COVID-19
ជាតិ
នយោបាយជាតិ
កម្ពុជា នឹងពិភាក្សាលើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន នៅថ្ងៃទី៣១ មីនា
× រដ្ឋាភិបាល នឹងចាប់ផ្ដើមពិភាក្សារៀបចំសេចក្តីព្រាងច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន តាមរយៈកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី៣១ មីនា។ ហើយសេចក្តីព្រាងច្បាប់ និងត្រូវដាក់ចូលក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យ នៅថ្ងៃទី៣ មេសា មុននឹងបន្តសុំការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភា ហើយនឹងសុំឡាយព្រះហស្ថពីព្រះមហាក្សត្រ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន នៅក្នុងសន្និសីទកាសែត នៅរដ្ឋសភា នាព្រឹកថ្ងៃទី៣០ មីនា។
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា មាត្រា២២នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងពីការដាក់ប្រទេសក្នុងគ្រាអាសន្ន ប៉ុន្តែមិនបានចែងពីការគ្រប់គ្រងស្ថានភាពឡើយ ទើបតម្រូវឱ្យរដ្ឋាភិបាលសម្រេចបង្កើតច្បាប់ ដើម្បីងាយស្រួលគ្រប់គ្រង។ «មិនទាន់មានច្បាប់ណា ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ ប៉ុន្តែចង់មិនចង់ ច្បាប់មួយត្រូវបង្កើតឡើង ដើម្បីឱ្យផ្ដល់ភាពងាយស្រួលក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្ន បានដោយរលូន»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន។
សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖
សម្ដេច ហ៊ុន សែន ក៏អំពាវនាវឱ្យពលរដ្ឋ កុំព្រួយបារម្ភចំពោះច្បាប់នេះដែរ ព្រោះសម្ដេចគ្រាន់តែចង់បង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ននេះ ដើម្បីឱ្យមាននៅក្នុងដៃប៉ុណ្ណោះ ហើយក៏មិនច្បាស់ថា នឹងត្រូវអនុវត្តភ្លាមៗដែរ បើសិនជាស្ថានការណ៍ជំងឺCOVID-19 នៅក្នុងប្រទេសមិនទាន់ដល់កម្រិតធ្ងន់ធ្ងរ។
«ខ្ញុំមិនដែលធ្លាប់គិតថា នឹងត្រូវធ្វើច្បាប់បែបនេះនោះទេ…»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ដែលបានបន្ថែមថា ការធ្វើច្បាប់នេះឡើង ដោយសារសភាពការណ៍បង្ខំ។
រដ្ឋាភិបាលមិនទាន់ហាមឃាត់ពលរដ្ឋ មិនឱ្យជួបជុំលើសពី៣នាក់ ឬច្រើននាក់ ដូចប្រទេសដទៃនោះទេ ប៉ុន្តែពលរដ្ឋក៏ត្រូវត្រៀមចិត្តដែរ បើសិនជាជំងឺCOVID-19 បន្តរីករាលដាល ដល់ដំណាក់កាលធ្ងន់ធ្ងរ។«សម្រាប់ខ្ញុំចង់ឱ្យពលរដ្ឋ បន្តសេដ្ឋកិច្ចខ្លួន ដោយការប្រុងប្រយ័ត្ន»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន។
© រក្សាសិទ្ធិដោយ thmeythmey.com