អន្តរជាតិ
ប្រមុខ UN ជំរុញ​ឲ្យ​ពិភពលោក ប្រកាស «​សង្គ្រាម​ប្រឆាំង COVID-19»
14, Mar 2020 , 9:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។ រូបភាព៖ CGTN
អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres។ រូបភាព៖ CGTN
​ប្រមុខ​អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នា​ថ្ងៃទី​១៣ ខែមីនា បានស្នើ​ឲ្យ​ពិភពលោក ប្រកាសសង្គ្រាម​ប្រឆាំង ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ការប្រកាស​របស់លោក​ប្រមុខ គឺធ្វើឡើង​បន្ទាប់ពី​អង្គការ​សុខភាព​ពិភពលោក (WHO) បានដាក់ COVID-19 ជា​ជំងឺឆ្លង​សកល​។



​បន្ទាប់ពី​ស្ថានភាព COVID-19 កាន់តែ​ធ្លាក់​ដុនដាប ជាពិសេស​នៅ​តំបន់​អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ Antonio Guterres បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ « យើង​ត្រូវតែ​ប្រកាសសង្គ្រាម​ជាមួយ COVID-19»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ CGTN​។

​ក្នុងន័យនេះ លោក​ប្រមុខ​អង្គការ​អន្តរជាតិ ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់ កាន់​តែមាន​ទំនួញ​ខុសត្រូវ​ថែមទៀត​នៅ​ចំពោះមុខ COVID-19 ។ បើតាម​លោក Guterres ប្រទេស​ទាំងអស់ ត្រូវតែ​ត្រៀម  យុទ្ធសាស្ត្រ ការឆ្លើយតប​បន្ទាន់ សមត្ថភាព​នៃ​ការធ្វើ​តេស្ត ការព្យាបាល​អ្នកជំងឺ​ឲ្យ​បាន​រួចរាល់ ដើម្បី​ទប់ស្កាត់​ការរីក​ឆ្លង COVID-19​។

​ក្នុង​ថ្ងៃ​ដដែល  លោក​ប្រមុខ Guterres ក៏បាន​ប្រាប់​បុគ្គលិក​ទាំងអស់ ដែល​ធ្វើការ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ ឲ្យ​ទៅធ្វើ​ការ​នៅផ្ទះ​ផងដែរ ដើម្បី​បញ្ចៀស​ករណី​ឆ្លង និង​ទប់ស្កាត់​ការចម្លង​នៅក្នុង​ស្ថាប័ន​។ ប៉ុន្តែ​បុគ្គលិក​អាចមក​ធ្វើការ​បាន ទាល់​តែមាន​កិច្ច​ការសំខាន់​តែប៉ុណ្ណោះ​សម្រាប់​ពួកគេ​។ ការអនុញ្ញាត​ឲ្យ​បុគ្គលិក​មក​ធ្វើការ​នៅផ្ទះ​បែបនេះ ត្រូវអនុវត្ត​យ៉ាងហោចណាស់​ក៏ ៣​សប្តាហ៍​ដែរ​។

​ចំណាត់ការ​របស់លោក Guterres នេះ ធ្វើឡើង​បន្ទាប់ពី មន្ត្រី​ទូត​ហ្វីលីពីន​ម្នាក់ ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុក​COVID-19 ជា​លើកដំបូង​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញូ​វ យ៉​ក​។​

​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១៤ ខែមីនា COVID-19 បាន​កើនឡើង​រហូតដល់​ជាង ១៤​ម៉ឺន​ករណី និង​បាន​ឆក់យក​ជីវិត​មនុស្ស​ជាង ៥​ពាន់​ករណី​នៅ​ជុំវិញ​ពិភពលោក​។ ចំណែក​អ្នកជា​សះស្បើយ​ពី​ជំងឺ​រលាក​សួត​ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស គឺមាន​ចំនួន​លើសពី ៧​ម៉ឺន​ករណី​៕



Tag:
 UN
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com