ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ុក បូរ​ក្ស ៖«​ភាពយន្ត ជួយ​ឱ្យមាន​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​»
22, Mar 2020 , 12:59 pm        
រូបភាព
 រូប​ពី​CIFF
រូប​ពី​CIFF
​ភ្នំពេញ​៖ «​តាម​ការស្រាវជ្រាវ​នៅក្នុង​ប្រទេសមួយ​ចំនួន​ឃើញថា អ្នកទេសចរ បានកំណត់​គោលដៅ​ទេសចរណ៍​របស់ខ្លួន ដើម្បី​ទៅ​ទស្សនា​នៅ​កន្លែង​ណាមួយ តាមរយៈ​ការមើល​ភាពយន្ត​ហ្នឹងហើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​មហោស្រព​ភាពយន្ត​អន្តរជាតិ កាលពីពេល​កន្លងទៅ​។​


 
​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ប៉ុក បូរ​ក្ស បាន​លើកឡើងថា តាម​ការសិក្សា​ស្រាវជ្រាវ ប្រជាជន​អង់គ្លេស ប្រមាណ​ជា​៨០​ភាគរយ​បានកំណត់​គោលដៅ​ទេសចរណ៍​របស់ខ្លួន តាមរយៈ​ការ​ទស្សនា​ខ្សែភាពយន្ត​។ ហើយ​ប្រជាជន​បារាំង ប្រមាណ​ជាជាង​៧០​ភាគរយ ក៏បាន​កំណត់​គោលដៅ​ទេសចរណ៍​ក្នុងស្រុក ក្រោយពី​បាន​ទស្សនា​ភាពយន្ត​ផងដែរ​។

សូម​ស្ដាប់​សំឡេង​របស់លោក ប៉ុក បូរ​ក្ស ដូចតទៅ​៖



 

 លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

​លោក ប៉ុក បូរ​ក្ស ពន្យល់​ដូច្នេះ​៖«​ជា​ទិន្នន័យ​ដែល​យើង​ធ្វើការ​ស្រាវជ្រាវ យើង​ឃើញថា នៅ​ប្រទេស​មួយចំនួន គេ​កំណត់​គោលដៅ​ទេសចរណ៍ តាមរយៈ​ការមើល​ភាពយន្ត​នេះឯង​។ បើ​នៅ​ប្រទេស​អង់គ្លេស ប្រជាជន​គេ​ប្រហែលជា​៨០​ភាគរយ បានកំណត់​គោលដៅ​ទេសចរណ៍​ក្រោយពី​មើល​ភាពយន្ត​។ នៅ​ប្រទេស​បារាំង ទេសចរណ៍​ទៅ​ទស្សនកិច្ច​នៅ ទួ​អេ​ហ្វេ​ល គឺមាន​រហូត​ទៅដល់​ជាង​៧០​ភាគរយ ក្រោយពី​បាន​មើល​កុន ហើយ​គាត់​សម្រេច​ទៅលេង​នៅ​ទីនោះ​។ ដូច្នេះ​នេះហើយ​ជា​អត្ថប្រយោជន៍​របស់​ភាព​យន្ត​»​។​
 
​ជាមួយគ្នានេះ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ រូបនេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា   ផលិតករ​ភាពយន្ត​កម្ពុជា អាចមាន​ឱកាស​ច្រើន​ក្នុងការ​ស្វែងរក​ដៃគូ​ស​ហ​ការផលិត​ភាពយន្ត​ជាមួយ​ផលិតករ​បរទេស​កាន់​តែ​ច្រើន ក្នុងឱកាស​មហោស្រព​ភាពយន្ត​អន្តរជាតិ​ផងដែរ​។

នេះ​ជា​សំឡេង​របស់លោក ប៉ុក បូរ​ក្ស​៖



 
«​នៅពេលដែល​ផលិតករ​យើង​បាន​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ ជា​ឱកាស​មួយ​នាំឱ្យ​គាត់​ចាប់យក​ដៃគូ​វិនិយោគ​រួមគ្នា ជាមួយ​ផលិតករ​ភាពយន្ត​បរទេស​។ មកដល់ពេលនេះ​យើង​ឃើញ​មាន​ផលិករ​របស់​យើង​ធំៗ​មួយចំនួន បាន​ចាប់ដៃ​គួ​ជាមួយ​ផលិតករ​នៅក្រៅ​ប្រទេស នៅក្នុង​តំបន់​អាស៊ាន​ក្ដី នៅក្នុង​តំបន់​អ៊ឺរ៉ុប​ក្ដី​ក្នុង​ការផលិត​ភាពយន្ត​។ នេះ​ជា​ឱកាស​មួយ នៅពេលដែល​គាត់​សហការគ្នា​ផលិត បានន័យថា​ផលិតផល​របស់គាត់​ហ្នឹង នឹងមាន​សញ្ជាតិ​២ ឬក៏​មាន​សញ្ជាតិ​ច្រើន​។ 
 
​ឧទាហរណ៍​ថា បើ​យើង​សហការ​ជាមួយ​បារាំង បានន័យថា​ផលិតផល​របស់​យើង​ហ្នឹង ក្លាយជា​ភាពយន្ត​របស់​ខ្មែរ​ផង របស់​បារាំង​ផង​។ ហើយ​បើជា​ភាពយន្ត​របស់​បារាំង បានន័យថា​វា​អាច​ចូលក្នុង​ទីផ្សារ​អ៊ឺរ៉ុប​បាន​ទាំងអស់​។ ឥឡូវ​យើង​ឃើញ​មាន​ផលិតករ​របស់​យើង សហការ​ជាមួយ​បរទេស ដូចជា​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា នេះ​ជា​ឱកាស​មួយទៀត​ក្នុងការ​ពង្រីក​ទីផ្សារ​របស់​យើង​នៅក្រៅ​ប្រទេស​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ប៉ុក បូរ​ក្ស​។ 
 
​ចំណែក​លោក Cedric ELOY ប្រធាន​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ក៏បាន​សង្កេតឃើញ​ដែរ​ថា នាពេល​បច្ចុប្បន្ន​ផលិករ​កម្ពុជា បាន​ប្រឹងប្រែង​ផលិត​ភាពយន្ត​របស់ខ្លួន ឱ្យមាន​គុណភាព​ខ្ពស់ ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​អន្តរជាតិ​បាន បើទោះជា​ការប្រឹងប្រែង​នេះ ស្ថិតក្នុង​ភាព​ប្រថុយប្រថាន​ក្ដី​។ 


លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (ឈរ​ខាងឆ្វេង​ដៃ)​​ 
 
​សូម​ស្ដាប់​សម្ដី​របស់លោក Cedric ELOY តាមរយៈ​អ្នកបកប្រែ​៖



 
​តាមរយៈ​អ្នកបកប្រែ លោក Cedric ELOY បញ្ជាក់​ដូច្នេះ​៖«​ឃើញថា​សមិទ្ធិ​ករ​យើង​មួយចំនួន​នៅពេល​បច្ចុប្បន្ន​ហ៊ាន​ប្រថុយប្រថាន ក្នុងការ​បង្កើន​គុណភាព​ភាពយន្ត​របស់ខ្លួន​ដល់​ទៅ​កម្រិត​អន្តរជាតិ​។ យើង​ដឹង​ហើយ​កាលណា​ធ្វើឱ្យមាន​គុណភាព​ខ្ពស់ តម្លៃ​ក៏​កាន់តែ​កើន​ដែរ ដូច្នេះ​គាត់​ព្យាយាម​អភិវឌ្ឍន៍​ខ្លួន​គាត់ ឱ្យដល់​កម្រិត​អន្តរជាតិ​បាន​។ អ៊ីចឹង​សូម​អស់លោក លោកស្រី មេត្តា​ចូលរួម​គាំទ្រ​ភាពយន្ត​ខ្មែរ ធ្វើយ៉ាងណា​ឱ្យ​កុន​ខ្មែរ​ប្រមូលបាន​ថវិកា​ទាំងអស់​ហ្នឹង យកមក​ជួយ​ផលិតកម្ម​របស់គាត់ ដើម្បី​បង្កើន​គុណភាព​ឱ្យ​កាន់តែ​ខ្ពស់​ថែមទៀត​»​។
​តាម​ការសង្កេត​ជារួម​ទៅលើ​វិស័យ​ភាពយន្ត ដែលជា​សិល្បៈ​សកល​នេះ ភាពយន្ត​មានគុណ​តម្លៃ​ជាច្រើន ដូចជា​វា​អាចជួយ​អភិវឌ្ឍន៍​សង្គម ជួយ​អប់រំ​មនុស្ស ជួយ​ជីវភាព​ប្រជាជន​ក្នុង​តំបន់ ក៏ដូចជា​ជួយ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​ដែល​រស់នៅក្នុង​ប្រទេស​ឬ​តំបន់​ផ្សេងគ្នា​ជាដើម​។ ជាង​នោះ​ទៅទៀត ភាពយន្ត​ក៏មាន​តួនាទី​ក្នុងការ​ស្វែងរក​សន្តិភាព សម្រាប់​ពិភពលោក​ទាំងមូល​ផងដែរ​៕ 

Tag:
 ភាពយន្ត​
  សិល្បៈ​
  មហោស្រព​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com