COVID-19
អន្តរជាតិ
UN ព្រមាន​ថា មនុស្ស​រាប់លាន​អាច​ស្លាប់ បើ COVID-19 រាលដាល​ដោយ​គ្មាន​ការពិនិត្យ​
20, Mar 2020 , 3:59 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបភាព UN
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបភាព UN
ដោយ:
​មនុស្ស​រាប់លាន​នាក់ អាច​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ជាពិសេស​ក្នុង​បណ្ដា​ប្រទេស​ក្រីក្រ ប្រសិនបើ​ជំងឺ​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​រីក​រាលដាល​ដោយ​គ្មាន​ការត្រួតពិនិត្យ​។ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក Antonio Guterres ព្រមាន​បែបនេះ នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៩ ខែមីនា​។ ប្រមុខ​ដឹកនាំ​អង្គការ​ពិភពលោក​មួយ​នេះ ស្នើសុំ​ឲ្យ​មានការ​ឆ្លើយតប​សាកល​ដែលមាន​ការសម្របសម្រួល​ពី​ប្រទេស​ពាក់ព័ន្ធ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​នេះ​។

 
«​ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​វីរុស​នេះ​រីក​រាលដាល​ប្រៀប​ដូច ភ្លើង​ឆេះ​ព្រៃ ជាពិសេស​ក្នុង​តំបន់​ងាយ​រងគ្រោះ​បំផុត​ក្នុង​ពិភពលោក វា​នឹង​សម្លាប់​មនុស្ស​រាប់លាន​នាក់​»​។ លោក​អគ្គលេខាធិការ Guterres គូសបញ្ជាក់​បែបនេះ ដោយ​បន្ថែមថា​៖«​សាមគ្គីភាព​សាកល មិន​ត្រឹមតែ​ជា​តម្រូវការ​ខាង​សីលធម៌​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ផលប្រយោជន៍​របស់​មនុស្ស​គ្រប់គ្នា​ផងដែរ​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Guterres សង្កត់ធ្ងន់​ពី​ភាពចាំបាច់​នៃ​ការឆ្លើយតប​សាកល​ដែលមាន​ការសម្របសម្រួល​ពី​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​ក្នុង​គោលដៅ​រាំងខ្ទប់​មហន្តរាយ​សុខភាព​មួយ​នេះ ដែល​ឆក់យក​ជីវិត​មនុស្ស​ជាង​៩​ពាន់​នាក់ និង​ឆ្លង​ជាង​២១​ម៉ឺន​នាល់​នៅ​ជុំវិញ​ពិភពលោក​។ 
 
​ត្រង់ចំណុច​នេះ ប្រមុខ​ដឹកនាំ UN វ័យ​៧០​ឆ្នាំ​រូបនេះ លើកឡើងថា ពិភពលោក ត្រូវតែ​ងាក​ចេញពី​ស្ថានភាព​មួយ​ដែល​ប្រទេស​នីមួយៗ​កំពុង​ចាត់​ចំណាត់ការ​សុខាភិបាល​រៀងៗ​ខ្លួន ទៅកាន់ ស្ថានភាព​មួយ​ដែល​ធានា​ឲ្យ​មានការ​ឆ្លើយតប​សាកល​ដែលមាន​លក្ខណៈ​តម្លាភាព​ពេញលេញ​។ លោក​សង្កត់ធ្ងន់​ទៀត ក្នុងនោះ​គឺ​ត្រូវមាន​ការជួយជ្រោមជ្រែង​ដល់​បណ្ដា​ប្រទេស​ដែល​ពុំមាន​ការត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ផងដែរ​។ 
 
​ទន្ទឹមនេះ លោក Guterres ទទូច​ឲ្យ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​ពិភពលោក​ផ្ដល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​កិច្ចប្រឹងប្រែង​ពហុភាគី​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ។ លោក​និយាយ​ដូច្នេះ​ថា​៖«​មហន្តរាយ​សុខភាព​មួយ​នេះ បង្ហាញ​យ៉ាងច្បាស់​ថា យើង​គ្រាន់តែ​ខ្លាំង​ដូច​ប្រព័ន្ធ​សុខភាព​ខ្សោយ​ជាងគេ​ប៉ុណ្ណោះ​» ។ 
 
​ទាក់ទិន​នឹង​ការគាំទ្រ​លើ​សេដ្ឋកិច្ច​សាកល លោក​អគ្គលេខាធិការ Guterres អះអាងថា រដ្ឋាភិបាល​នានា គួរ​យកចិត្តទុកដាក់​លើ​មនុស្ស ឬ​ស្ថាប័ន​ដែល​ងាយ​រងគ្រោះ​បំផុត ដូចជា កម្មករ​មាន​ប្រាក់ចំណូល​ទាប និង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ជាដើម​។ លោក សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​នេះ​អាច​លេច​ឡើងជា​រូបភាព ដូចជា គាំទ្រ​លើ​ប្រាក់​ឈ្នូ​ល​, ការធានារ៉ាប់រង​, ការគាំទ្រ​សង្គម​, បង្ការ​ការ​ក្ស័យ​ធុន និង​បាត់បង់​ការងារ​ជាដើម​»​។ ពាក់ព័ន្ធ​រឿងនេះ លោក Guterres លើកឡើងថា មូលនិធិ​ហិរញ្ញវត្ថុ​អន្តរជាតិ (IMF), ធនាគារពិភពលោក (WB) និង​បណ្ដា​ស្ថាប័ន​អន្តរជាតិ​ផ្សេងទៀត មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​គាំទ្រ​បណ្ដា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ពី COVID-19 ៕

Tag:
 UN
  COVID-19
  Antonio Guterres
© រក្សាសិទ្ធិដោយ thmeythmey.com