COVID-19
អន្តរជាតិ
អ្នកស្រី មឺ​ហ្គែ​ល ថា COVID-19 ជា​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​អាល្លឺម៉ង់​ក្រោយ​សង្គ្រាមលោកលើកទី​២
19, Mar 2020 , 9:59 pm        
រូបភាព
​ដោយ​៖ គយ រតន​បុរិន្ទ​
 
​នៅក្នុង​សន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍ អធិការបតី​អាល្លឺម៉ង អ្នកស្រី អែន​ជេ​ឡា មឺ​ហ្គែ​ល បាន​ថ្លែងថា អាល្លឺម៉ង់ កំពុង​ជួប​បញ្ហា​ប្រឈម​ធំ​បំផុត​តាំងតែ​ពី​សង្គ្រាមលោកលើកទី ២ គឺ​ការប្រយុទ្ធ​នឹង COVID-19​។ អ្នកស្រី​និយាយ​ដូចនេះ ស្រប​ពេលដែល​ករណី​ឆ្លង​ជំងឺ​នេះ បន្ត​កើនឡើង​យ៉ាង​រហ័ស​ក្នុង​ទឹកដី​អាល្លឺម៉ង់​។

 
​អាល្លឺម៉ង់ ជា​ប្រទេសមួយ​ក្នុង​អឺរ៉ុប​ដែល​រងគ្រោះ​ធ្ងន់​ដោយ​ការឆ្លង​របស់ COVID-19  គិត​ត្រឹម​ថ្ងៃ​ពុធ ១៨ មីនា​នេះ​ករណី​ឆ្លង COVID-19 មាន​ជាង​១២០០០​ករណី ដែល​កើនឡើង​ពី ១០០០​ករណី​កាលពី​ប៉ុន្មាន​ថ្ងៃមុន ចំណែកឯ​ការស្លាប់​មាន ចំនួន​២៨ ករណី និង​សះស្បើយ​ជាង​១០០​ករណី​។ មេដឹកនាំ​អាល្លឺម៉ង់ បានចាត់ទុក​ការ​រាតត្បាត​នេះ ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​។ 
 
​នៅក្នុង​សុន្ទរកថា​ដ៏​កម្រ​របស់ខ្លួន អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ន​ឡា មឺ​ហ្គែ​ល បាន​ថ្លែងថា « ស្ថានការណ៍​នេះ​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​យកចិត្តទុកដាក់​។ អ្នកស្រី​បញ្ជាក់​ច្បាស់​ថា​៖ «​តាំងពី​រូប​រួម​ប្រទេស​អាល្លឺម៉ង​មង និង​ក្រោយ​សង្គ្រាមលោកលើកទី​២ ប្រទេស​យើង​មិនដែល​ជួប​បញ្ហា​ប្រឈម​ណា​ដែល​ពឹងផ្អែក​លើ​សា​ម្គី​ភាព​ឡើយ​។  ខ្ញុំ ជឿថា​យើង​នឹង​ជោគជ័យ​ក្នុង​រឿងនេះ ប្រសិនបើ​ពលរដ្ឋ​ម្នាក់ៗ យល់​ពី​ទំនួល​ខុសត្រូវ​រៀងខ្លួន​»​។ 
 
​ក្នុង​បំណង​ពន្យឺត​ការរីក​រាលដាល​នៃ​ជំងឺ រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ និង​រដ្ឋាភិបាល​តំបន់​បានសម្រេច​បិទ​សាលារៀន កន្លែង​ជំនួញ និង​ទីធ្លា​សាធារណៈ ។ បើទោះជា​យ៉ាងនេះ​ក្តី ប្រជាជន​អាល្លឺម៉ង់​នៅ​បន្តសកម្មភាព​របស់គេ​រៀងខ្លួន​ដូចជា​ធ្វើដំណើរ​ទៅខាង​ក្រៅ និង​ចូលរួម​សកម្មភាព​សង្គម​ផ្សេងៗ​។ វិទ្យាស្ថាន​ផ្នែក​សុខភាព​សាធារណៈ Robert Koch បាន​ព្រមាន​ថា ករណី​ឆ្លង​និង​អាច​កើន​ដល់ ១០​លាន​ករណី​ក្នុង​រយៈពេល ២ ទៅ​៣ ខែ​បើសិន​ប្រជាពលរដ្ឋ​មិន​ជៀសវាង​ការប៉ះពាល់​គ្នា​។ 
 
​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ភាព​ស្លន់ស្លោរ  អ្នកស្រី​អធិការបតី​ប​អះអាងថា រដ្ឋាភិបាល​អ្នកស្រី​នឹងធ្វើ​គ្រប់បែបយ៉ាង ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច និង​រក្សា​ការងារ​។ អ្នកស្រី មឺ​ហ្គែ​ល​សន្យា​ទៀតថា បើសិនជា​ទំនិញ​នៅ​ផ្សា​អស់​នៅ​ថ្ងៃ​ណាមួយ ទំនិញ​ទាំងនោះ​នឹងត្រូវ​បំពេញ​វិញ​។ 
 
​ដើម្បី​ត្រៀម​ទប់ទល់​ស្ថានការណ៍​ដែល​អាច​ប្រែ​ទៅជា​យ៉ាប់យ៉ឺន អាល្លឺម៉ង់​បា​នប​ម្លែ​ង​ទីតាំង​ដូច​ជាស​ណ្ធា​គារ មណ្ឌល​កែប្រែ និង​សាល​សាធារណៈ​ទៅជា​កន្លែង​ព្យាបាល​អ្នកជំងឺ​។ ចំណែកឯ​រដ្ឋាភិបាល បាន​បញ្ជា​ទិញ​សម្ភារៈ​ផ្លូវដង្ហើម​រាប់ពាន់​សម្រាប់ ខណៈ​គ្រែពេទ្យ​ដែល​ចំនួន ២៥,០០០ ដែលមាន​ឧបករណ៍​ជំនួយ​ផ្លួ​វ​ដង្ហើម​ត្រូវ​បានរៀបចំ​រួចជាស្រេច​៕ 

Tag:
 COVID-19
  Germany
  អែន​ជេ​ឡា មើ​គែល
© រក្សាសិទ្ធិដោយ thmeythmey.com