COVID-19
អន្តរជាតិ
បារាំង ដាក់ពិន័យ​ខ្លាំង​ជាង​មុន​ចំពោះ​អ្នក​ល្មើសបទបញ្ជា​បិទ​ប្រទេស
23, Mar 2020 , 11:19 pm        
រូបភាព
រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Olivier Veran (AFP)
រដ្ឋមន្ត្រីសុខាភិបាលបារាំង លោក Olivier Veran (AFP)
ដោយ:
​សមាជិកសភា​បារាំង បានអនុម័ត​វិធានការ​ដាក់ពិន័យ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​លើ​អ្នក​ដែល​ល្មើសបទបញ្ជា​បិទ​ប្រទេស ខណៈ​ករណី​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 បន្ត​កើនឡើង នៅ​ថ្ងៃអាទិត្យ ២២ ខែមីនា​។ ក្នុងនោះ​ចំណោម​ជនរងគ្រោះ​ទាំងនោះ ក៏មាន​វេជ្ជបណ្ឌិត​បារាំង​ម្នាក់​ផងដែរ​។

 
សម្រាប់​អ្នក​ដែល​ចាប់បាន​ថា​ល្មើសបទបញ្ជា​បិទ​ប្រទេស លើកលែងតែ​ការធ្វើដំណើរ​ចាំបាច់​, ទិញ​អ៊ី​វ៉ាន់​ចាំបាច់ និង​ម្ហូបអាហារ ជាដើម នឹង​ប្រឈមមុខ​ពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន​។ នោះ​គឺ​ការបង់ប្រាក់​ពិន័យ​ចាប់ពី ១៤៤​ដុល្លារ ទៅ​៣៩៦០​ដុល្លារ និង​ការជាប់គុក​៦​ខែ សម្រាប់​ការប្រព្រឹត្ត​បទល្មើស​ដដែលៗ​។ ពិន័យ​ទាំងនេះ ស្ថិតក្រោម​ច្បាប់​អាសន្ន​សុខាភិបាល ដែល​អនុម័ត​ដោយ​សមាជិកសភា​បារាំង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ប្រតិកម្ម​នឹង​ព័ត៌មាន​ទាក់ទិន​ការស្លាប់​របស់​វេជ្ជបណ្ឌិត​បារាំង​ម្នាក់​នោះ រដ្ឋមន្ត្រី​សុខាភិបាល​បារាំង លោក Olivier Veran បានបង្ហាញ​ការដឹងគុណ​ចំពោះ​បុគ្គលិក​សុខាភិបាល​ទាំងអស់​ដែល​កំពុង​ឈរ​ជួរមុខ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សាកល​នេះ​។ ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី ក៏​ទទូច​ឲ្យ​បណ្ដា​អាជីវកម្ម​ផ្សេងទៀត​ដែលមាន​សារសំខាន់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ បន្ត​ដំណើរការ​។ 
 
«​ក្រុមគ្រូពេទ្យ កំពុង​ធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​យើង​»​។ លោក​រដ្ឋមន្ត្រី Veran សង្កត់ធ្ងន់​បែបនេះ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក LCI ។ បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បារាំង គ្រូពេទ្យ​ដែល​បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃអាទិត្យ​នោះ គឺជា​គ្រូពេទ្យ​ជំនាញ​ផ្នែក​សង្គ្រោះបន្ទាន់ នៅ​សាកលវិទ្យាល័យ​ពេទ្យ​មួយ​ក្នុង​ក្រុង Cimpiegne ៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​បារី​ស​។ នៅ​មន្ទីរពេទ្យ​នេះ បុគ្គលិក​សុខាភិបាល​ប៉ុន្មាន​នាក់​ទៀត ក៏មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ផងដែរ​។ 
 
​សូមបញ្ជាក់ថា អ្នកស្លាប់​សរុប​ដោយសារ COVID-19 នៅ​ប្រទេស​បារាំង បាន​ឡើងដល់ ៦៧៤​នាក់​ហើយ ក្រោយពី​រកឃើញ ១១២​នាក់​ថ្មី កាលពី​ថ្ងៃអាទិត្យ​។ ចំណែក​ករណី​ឆ្លង​សរុប រកឃើញ ១៦០១៨​ករណី ខណៈ​ជាសះស្បើយ​មាន​២២០០​នាក់​៕

Tag:
 បារាំង​
  COVID-19
  Lockdown
© រក្សាសិទ្ធិដោយ thmeythmey.com