COVID-19
អន្តរជាតិ
​ពេទ្យ​អ៊ី​តា​លី​១៣​នាក់​ស្លាប់ និង​ជាង​២៦០០​នាក់​ឆ្លង ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​ពី COVID-19
20, Mar 2020 , 5:01 pm        
រូបភាព
ដោយ:
​គិត​ត្រឹម​ថ្ងៃ​២០ ខែមីនា គ្រូពេទ្យ​អ៊ីតាលី​សរុប​ចំនួន ១៣​នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 ។ យ៉ាងតិចណាស់​បុគ្គលិក​សុខាភិបាល​ចំនួន ២៦២៩​នាក់ បាន​ឆ្លង​វីរុស ដែល​ផ្ទុះឡើង​ដំបូង​ក្នុងប្រទេស​ចិន​នេះ​។

 
​ក្នុងចំណោម​គ្រូពេទ្យ​ទាំង​១៣​នាក់ គ្រូពេទ្យ​អ៊ីតាលី​ម្នាក់​ដែល​បាន​ស្លាប់ ឈ្មោះថា Marcello Natali ធ្លាប់បាន​ប្រាប់​សារព័ត៌មាន Euronews ថា លោក​បានធ្វើការ​ប្រចាំថ្ងៃ​ដោយ​គ្មាន​ស្រោមដៃ​ការពារ ដ្បិតថា​មន្ទីរពេទ្យ​លោក​ខ្វះខាត​សម្ភារ​សុខភាព​។ 
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​សុខភាព​មួយ​ឈ្មោះ Gimbe Health Foundation បុគ្គលិក​សុខាភិបាល​ទាំងអស់​ដែល​បាន​ឆ្លង COVID-19 គឺ​ស្មើនឹង ៨,៣​ភាគរយ​នៃ​ករណី​ឆ្លង​សរុប​របស់​ប្រទេស​អ៊ីតាលី​។ 
 
​ម្យ៉ាងវិញទៀត វា​មានការ​លើកឡើង​ពី​កង្វល់​កាន់តែច្រើន​ពាក់ព័ន្ធ​សុវត្ថិភាព​របស់​បុគ្គលិក​សុខាភិបាល​ជួរមុខ​ដែល​តម្រូវ​ឲ្យ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ COVID-19​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP មូលនិធិ​សុខភាព​ដដែល សង្កត់ធ្ងន់ថា តួលេខ​ឆ្លង​ដ៏​ច្រើនសន្ធឹក​បែបនេះ​លើ​បុគ្គលិក​សុខាភិបាល ឆ្លុះ​បង្ហាញថា សម្ភារ​ការពារ និង​នីតិវិធី​សម្រាប់​គ្រូពេទ្យ គឺ​នៅ​មិនទាន់​គ្រប់គ្រាន់​។ 
 
​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​មួយ ប្រធាន​មូលនិធិ​សុខភាព Gimbe លោក Nino Cartabellotta អះអាងថា បញ្ហា​នេះ គឺ​អាក្រក់​ខ្លាំង​ជាង​ក្នុងប្រទេស​ចិន​ទៅទៀត ខណៈ​ភាគរយ​នៃ​បុគ្គលិក​សុខាភិបាល​អ៊ីតាលី​មាន​ចំនួន​២​ដង បើ​ធៀប​នឹង​ប្រទេស​ចិន​។​
 
​យោងតាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​អ៊ីតាលី ចំនួន​បុគ្គលិក​សុខាភិបាល​ដែល​ឆ្លង COVID-19 បាន​កើនឡើង​ជាង​១៥០០​នាក់ ក្នុងពេល​ត្រឹម​៨​ថ្ងៃ​ចុង​ក្រោយនេះ​។ របាយការណ៍​នេះដែរ បានចេញ​ផ្សាយ​ក្រោយ​អ្នកស្លាប់​នៅ​ប្រទេស​អ៊ីតាលី​ដោយសារ COVID-19 បាន​កើន​លើស​ប្រទេស​ចិន ជាមួយ​តួលេខ​សរុប ៣៤០៥​នាក់ ខណៈ​ចិន មាន​៣២៤៥​នាក់​៕



Tag:
 អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com