អន្តរជាតិ
អាស៊ាន​រកឃើញ COVID-19 ជិត​៧០០​ករណី សិង្ហ​បុរី​ឆ្លង​២០០​នាក់ ហ្វីលីពីន​ស្លាប់​៦​នាក់​
14, Mar 2020 , 2:38 pm        
រូបភាព
ជំនួបពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន នៅ​ក្រុងវៀងចន្ទន៍ ប្រទេសឡាវ ស្តីពី COVID-19 នាពេលកន្លងមក។ រូបថត AFP
ជំនួបពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន នៅ​ក្រុងវៀងចន្ទន៍ ប្រទេសឡាវ ស្តីពី COVID-19 នាពេលកន្លងមក។ រូបថត AFP
​គិត​ត្រឹម​រសៀល​ថ្ងៃទី​១៤ ខែមីនា ប្រទេស​បណ្តា​សមាជិក​ប្រជាជាតិ​អាស៊ី​-​អាគ្នេយ៍ (​អាស៊ាន​) បាន​រកឃើញ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​(COVID-19) ជា​បន្តបន្ទាប់ លើកលែង​តែឡាវ និង​មី​យ៉ាន់​ម៉ា​។ តាម​របាយការណ៍​រប​ស់ worldometers.info ក្នុងចំណោម​ប្រទេស ៨​របស់​អាស៊ាន សិង្ហ​បុរី និង​ម៉ាឡេស៊ី មាន​ករណី​ឆ្លង​ច្រើនជាងគេ ខណៈ​ចំនួន​ស្លាប់​ដ៏​គួរ​ឲ្យ​កត់សម្គាល់​គឺ​នៅ​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី​។​



​ចំនួន​អ្នក​ឆ្លង​នៅ​ចិន បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បែរជា​កើនឡើង​យ៉ាងគំហុក​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ដូចជា​នៅ​តំបន់​អឺរ៉ុប អាមេរិក តំបន់​មជ្ឈិមបូព៌ា ជាដើម​។ ចំណែក​នៅ​ប៉ែក​ខាង​អាស៊ីអាគ្នេយ៍​វិញ ស្ថានភាព​COVID-19 ក៏​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។

​ឈរ​នៅ​តារាង​ទី​១ នៃ​ប្រទេស​មាន​ករណី​COVID-19 ច្រើនជាងគេ​នៅ​តំបន់​អាស៊ាន សិង្ហ​បុរី បាន​រកឃើញ​ករណី​ឆ្លង​COVID-19 ជា​បន្តបន្ទាប់​។ មកដល់ពេលនេះ សិង្ហ​បុរី​រកឃើញ​អ្នក​ឆ្លង​ចំនួន​១៣​ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​២០០​ករណី និង​សះស្បើយ​៩៧​ករណី​។​

​ម៉ាឡេស៊ី ស្ថិតនៅ​លំដាប់​លេខ​២ ដែលមាន​រហូតដល់​ទៅ​១៩៧​ករណី ខណៈពេល​អ្នកជា​សះស្បើយ​មាន​ចំនួន ៣២​ករណី​។
​នៅ​ថៃ​ឯណោះ​វិញ ក៏​នៅតែ​បន្ត​រកឃើញ​ករណី​ឆ្លង​COVID-19 ផងដែរ​។ មកដល់​ថ្ងៃទី​១៤ ខែមីនា​នេះ ថៃ​បាន​កើនឡើង​រហូតដល់ ៧៥​ករណី អ្នកស្លាប់​១ ករណី និង​អ្នកជា​សះស្បើយ ៣៥​ករណី​។

​ស្ថិតនៅ​តំបន់​ក្បែរ​ខាង​គ្នា ឥណ្ឌូណេស៊ី និង​ហ្វីលីពីន អាច​ចាត់ទុកបាន​ថារ​កមាន​កម្រិតធ្ងន់​ជាង​ប្រទេស​ដទៃ ព្រោះ​មាន​មាន​ករណី​ស្លាប់​ច្រើនជាងគេ​នៅក្នុង​តំបន់ ហើយក៏​រកឃើញ​ករណី​ឆ្លង​ជា​បន្តបន្ទាប់​ផងដែរ​។ មកទល់ពេលនេះ​ឥណ្ឌូណេស៊ី មាន​COVID-19 ចំនួន ៦៩​ករណី ស្លាប់ ៤​ករណី និង​ជាសះស្បើយ ៥​ករណី​។ ចំណែក​នៅ​ហ្វីលីពីន​វិញ មាន​កូ​រ៉ូ​ណាវី​រុស​ចំនួន ៦៤​ករណី អ្នកស្លាប់ ៦​ករណី និង​ជាសះស្បើយ ២​ករណី​។

​សម្រាប់​វៀតណាម ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ​នេះ មិនទាន់​រកឃើញ​ករ​ណី​ថ្មី​នៅឡើយ​ទេ ប៉ុន្តែ​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយនេះ មាន​ករណី COVID-19 សរុប​ចំនួន ៤៤​ករណី និង​ជាសះស្បើយ​១៦​ករណី​។

​ជា​ប្រទេស​ទើប​រកឃើញ​COVID-19 ក្រោយ​គេ ក្នុងចំណោម​៨​ប្រទេស ព្រុយ​ណេ ក៏​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​ថ្មី​នេះដែរ​។ គ្រាន់តែ​ថ្ងៃទី​១៣ ខែមីនា ព្រុយ​ណេ បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន ១២​ករណី​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ចំនួន COVID-19 សរុប​របស់​ព្រុយ​ណេ​កើន​ដល់ ៣៧​ករណី​។

​ចុងក្រោយ​គឺ​កម្ពុជា ដែលមាន​ចំនួន COVID-19 តិចជាងគេ ពោលគឺ​ចំនួន ៧​ករណី និង​អ្នកជា​សះស្បើយ ១​ករណី​។ បើទោះបី​ជាមាន​ករណី​តិច​មែន ប៉ុន្តែ​កម្ពុជា​នៅតែ​បន្ត​ការយកចិត្តទុកដាក់​លើ​បញ្ហា​នេះដែរ​។ ជាក់ស្តែង​រដ្ឋាភិបាល បាន​បិទ​សាលារៀន​នៅ​ភ្នំពេញ និង​សៀមរាប​មួយរយៈ ហាមឃាត់​អ្នកដំណើរ​មកពី​ប្រទេស​មួយចំនួន និង​វិធានការ​ផ្សេងៗ​ទៀត​។

​សរុប​ករណី​ទាំងអស់​នៅក្នុង​តំបន់​អាស៊ាន មាន​ចំនួន ៦៩៣​ករណី ខណៈ​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា នៅតែ​មិនទាន់​រកឃើញ COVID-19 នៅក្នុង​ប្រទេស​៕

Tag:
 អាស៊ាន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com