COVID-19
អន្តរជាតិ
ប្រធានាធិបតី​ប្រេ​ស៊ី​ល ចោទ​រដ្ឋមន្ត្រី​សុខាភិបាល​និយាយ​បំផ្លើស​រឿង​ប្រព័ន្ធ​សុខាភិបាល​ខ្សោយ​
24, Mar 2020 , 7:59 am        
រូបភាព
ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro (កណ្ដាល), រដ្ឋមន្ត្រីសុខាភិបាល Luiz Henrique Mandetta (ស្តាំ) និងរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រេស៊ីល Paulo Guedes នៅសន្និសីទព័ត៌មានមួយ កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២០ (Reuters)
ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro (កណ្ដាល), រដ្ឋមន្ត្រីសុខាភិបាល Luiz Henrique Mandetta (ស្តាំ) និងរដ្ឋមន្ត្រីសេដ្ឋកិច្ចប្រេស៊ីល Paulo Guedes នៅសន្និសីទព័ត៌មានមួយ កាលពីថ្ងៃ១៨ ខែមីនា ឆ្នាំ២០២០ (Reuters)
ដោយ:
​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក  Jair Bolsonaro បាន​ច្រាន​ចោលការ​អះអាងថា ប្រព័ន្ធ​សុខាភិបាល​ប្រទេស​លោក នឹង​ដួលរលំ​នា​ខែក្រោយ ។ ការលើកឡើង​របស់​មេ​ដឹកនាំ​ក្នុងប្រទេស​អាមេរិក​ខាងត្បូង​រូបនេះ គឺ​ផ្ទុយ​នឹង​រដ្ឋមន្ត្រី​សុខាភិបាល​លោក ខណៈ​ចំនួន​អ្នកស្លាប់​ហក់​ឡើង​ជិត​ទ្វេដង ហើយ​ករណី​ឆ្លង​ឡើង​ហួស​១៥០០​នាក់​ហើយ​នោះ​។


​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល កាលពី​យប់​ថ្ងៃ​សៅរ៍​ទី ២១ ខែមីនា លោក​ប្រធានាធិបតី Jair Bolsonaro លើកឡើងថា​៖«​ខ្ញុំ​គិតថា លោក Mandetta បាន​និយាយ​បំផ្លើស​»​។ លោក Bolsonaro និយាយ​សំដៅ​រដ្ឋមន្ត្រី​សុខាភិបាល​ប្រេ​ស៊ី​ល លោក Luiz Henrique Mandetta ដែល​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​និយាយថា ប្រព័ន្ធ​សុខាភិបាល​ដ៏​ពុកផុយ​របស់​ប្រេ​ស៊ី​ល នឹង​ដួលរលំ ដោយសារ​ទម្ងន់​នៃ COVID-19 ត្រឹម​ដំណាច់​ខែមេសា​ខាងមុខ​។ 
 
​ទាក់ទិន​នឹង​សម្ដី​នេះ លោក Bolsonaro អះអាងថា ពាក្យ​ថា «​ដួលរលំ​» គឺជា​ជម្រើស​ខុស​នៃ​ការប្រើ​ពាក្យ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​អ្វីដែល​យើង​កំពុង​ធ្វើ​គឺ​កាត់បន្ថយ​ការឆ្លង​។ ខ្ញុំ​មិន​ជឿថា ប្រព័ន្ធ​សុខាភិបាល​លោក​នឹង​ដួលរលំ​ឡើយ​»​។ 
 
​ម្យ៉ាងវិញទៀត លោក​ប្រធានាធិបតី​រូបនេះ តាមរយៈ​បណ្ដាញ​សង្គម Twitter បាន​សរសេរ​ទៀតថា រដ្ឋាភិបាល​លោក កំពុងផ្ដល់​ប្រដាប់​ធ្វើតេស្ត COVID-19 សម្រាប់​មនុស្ស​ប្រមាណ​១០​លាន​នាក់​ទៀត ដែល​ពាក់កណ្ដាល​ត្រូវ​បានផ្ដល់​រួចរាល់​នៅតាម​មន្ទីរពេទ្យ​នានា​ក្នុង​ខែ​នេះ​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន រដ្ឋ Sao Paulo ដែលជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត និង​មាន បំផុត​របស់​ប្រទេស​ប្រេ​ស៊ី​ល កាលពី​ថ្ងៃ​សៅរ៍ បានប្រកាសថា  បទបញ្ជា​ដាក់​ប្រទេស​ទាំងមូល​ឲ្យ​នៅ​ដាច់ដោយឡែក នឹង​ចូល​ជា​ធរមាន នា​ថ្ងៃ​អង្គារ ទី​២៤ ខែមីនា​។ ចំណាត់ការ​នេះ នឹងត្រូវ​អនុវត្ត​រហូត​ថ្ងៃទី​៧ ខែមេសា​ខាងមុខ ដោយ​បិទ​រាល់​ការដើរ​ហើរ សេវាកម្ម និង​អាជីវកម្ម​មិនចាំបាច់​មួយចំនួន​។ 
 
​សូមបញ្ជាក់ថា តួលេខ​ចុងក្រោយ​របស់​ក្រសួងសុខាភិបាល​ប្រេ​ស៊ី​ល នៅ​ថ្ងៃអាទិត្យ ២២ ខែមីនា បាន​បង្ហាញថា អ្នកស្លាប់​ដោយសារ COVID-19 នៅ​ប្រេ​ស៊ី​ល បាន​ឡើងដល់​២៥​នាក់ ខណៈ​អ្នក​ឆ្លង​សរុប​ឡើងដល់ ១៥៤៦​នាក់ ក្រោយពី​រកឃើញ​ជាង​៤០០​ករណី​ថ្មី​៕

Tag:
 ប្រេ​ស៊ី​ល​
  Jair Bolsonaro
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com