COVID-19
អន្តរជាតិ
COVID-19៖ រដ្ឋាភិបាល​ជប៉ុន​ថា មិនទាន់​ចាំបាច់​ដាក់​ប្រទេស​ក្នុង​អាសន្ន​ឡើយ​
27, Mar 2020 , 5:23 pm        
រូបភាព
ដោយ:
​ដោយ​៖ គយ រតន​បុរិន្ទ​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី ២៧ មីនា​នេះ បាន​និយាយថា នៅពេលនេះ​ពុំទាន់​ចាំបាច់ ក្នុងការ​ប្រកាស​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ឡើយ​។ ការលើកឡើង​បែបនេះ​បន្ទាប់ពី​លោក ស៊ិន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ហៅ ជំងឺ COVID-19 ជា​« វិបត្តិ​ជាតិ​» បន្ទាប់ពី​ចំនួន​អ្នក​ចំនួន​អ្នក​ឆ្លង​មានការ​កើនឡើង​យ៉ាងគំហុក នៅ​ទីក្រុង​តូ​ក្យូ ។ 
 
​តាមរយៈ​សន្និសីទ​សារ​ព័​ត៍​មាន​ប្រចាំថ្ងៃ លោក Yoshihide Suga អ្នកនាំពាក្យ​និង​ជា​ប្រធាន​ខុទ្ទកាល័យ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ដំណាក់កាល​នេះ ពុំទាន់​ជា​ស្ថានការណ៍​ដែល​គេ​ត្រូវដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​ឡើយ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័​ត៍​មាន Reuters ។ 
 
 
​ការប្រកាសអាសន្ន​ថ្នាក់ជាតិ ត្រូវ​ជឿថា ជា​ជម្រើស​មួយ​ដើម្បី​បើកផ្លូវ​ឲ្យ​រដ្ឋាភិបាល​មានអំណាច​កាន់តែ​ទូលាយ​ក្នុងការ​ដោះស្រាយ​វិបត្តិ COVID-19​។ ការបង្កើត​ក្រុមការងារ​ថ្មី​មួយ របស់លោក​នាយករដ្ឋមន្ត្រី ស៊ិន​ហ្សូ អា​បេ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ត្រូវបាន​គេ​ចាត់ទុកថា​ជា​ដំណាក់កាល​ដំបូង​ដើម្បី​ប្រកាស​ដាក់​ប្រទេស​ក្នុង​អាសន្ន​។ យ៉ាងណាមិញ ស្ថានភាព​នៅ​ជប៉ុន​ហាក់​ធូរស្រាល​បន្តិច ដោយ​ការ​មានការ​លើក​ការប្រកាសអាសន្ន​នៅ​តំបន់​មួយចំនួន​។ 
 
​ចាប់​តាំងតែ​ពី​មានការ​ផ្ទុះ​ជំងឺ COVID-19 មក​រដ្ឋាភិបាល​ជ​ប៉ុនា​បាន​ចាត់វិធានការ​ដូចជា​បិទ​សាលារៀន ស្នើ​កុំ​ឲ្យ​មានការ​ជួបជុំ​ជា​សាធារណៈ និង​ការ​សម្រាក​នៅផ្ទះ​នៅ​ចុង​សប្តាហ៍​។​
 
​គូរ​បញ្ជាក់​ផងដែរ​ថា គណៈរដ្ឋមន្ត្រី​ជប៉ុន​បានអនុម័ត សេចក្តីព្រៀងច្បាប់​ដើម្បី​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​តាំងតែ​ពីថ្ងៃ​១០ មីនា​មកម្ល៉េះ​។  គិត​មកដល់ពេលនេះ ចំនួន​អ្នក​ឆ្លង​មាន​ចំនួន ១,៣៨៧ ក្នុងនោះ​មាន​ករណី​ស្លាប់មាន​ចំនួន ៤៧ និង​ករណី​ជាសះស្បើយ​មាន​ចំនួន​៣៥៩ ករណី​៕

© រក្សាសិទ្ធិដោយ thmeythmey.com