្ស៊ិក​
14, Mar 2020 , 1:24 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ រូបថត thmeythmey
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។ រូបថត thmeythmey
​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​អះអាងថា អាជ្ញាធរ​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​បុគ្គល​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុរស​ជនជាតិ​កាណាដា និង​បែលហ្ស៊ិក ដែល​ត្រូវបាន​តេស្ត​ឃើញ​វិជ្ជមាន COVID-19 នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២០​។​



​អ្នកនាំពាក្យ​សុខាភិបាល បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​តាម​បណ្តាញ​សង្គម Telegram ថា បុរស​កាណាដា អាយុ​៤៩​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន Canadian International School of Phnom Penh (CIS) សាខា​កោះ​ពេ​ជ្យ រីឯ​បុរស​បែលហ្ស៊ិក អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ​។

​បើតាម​ការបញ្ជា​ក់រប​ស់លោក​ស្រី ឱ វណ្ណឌី​ន និង​ការអះអាង​របស់​សាលា CIS  ផ្ទាល់ អ្នកជំងឺ​កាណាដា មាន​ប្រវត្តិ​ធ្វើដំណើរ​ពី​ប្រទេស​ថៃ ហើយ​មិនបាន​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ណាមួយ​របស់​សាលា ចាប់តាំងពី​ថ្ងៃទី​៦ ខែមីនា មក​។ ក្រៅពី​ការប្រកាស​ផ្អាក​ដំណើរការ​តាម​តម្រូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា CIS បាន​តម្រូវ​ឲ្យ​បុគ្គលិក​របស់ខ្លួន ជាពិសេស​អ្នក​ដែល​ទើប​ធ្វើដំណើរ​ពី​បរទេស ស្នាក់​នៅផ្ទះ​រយៈពេល​១៤​ថ្ងៃ ក្រោយ​វិល​មក​ភ្នំពេញ​វិញ ហើយ​បន្ត​តាមដាន​សុខភាព​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​បញ្ជាក់ថា បុរស​ជនជាតិ​កាណាដា នោះ បាន​ស្នើសុំ​ព្យាបាល​ដាច់ដោយឡែក​នៅផ្ទះ​របស់​ខ្លួន​។ ក្រោយ​ការពិនិត្យ​ល្អិន​ល្អន់ និង​ទីតាំង​ដែល​នៅ​ឆ្ងាយ​ពី​គេ ក្រសួង​បានស្នើ​ធ្វើតាម​ការស្នើសុំ រីឯ​កូន​ពីរ​នាក់​ដែល​ស្ថិតក្រោម​បន្ទុក​របស់គាត់ ក៏ត្រូវ​បាន​យក​សំណាក​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ កម្ពុជា​ផងដែរ​។​ លទ្ធផល​នា​វេាលម៉ោង១២ និង៣០នាទីថ្ងៃទី១៤ ខែមីនានេះ បង្ហាញ​ថា កូនទាំងពីរនាក់នោះ មាន​លទ្ធផល​តេស្តអវិជ្ជមាន។

ចំណែកឯ បុរស​ជនជាតិ​បែលហ្ស៊ិក អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​អង្គការ​អន្តរជាតិ​មួយ ដែលមាន​ប្រវត្តិ​ទើប​ត្រឡប់​មកពី​តំបន់​អឺរ៉ុប​។ អ្នកនាំពាក្យ​មិនបាន​បញ្ជាក់​លម្អិត​ពី​ព័ត៌មាន​អ្នកជំងឺ​នោះឡើយ ដោយ​ផ្អែកលើ​គោលការណ៍​គោរព​ឯកជន​ភាព​។ បច្ចុប្បន្ន បុរស​នោះ សម្រាក​ព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​ករណី​ពីរ​ចុងក្រោយ​នៅ​កម្ពុជា​។

​គួរ​បញ្ជាក់ថា កម្ពុ​ជាមាន​ករណី​ឆ្លង COVID-19 ចំនួន​៧​ហើយ ដោយ​ករណី​ដំបូង​ជា​ជន​ជាតិចិន​អាយុ​៦០​ឆ្នាំ​នៅ​ក្រុងព្រះសីហនុ ដែល​បានជា​សះស្បើយ​។ ករណី​ទី​ពីរ​ជា​បុរស​ខ្មែរ​អាយុ​៣៨​ឆ្នាំ​នៅ​ខេត្តសៀមរាប បាន​ឆ្លង​ពី​ជនជាតិ​ជប៉ុន​ម្នាក់​។ បី​ករណី​កើត​លើ​ជនជាតិ​អង់គ្លេស ក្នុងនោះ​ស្ត្រី​១​នាក់ និង​ប្តី​ប្រពន្ធ​១​គូ ដែល​រកឃើញ​លើ​នាវា​ទេសចរណ៍ Viking Cruise Journey ដែល​មកពី​ក្រុង​ហូជីមិញ ហើយ​សំចត​នៅ​ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​អ្នកជំងឺ​ទាំងបី​សម្រាក​ព្យាបាល​នៅ​ភ្នំពេញ​។ ពីរ​ករណី​ចុងក្រោយ បាន​រកឃើញ​លើ​បុរស​កាណាដា និង​បែលហ្ស៊ិក ម្នាក់ នៅ​រាជធានី​ភ្នំពេញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com